ភ្នំពេញៈ នៅក្នុងទិវាពិភពលោកកម្ចាត់ជំងឺរបេងកាលពីម្សិលមិញក្រោមប្រធានបទ «ដល់ពេលដែលត្រូវបង្កើនល្បឿនការឆ្លើយតប ដើម្បីបញ្ចប់ជំងឺរបេង» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាកម្ពុជាត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាអ្នកឈឺ និងស្លាប់ដោយសារជំងឺរបេងឱ្យបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺនេះនៅខ្ពស់នៅឡើយបើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀត។
តាមរយៈសារលិខិតចុះថ្ងៃទី ២០ ខែមីនាក្នុងឱកាសប្រារព្ធទិវាពិភពលោកកម្ចាត់ជំងឺរបេងដែលត្រូវធ្វើឡើងកាលពីម្សិលមិញលោក ហ៊ុន សែន ថ្លែងថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍នៃឈឺ និងស្លាប់ដោយសារជំងឺរបេង នៅមុនពេលកំណត់ ៤ ឆ្នាំហើយជោគជ័យរបស់កម្ពុជាដែលបានកម្ចាត់ជំងឺរបេងនេះគឺជាស្នាដៃមួយ ដែលមានប្រទេសចំនួនតិចតួចប៉ុណ្ណោះ ដែលអាចសម្រេចបាន។
លោក ហ៊ុន សែន ថ្លែងថា៖ «ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំយល់ថា ប្រទេសកម្ពុជាយើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយដែលពុំទាន់បានទទួលសេវា»។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងពិភពលោក»។
បើតាមលោក ហ៊ុន សែន អត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ។ ក្នុងនោះអត្រាស្លាប់បានថយចុះពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ នៅឆ្នាំ ២០០០ មកនៅត្រឹម ១៨ ករណី ក្នុងចំណោមប្រជាជនចំនួនដដែលនេះនៅក្នុងឆ្នាំ ២០១៨ (ស្មើ ៥៧ ភាគរយ)។ ចំណែកអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៥ ករណី ក្នុងចំណោមប្រជាជនចំនួនដដែលនេះនៅឆ្នាំ ២០០០ មកដល់ ៣០២ ករណី នៅក្នុងចំណោមប្រជាជនចំនួនដដែលនេះនៅឆ្នាំ ២០១៨ (ស្មើ ៤៧ ភាគរយ)។
លោក ហ៊ុន សែន ថ្លែងទៀតថា៖ «យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេងដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយដើម្បីបន្តលើកកម្ពស់សុខភាពគុណភាពនៃការរស់នៅសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិនមិនអាចទាក់ទងសុំការបញ្ជាក់បានទេកាលពីថ្ងៃអង្គារ។
បើតាមរបាយការណ៍ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាលបញ្ជាក់ថា កម្មវិធីជាតិកម្ចាត់រោគរបេងនៅតែរក្សាការគ្របដណ្តប់នៃសេវាដូតស៍ (DOTS) បាន ១០០ ភាគរយ នៅគ្រប់មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ទូទាំងប្រទេស និងមានបណ្តាញមន្ទីរពិសោធន៍របេងចំនួន ២១៧ កន្លែង។ របាយការណ៍បន្តថា ក្នុងឆ្នាំ ២០១៨ មណ្ឌលសុខភាពចំនួន ៦៤៤ បានអនុវត្តការងារដូតស៍សហគមន៍ ចំណែកឯការងារអនុវត្តសកម្មភាពរបេងអេដស៍មាននៅគ្រប់ស្រុកប្រតិបត្តិទាំងអស់។
របាយការណ៍ដដែលបន្តថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេស ៣០ ដែលមានផ្ទុកជំងឺរបេងខ្ពស់នៅក្នុងពិភពលោក។ កម្មវិធីជាតិកម្ចាត់រោគរបេងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគត ជាពិសេសដើម្បីរួមចំណែកសម្រេចបានទិសដៅវិស័យសុខាភិបាលនៅឆ្នាំ ២០២០ ក៏ដូចជាសំដៅឆ្ពោះទៅកាន់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០៕