ក្រុមហ៊ុន​ផលិត​ទឹកត្រី​ដ៏ឈ្ងុយឆ្ងាញ់​ដែលមាន​ប្រភពពី​ខេត្តកំពត​របស់​គ្រួសារ​ត្រកូល ចាន់ ដែល​ទទួល​បាន​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​កំពុង​មាន​វត្តមាន​នៅលើ​ទីផ្សារ​ធំៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ ។

អំបិល និង​ត្រី​ស្រស់ៗ​ដែល​សុទ្ធសឹង​ដែ​មាន​ប្រភព​មកពី​ខេត្តកំពត​រួមផ្សំ​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ និង​បច្ចេកទេស​ខ្ពស់​ផងដែរ​នោះ ទឹកត្រី​ដែល​មាន​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​នេះ​ត្រូវបាន​ផលិតឡើង​ ខណៈ​ទឹកត្រី​គឺជា​គ្រឿងផ្សំ​សម្រាប់​ធ្វើ​ម្ហូប​ខ្មែរ​ដ៏សំខាន់​។


គ្រួសារ​ដែល​បាន​បង្កើត​ក្រុមហ៊ុន ទឹកត្រី ង៉ូវ ហេង កំពត តាំងពី​ឆ្នាំ​ ១៩៩៥ ពីដំបូង​ពួកគាត់​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយ​មិនទាន់មាន​ម៉ាស៊ីន​ទំនើបៗ​សម្រាប់​ផលិត​នៅឡើយ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដើម្បី​ផលិត​ទឹកត្រី​បាន​ប្រមាណ​ ១០០០ ​លីត្រ​ក្នុង​ ១ ​ខែ ដើម្បី​លក់​នៅក្នុង​ខេត្ត​ ឬ​តំបន់​ជិតៗ​។

បច្ចុប្បន្ន​អាជីវកម្ម​មួយ​នេះ​បាន​ប្រែក្លាយ​ទៅជា​សហគ្រាស​លក្ខណៈ​ (SME) ដ៏លេចធ្លោ​មួយ​ដែល​មាន​បុគ្គលិក​ប្រមាណ​ ៥០ ​នាក់ និង​ផលិត​ទឹកត្រី​បាន​ប្រមាណ​ ១០ ០០០ ​លីត្រ​ក្នុង​ ១ ​ថ្ងៃ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​នាំចូល​ពី​បរទេស​ទំនើបៗ ដើម្បី​កែច្នៃ​ផលិតផល​របស់ខ្លួន​ឲ្យ​កាន់​តែ​មាន​គុណភាព និង ចែកចាយ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។


លោក សុជាតិ​៖ យើង​ផ្តោត​សំខាន់​លើ​គុណភាព​ និង​សុខភាព​អ្នកប្រើប្រាស់​។


ដោយ​ការយកចិត្ត​ទុកដាក់​ខ្ពស់​ទាំង​ការផលិត​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​រាល់​វត្ថុធាតុដើម​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាងល្អិតល្អន់​ដែល​ត្រូវយក តែ​ត្រី​ការ​កើម​សមុទ្រ​ស្រស់​សុទ្ធសាធ​ ១០០ ​ភាគរយ និង​អំបិល​ដែល​ផលិត​ក្នុង​ខេត្ត​កំពត​តែប៉ុណ្ណោះ​ដែល​ជា​វត្ថុធាតុដើម​សំខាន់​សម្រាប់​ផលិត​ទឹកត្រី ង៉ូវ ហេង កំពត ។ នេះ​គឺជា​សក្ខីកម្ម​មួយទៀត​ដែល​ក្រុមហ៊ុន​បង្កើតឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ​បាននិង​កំពុង​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ​។ ក្រុមហ៊ុន​ផលិត​ទឹកត្រី ង៉ូវ ហេង កំពត បាន​ និង​កំពុង​ជួយ​លើកកម្ពស់​អត្តសញ្ញាណ​ខ្មែរ​បង្កើត​ការងារ​ដល់​សហគមន៍​ជនបទ និង​ជួយ​ដល់​សេដ្ឋកិច្ច​ជនបទ និង​ជួយ​ដល់​កសិករ​នៅ​ខេត្តកំពត​មួយផ្នែក​តាមរយៈ​ការទិញ​វត្ថុធាតុដើម​។

ក្រុមហ៊ុន​ដែលមាន​រោងចក្រ​នៅ​ភូមិ​តាអង្គ សង្កាត់​ត្រើយកោះ ក្រុង​ខេត្តកំពត​នេះ ផលិត​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា​ទឹកត្រី ទឹក​ស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្មេះ ម្រេច អំបិល និង​ផលិតផល​ជាច្រើន​មុខ​ទៀត​ដែល​ត្រូវបាន​លក់​នៅក្រោម​ស្លាក​យីហោ អ៊ីឆេ ង៉ូវ ហេង​។

លោក ចាន់ សិល្បសុជាតិ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អ៊ីឆេ ង៉ូវ ហេង ហ្វូដប្រូដាកសិន អូហ្វ កំពត​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ដោយមាន​ការគាំទ្រ​ពី​សំណាក់​ភ្លៀវ​ជាតិ និង អន្តរជាតិ​ជា​បន្តរបន្ទាប់​ក្រុមហ៊ុន​បាន​បំពាក់​នៅ​ម៉ាស៊ីន​ទំនើបៗ​ជាច្រើន​ដើម្បី​ពង្រីក​ការផលិត និង​បង្កើន​ទាំង​គុណភាព​ផលិតផល និង​ការ​វេចខ្ចប់​ឲ្យ​កាន់តែ​មាន​ភាពទាក់ទាញ និង​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​»​។

លោក​ សុជាតិ ​បន្តថា​៖ «​យើង​ទិញ​វត្ថុធាតុដើម​ដោយផ្ទាល់​ពី​អ្នកនេសាទ​ក្នុងស្រុក​ដូចគ្នា​ទៅនឹង​ម្រេច និង​អំបិល​ដែល​សុទ្ធតែ​មាន​ប្រភព​មកពី​ខេត្តកំពត​។ ដូច្នេះ​វត្ថុធាតុដើម​ភាគច្រើន​បំផុត​ដែល​យើង​ប្រើប្រាស់​គឺជា​វត្ថុធាតុដើម​ក្នុងស្រុក ដូច្នេះ​វា​ក៏​ជា​ការជួយ​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន​ផងដែរ​។ យើង​គ្រោង​នឹង​ទទួល​ស្តង់ដា​គុណភាព ISO ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ទឹកត្រី ង៉ូវ ហេង កំពត ផលិត​ទឹក​ស៊ីអ៊ីវ​បាន​ ៥ ០០០ ​លីត្រ​ក្នុង​ ១ ​ថ្ងៃ ទឹកត្រី​បាន​ ១ ​ម៉ឺន​លីត្រ​ក្នុង​ ១ ​ថ្ងៃ ម្រេច​បាន​ពី​ ១០ ​ទៅ​ ២០ ​តោន​ក្នុង​ ១ ​ឆ្នាំ ហើយ​អំបិល​ ១ ​ខែ​អាច​ផលិត​បាន​ប្រមាណ​ជាង​ ១០ ​តោន​។

លោក​ សុជាតិ បាន​លើកឡើង​ថា​៖ «​យើង​ផលិត​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ដែល​អាច​ប្រកួតប្រជែង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ជាពិសេស​ទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច និង​អំបិល​។ លើសពីនេះ​ទៀត​យើង​ជួយ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ផលិតផល​របស់​ខ្មែរ ជួយ​កសិករ​ឱ្យ​រកប្រាក់​ចំណូល និង​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុង​តំបន់​»​។

«​ទឹកត្រី ង៉ូវ ហេង កំពត មាន​លក្ខណពិសេស និង ឈ្ងុយឆ្ងាញ់​ខុសពី​គេ​ត្រង់​ថា រាល់​ត្រី​ទាំងអស់​ត្រូវតែ​ស្រស់ (​ទើប​ចាប់បាន​ថ្មីៗ​) អំបិល​កំពត​ដែលមាន​លក្ខណៈ​ប្រៃ​មុត​ល្អ ហើយ​ត្រូវ​បានដាក់​បន្ទុំ​ក្នុង​ធុង​ឈើ​ពី​បុរាណ​មក​រយៈពេល​ ១២ ​ខែ​ឡើង​ទៅ ២៤ ខែ ទាំង​ពណ៌ ទាំង​ក្លិន គឺ កកើតឡើង​ដោយ​ធម្មជាតិ​ពិតៗ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​គ្រប់​តំណក់​»​។

លោក ចាន់ សិល្បសុជាតិ បាន​បន្ថែមថា​៖ «​យើង​ផ្តោត​សំខាន់​ទៅលើ​គុណភាព ពីព្រោះ​យើង​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​របស់​អតិថិជន​។ យើង​មាន​អ្នកជំនាញ​បរទេស​ដែល​មកជួយ​បណ្តុះបណ្តាល​បុគ្គលិក​របស់​យើង ហើយ​យើង​នាំចូល​ម៉ាស៊ីន​ផលិត វេចខ្ចប់ ម៉ាស៊ីន​ច្រក​ដប និង បិទ​ស្លាក មកពី​តៃវ៉ាន់​វៀតណាម និង​ថៃ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតផល​របស់​យើង​»៕