ភ្នំពេញៈ កងទ័ព​មួកខៀវ​ ៧៣ ​នាក់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ កាលពី​យប់​ថ្ងៃអាទិត្យ ទី ​២៥ ខែតុលា ដើម្បី​ចូលរួម​​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​។ នេះ​បើតាម​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ អ្នកនាង កុសល ម៉ាលីនដា​។


អ្នកនាង​ ម៉ាលីនដា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​ ៧៣ ​នាក់​នេះ ​ក្នុង​នោះ​មាន​ស្រី​ចំនួន​ ២៨ ​នាក់ ​ត្រូវ​ទៅ​ជំនួស​កងទ័ព​មួកខៀវ​ចំនួន​ ៧៣ ​នាក់​ដែរ​ (​ស្រី​ ២ ​នាក់​) ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ហើយ​នឹង​ត្រូវ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​ ២៧ ខែ​តុលា​។

អ្នកនាង​ ម៉ាលីនដា បាន​ថ្លែងថា មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​នឹង​មាន​វិធានការ​ដូចគ្នា​ទៅនឹង​កងកម្លាំង​មុនៗ​ដែល​វិល​មកពី​ប្រទេស​ម៉ាលី ​ដែរ គឺ​នៅពេល​ដែល​ពួកគាត់​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម​គឺ​មជ្ឈមណ្ឌល​ទទួល​បាន​កិច្ចសហប្រតិបត្តិការ​ពិនិត្យ​សុខភាព​ពី​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ភ្លាម​។


អ្នកនាង​បញ្ជាក់ថា​៖ «​ហើយ​ពួកគាត់​ក៏​មិនទាន់​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​ទៅ​គេហដ្ឋាន​ភ្លាម​ដែរ ប៉ុន្តែ​ពួកគាត់​ត្រូវ​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព បណ្តុះបណ្តាល​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​នៅ​ស្រុក​ឧដុង្គ​»​។ ពួកគាត់​នឹងត្រូវ​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅ​គេហដ្ឋាន​វិញ បន្ទាប់ពី​ធ្វើ​ចត្តាឡីស័ក​គ្រប់​ចំនួន​ ១៤ ​ថ្ងៃ​ ក្នុងករណី​ការធ្វើ​តេស្ត​ចុងក្រោយ​អវិជ្ជមាន​ជំងឺ​កូវីដ ​១៩​។

ក្នុង​ឱកាស​ជូន​ដំណើរ​ក្រុម​កងទ័ព​មួក​ខៀវ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​កាលពី​យប់​ថ្ងៃទី​ ២៥ តុលា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​ថ្លែងថា បើទោះបី​ជា​ពិភពលោក​កំពុងតែ​ជួប​វិបត្តិ​រាតត្បាត​ដោយសារតែ​ជំងឺ​កូវីដ ​១៩​ ក៏ដោយ ក៏​កម្ពុជា​មិន​រារែក​ចំពោះ​ការបញ្ជូន​កងកម្លាំង​មួកខៀវ​ទៅ​ចូលរួម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ដែរ​។


លោក សុវណ្ណនី ក៏បាន​ក្រើនរំឭក​ដល់​នាយទាហាន​ទាំងអស់​ដែល​ចេញទៅ​បំពេញ​បេសកកម្ម និង​កំពុង​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​ក្រៅ​ប្រទេស​ត្រូវ​ថែទាំ​សុខភាព អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ការណែនាំ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅក្នុង​តំបន់​បំពេញ​បេសកកម្ម​របស់​ខ្លួន និង​តាម​ការណែនាំ​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​វិធាន​ការការពារ ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវីដ ១៩​។

លោក​ថ្លែងថា​៖ «​ទាំងអស់​គ្នា​ក៏ត្រូវ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ឱ្យ​បានល្អ​ដើម្បី​លើកតម្កើង​កិត្តិយស​ប្រទេស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ត្រូវ​ចេះ​ស្រឡាញ់ យក​អាសា​គ្នា​ដូច​បងប្អូន​បង្កើត នៅ​គ្រប់​កាលៈទេសៈ​»​។

ចាប់តាំងពី​ឆ្នាំ​ ២០០៦ មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជាង ៧ ១០០ ​នាក់ ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​ ៣៥០ ​នាក់ ​ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

បច្ចុប្បន្ន​កម្ពុជា​មាន​កងកម្លាំង​ ៥ ​កង ​សរុប​ចំនួន​ ៧៨៧ ​នាក់​ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ក្នុងនោះ​មាន​លីបង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ កម្លាំង​មួក​ខៀវ​ទាំងអស់​នេះ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​បាន​បរិច្ចាគ​កងកម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាងគេ​លំដាប់​​ទី​ ២ ​នៅក្នុង​តំបន់​អាស៊ាន​៕