ភ្នំពេញៈ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោកស្រី កុសល ម៉ាលីនដា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា កងកម្លាំង​មួកខៀវ​កម្ពុជា​ ៨០ ​នាក់​ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​នឹង​ត្រូវធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ១០ កក្កដា ២០២០​។


លោកស្រី ម៉ាលីនដា បាន​ថ្លែងថា​៖ «​ដើម្បី​ការពារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគេ កងកម្លាំង​មួកខៀវ​ទាំង​ ៨០ ​នាក់​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​ដែល​មាន​ទីតាំង​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ទៅ​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​»​។

លោកស្រី​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​យប់​ថ្ងៃទី​ ០៨ ខែ​កក្កដា ឆ្នាំ​ ២០២០ កន្លងទៅ​ថ្មីៗ​នេះ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​ ៩៧២ និង​កងកម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​ ៨៨២ សរុប​ ៨០ ​នាក់ ​ក្នុង​នោះ​មាន​ ៧ ​នាក់​ ជា​ស្ត្រី​ផងដែរ​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ប្រទេស​ម៉ាលី ដើម្បី​ជំនួស​កងកម្លាំង​មួកខៀវ​កម្ពុជា​ទាំង​ ៨០ ​នាក់​ ដែល​ត្រូវបាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នេះ​។ កងកម្លាំង​ទាំងនោះ​ក៏​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុជាតិ ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​។


លោកស្រី​បាន​ថ្លែងថា​៖ «​ទោះ​ជា​ពេលនេះ ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ តែ​កម្ពុជា​មិន​រារែក​ក្នុង​ការបញ្ជូន​កងកម្លាំង​មួកខៀវ​របស់​យើង ដើម្បី​ចូលរួម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ឡើយ​»​។

លោកស្រី ម៉ាលីនដា បាន​បន្តថា​ក្នុង​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ កងកម្លាំង​កម្ពុជា​មាន​ស្នាដៃ​ជាច្រើន​ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស​។ រហូត​មក​ដល់​ឆ្នាំ​ ២០២០ ​នេះ​សម្ទុះ​នៃ​ការបញ្ជូន​កងកម្លាំង​ជា​ស្ត្រី​មាន​ការកើនឡើង​ជាង​ ១៧% និង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១៧ ​ក្នុង​ចំណោម​ប្រទេស​ ១២៧ ដែល​បាន​បញ្ជូន​កងកម្លាំង​ជា​នារី និង​ជាប់​លេខ​ ២ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​អនុញ្ញាត​ឲ្យ​មាន​ការចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​៕