ក្រចេះ: យោងតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា សត្វកន្ធាយក្បាលកង្កែបចំនួន ៥៦៥ ក្បាលត្រូវបានលែងឱ្យត្រឡប់ទៅរស់នៅក្នុងជម្រកធម្មជាតិនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះវិញកាលពីម្សិលមិញ។
អង្គការ WCS បានថ្លែងថាសត្វកន្ធាយក្បាលកង្កែបគឺជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជនៅលើសកលលោក ហើយត្រូវបានគេគិតថា សត្វកន្ធាយក្បាលកង្កែបនេះបានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំ ២០០៧ ទើបគេបានរកឃើញវត្តមានពួកវាម្តងទៀតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
លោក ញូន ចន្ទី អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែបនៃអង្គការ WCS ថ្លែងថា៖ «សត្វកន្ធាយក្បាលកង្កែបនេះត្រូវបានប្រមូលដោយអតីតអ្នកប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែបឲ្យមកធ្វើការងារដើម្បីការពារសំបុកសត្វកន្ធាយ និងពងជំនួសឲ្យការប្រមូលយកពង»។
សេចក្តីប្រកាសនោះបញ្ជាក់ថា៖ «កម្មវិធីការពារសំបុកបានលើកទឹកចិត្តឲ្យប្រជាសហគមន៍រស់នៅខេត្តក្រចេះ និងស្ទឹងត្រែងចូលរួមការពារសត្វកន្ធាយក្បាលកង្កែបដោយបានជ្រើសរើសអតីតអ្នកប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែបឲ្យមកធ្វើការងារ ដើម្បីស្វែងរក និងការពារសំបុកសត្វកន្ធាយក្បាលកង្កែបជំនួសឲ្យការប្រមូលយកពង។ ចាប់តាំងពីឆ្នាំ ២០០៧ មកយើងបានការពារសំបុកពងកូនបានចំនួន ៤០២ សំបុក និងបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៩០៤៧ កូន»។
អង្គការ WCS និយាយថាគម្រោងនេះត្រូវបានធ្វើឡើងដោយសហការជាមួយរដ្ឋបាលជលផល អង្គការ Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance) (TSA)។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បាននិយាយថាការប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែប មកលក់ ឬធ្វើជាម្ហូបគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
អង្គការ WCS បាននិយាយថាក្រៅពីទីផ្សារក្នុងស្រុក ប្រទេសវៀតណាមគឺជាទិសដៅអន្តរជាតិសម្រាប់សត្វប្រភេទនេះ៕ NS