ភ្នំពេញៈ ប្រទេសកម្ពុជា នឹងធ្វើជំរឿនប្រជាជនដោយចំណាយទឹកប្រាក់ផ្ទាល់ខ្លួន លើកទី ១ ដោយចាប់ផ្តើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែមីនា ខាងមុខនេះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជំរឿននេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ និងបានអំពាវនាវឲ្យពលរដ្ឋចូលរួមសហការនៅក្នុងការធ្វើជំរឿននេះ។
យោងតាមសារអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ ដែលទើបទទួលបាន លោក ហ៊ុន សែន បានថ្លែងថា វាជាលើកទី ១ ហើយដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីកម្ពុជា បានក្លាយជាប្រទេសមួយ មានចំណូលមធ្យមកម្រិតទាប។ លោកបានបញ្ជាក់ថា ពលរដ្ឋម្នាក់ៗ មានកាតព្វកិច្ចចូលរួមសហការក្នុងការធ្វើជំរឿន ដូចដែលច្បាប់បានកំណត់។
លិខិតរបស់លោកបានសរសេរថា៖ «ការធ្វើជំរឿនប្រជាជនជាការងារដ៏ធំ របស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ។ ការធ្វើជំរឿនប្រជាជន ជាការងារដែលប្រទេសទាំងអស់ នៅលើពិភពលោកគេធ្វើគ្រប់ៗគ្នា»។
លោកពន្យល់ថា ការធ្វើជំរឿនអាចផ្ដល់នូវទិន្នន័យប្រជាសាស្ត្រពិតប្រាកដ របស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។ ទិន្នន័យបានពីការធ្វើជំរឿន នឹងផ្ដល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ជំរឿនទូទៅប្រជាជននេះ មិនទាក់ទងនឹងរឿងនយោបាយ និងបម្រើផលប្រយោជន៍គណបក្សណាមួយ មិនធ្វើឲ្យប្រជាជនខាតបង់ប្រាក់កាសទេ តែជាការងារដើម្បីអនាគតដ៏សម្បូរសប្បាយ ភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា»។
លោកបានស្នើឲ្យពលរដ្ឋចូលរួមការងារនេះ ដោយរីករាយ និងផ្ដល់ព័ត៌មានត្រឹមត្រូវស្មោះត្រង់ដល់មន្ត្រីជំរឿនដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។
ចាប់តាំងពីក្រោយរបបខ្មែរក្រហមមកកម្ពុជាបានធ្វើជំរឿនរៀងរាល់ ១០ ឆ្នាំម្ដង ដោយលើកទី ១ ធ្វើនៅឆ្នាំ ១៩៩៨ លើកទី ២ នៅឆ្នាំ ២០០៨។ កាលពីចុងឆ្នាំ ២០១៧ លោក ឆាយ ថន រដ្ឋមន្ត្រីផែនការ បានឲ្យដឹងថា ថវិកាជាតិសម្រាប់ធ្វើជំរឿននេះត្រូវចំណាយ ៨ លានដុល្លារ។ លោកប៉ាន់ប្រមាណថា ចំនួនប្រជាជននៅក្នុងប្រទេសកម្ពុជាអាចកើនដល់ ១៦ លាននាក់ នៅឆ្នាំ ២០១៩ នេះ។
លោក ឆាយ ថន បញ្ជាក់ថា ការពន្យារការធ្វើជំរឿនពីឆ្នាំ ២០១៨ មកដើមឆ្នាំ ២០១៩ នេះ ដោយសារតែកម្ពុជា មានការមមាញឹកនឹងការរៀបចំការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨។ ការធ្វើជំរឿនឆ្នាំនេះ នឹងប្រើប្រាស់មនុស្សប្រមាណ ៤៧ ០០០ នាក់ដោយទទួលបានការឧបត្ថម្ភផ្នែកសម្ភារពីប្រទេសចិន។
លោក មាស នី អ្នកវិភាគបញ្ហាសង្គមយល់ថា ព័ត៌មានបានពីការជំរឿន មានសារៈសំខាន់ ក្នុងការអភិវឌ្ឍជាតិ ប្រសិនបើព័ត៌មានទាំងនោះ ត្រូវបានបង្ហាញដោយស្មោះត្រង់។ លោកបានរំឭកថា កាលពីជំរឿនលើកមុន ដែលមានការគាំទ្របច្ចេកទេសពី UNFPA និងប្រទេសផ្សេងទៀតបានបង្ហាញលទ្ធផលដែលគួរឲ្យជឿទុកចិត្ត ប៉ុន្តែព័ត៌មានទទួលបានផ្នែកខ្លះ មិនត្រូវបានបញ្ចេញទូលំទូលាយ។
លោកស្វាគមន៍ដល់ការប្រើប្រាស់ថវិកាផ្ទាល់របស់រដ្ឋាភិបាល និងជំនួយខ្លះពីប្រទេសចិន។ ប៉ុន្តែលោកថា អ្វីដែលលោករង់ចាំមើល គឺការឆ្លើយតបរបស់រដ្ឋាភិបាលទៅលើអ្វីដែលរកឃើញដោយការធ្វើជំរឿន និងភាពប្រាកដនិយមនៃទិន្នន័យ ដែលប្រមូលបាន ហើយរដ្ឋាភិបាល ទទួលយកព័ត៌មានពិតជាមូលដ្ឋាន នៃផែនការអភិវឌ្ឍន៍ជាតិ។
លោកថ្លែងថា៖ «កន្លងមកទិន្នន័យពិតដែលរកឃើញ ច្រើនតែមិនត្រូវចិត្តរដ្ឋាភិបាល ដែលគាត់ពេលខ្លះ បដិសេធថា រឿងនោះ ជារឿងមិនពិត។ សូម្បីតែករណីពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រក៏នៅតែមានភាពចម្រូងចម្រាស ដោយរដ្ឋាភិបាលថា នៅទាប តែអ្នកដែលរកឃើញថា មិនទាន់ទាបដូចរដ្ឋាភិបាលបានអះអាង។ ដូច្នេះទិន្នន័យយកមក ហើយយកមកបំភ្លៃថែមទៀតនោះ អ្នករងគ្រោះមុនគេគឺរដ្ឋាភិបាលខ្លួនឯងទៅរៀបចំផែនការអភិវឌ្ឍន៍អាចធ្វើឲ្យកាន់តែមានភាពស្មុគស្មាញថែមទៀតដល់សេដ្ឋកិច្ចរបស់សង្គម»។
លោកថា ជាទូទៅបញ្ជីសំណួរសម្រាប់ជំរឿនគឺមានគ្រប់ទិដ្ឋភាពសង្គម ហើយកម្រងសំណួរ មិនខុសគ្នាទេ ពីជំរឿនមួយទៅជំរឿនមួយទៀត។ ប៉ុន្តែលោកនិយាយថាកម្រងសំណួរគួរដាក់បញ្ចូលបញ្ហាដីធ្លី និងធនធានធម្មជាតិ ដោយសារតែកម្ពុជា កំពុងប្រឈមនឹងបញ្ហាទាំងនេះ និងជាបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាល បាត់បង់ជំនឿពីពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជាធ្លាប់ទទួលបានការគាំទ្រទាំងស្រុង ពីមូលនិធិសហប្រជាតិសម្រាប់ប្រជាជន UNFPA សម្រាប់ការធ្វើជំរឿនឆ្នាំ ១៩៩៨។ ចំពោះជំរឿនឆ្នាំ ២០០៨ កម្ពុជាទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពី UNFPA អង្គការ JICA រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធាររដ្ឋសហព័ន្ធអាល្លម៉ង៕