ភ្នំពេញៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សត្វ​ព្រៃ (Wildlife Alliance) កញ្ញា Suwanna Gauntlett ត្រូវ​បាន​កញ្ញា ធី សុវណ្ណ​ថា គំរាម​ប្ដឹង​ពីបទ «រើសអើង» ដោយ​ទាម​ទារ​សំណង​ ១០ ​ម៉ឺន​ដុល្លារ ដោយសារ​នាយក​ប្រតិបត្តិ​រូប​នេះ បាន​បដិសេធ​វត្តមាន​កញ្ញា ​ធី សុវណ្ណ​ថា ចូលរួម​ក្នុង​កម្មវិធី​បោះ​ជំរំ​នៅ​តំបន់​ អារ៉ែង នៅ​ថ្ងៃ​ទី ២៦ ខែ​មករា ​ឆ្នាំ ២០១៨ នេះ។


កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​យុវជន​សាខា​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ ​កាល​ពី​ម្សិលមិញ​ថា កញ្ញា​នឹង​ប្តឹង​កញ្ញា Suwanna Gauntlett នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ឈ្មោះថា (Wildlife Alliance)ទៅ​តុលាការ​ខេត្តកោះកុង​ពី​ប​ទ «រើសអើង» តាម​មាត្រា ២៦៥ ដោយសារ​កញ្ញា Suwanna Gauntlett បាន​បដិសេធ​វត្តមាន​កញ្ញា​ក្នុងការ​បោះជំរំនៅ​តំបន់​អារ៉ែង បើ​​ទោះ​បី​ជា​កញ្ញា​ត្រូវ​បាន​អនុញ្ញាត​ពី​លោក​ស្រី ​មិថុនា ​ភូ​ថង អភិបាល​ខេត្ត​កោះកុង​រួចរាល់​ក៏​ដោយ​។

កញ្ញា បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ដែល​ប្រធាន​អង្គការ​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​បោះជំរំ​នៅ​តំបន់​ អារ៉ែង នៅ​ពេល​ដែល​ខ្ញុំ​បាន​សួរ​ទៅ​គាត់​វិញ គាត់​គ្រាន់​តែ​និយាយ​ថា ខ្ញុំ​ហ្នឹង​មាន​ឈ្មោះ​ល្បី​ស្រាប់​​ហើយ មិន​បាច់​ទៅជា​មួយ​ក្រុម​ការងារ​គាត់​​ទៀត​ទេ។ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​គាត់​ខឹង​ខ្ញុំ​រឿង​ខ្ញុំ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​បុគ្គលិក​គាត់​កាល​ពី​ពេល​ជួប​ជាមួយ​សម្ដេច​ម្ល៉េះ ព្រោះ​​ពេល​នោះ​ខ្ញុំ​បាន​និយាយ​រឿង​កំហុស​ឆ្គង​ពី​អង្គការ​របស់​គាត់​ច្រើន»។


កញ្ញា ​ធី សុវណ្ណ​ថា ក៏បាន​សរសេរ​សារ​នៅ​លើ​ ហ្វេសប៊ុក ​របស់​នាង​ដែរ​ថា៖ «នាង​ខ្ញុំ​ទទួល​ការ​«រើស​អើង» និង​​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោក​ស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ​ក្នុងការ​បោះជំរំ នៅ​តំបន់​ អារ៉ែង ថ្ងៃ​ទី​ ២៦ ខែ​មករា​នេះ ដោយ​នាង​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូថង រួចរាល់​ហើយ។ តើ​លោក​ស្រី​ជា​នរណា? មាន​សិទ្ធិអ្វី​បដិសេធ​វត្តមាន​ខ្ញុំ? នេះ​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់​ខ្ញុំ ខ្ញុំ​ទុក​ពេល​ឲ្យ​លោកស្រី ៣ ថ្ងៃ​ធ្វើ​លិខិត​សុំទោស​ខ្ញុំ ជា​សាធារណៈ និង​ផ្តល់​ប្រាក់​សង​ជំងឺ​ចិត្ត​ខ្ញុំ ១០ ម៉ឺន​ដុល្លារ បើ​លោក​ស្រី​មិន​ព្រម​ខ្ញុំ​នឹង​ប្តឹង​លោកស្រី​ទៅ​តុលាការ​ខេត្ត​កោះកុង​ពីបទ «រើសអើង...»។

កញ្ញា Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ដែល​មាន​ឈ្មោះថា (Wildlife Alliance) កាលពី​ម្សិល​មិញ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ ប៉ុន្តែ​មន្ត្រី​​ម្នាក់​ នៃ​អង្គការ​នេះ ​និយាយ​ថា៖ «ប្រធាន​ខ្ញុំ​ បាន​ដឹង​ពី​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​ខេត្ត​ ឲ្យ​កញ្ញា​បាន​ចូល​រួម​រួចរាល់​ហើយ ប៉ុន្ដែ​ប្រធាន​ខ្ញុំ​ គាត់​បាន​ប្រាប់ថា ​កញ្ញា សុវណ្ណ​ថា កុំ​ទាន់​អញ្ជើញ​ទៅ​ពេល​នេះ​អីចាំ​លើក​ក្រោយ​ចាំ​ទៅ។ ខ្ញុំ​ចង់​ជម្រាប​កញ្ញា​ថា មូល​ហេតុ​ដែល​មិន​ទាន់​ចង់​ឲ្យ​កញ្ញា​ចូលរួម​នេះ គឺ​ដោយសារ​វា​ជា​គម្រោង​សហគមន៍​អ៊ីចឹង​គាត់​ចង់​បាន​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​ ផ្ដោត​លើ​សហគមន៍​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​គម្រោង​ទី ១ របស់​អង្គការ។ ម្យ៉ាងទៀត កញ្ញា​ជា​បុគ្គល​ធ្វើ​នយោបាយ​ ហើយ​គាត់​ក៏​គិត​ដែរ​ថា កញ្ញា សុវណ្ណថា ជា​បុគ្គល​ល្បី​ឈ្មោះ ​ហើយ​គាត់​ក៏​មិន​ចង់​ឲ្យ​ភ្ញៀវ​ផ្ដោត​អារម្មណ៍​លើ​សុវណ្ណ​ថា ច្រើន​ពេក​ទេ។ អ៊ីចឹង​សូម​ សុវណ្ណថា មេត្តា​យោគយល់​ផង ព្រោះ​នេះ​ជា​​គម្រោង​​របស់​សហ​គមន៍»។


លោក​ស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះកុង​​ថ្លែង​​ថា លោកស្រី​មិន​បាន​​ដឹង​ពី​ការ​ហាម​កញ្ញា សុវណ្ណថា មិន​ឲ្យ​ចូល​រួម​នោះ​ទេ។ «កម្មវិធី​នេះ គេ​អញ្ជើញ​ខ្ញុំ​ដែរ ដើម្បី​ចូលរួម​ជា​មួយ​យុវជន​ ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​នៃ​តំបន់​អារ៉ែង និង​ជីវិត​ជីវៈ​ចម្រុះ​ផ្សេងៗ​នៅ​កម្ពុជា​»៕