ភ្នំពេញៈ មន្ត្រី​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា កម្ពុជា​មិន​បាន​គាបសង្កត់​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​ទេ ប៉ុន្តែ​បាន​អនុវត្ត​វិធានការ​ផ្លូវច្បាប់​តាម​ផ្លូវ​តុលាការ ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​។ ការ​ថ្លែង​ដូច្នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត ដែល​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​ប្រទេស​ចំនួន​ ១១ និង​រួមទាំង​កម្ពុជា​ផង​នៅក្នុង​អំឡុង​ពេល​មាន​វិបត្ដិ​នៃ​ជំងឺ​កូវីដ​១៩​។


អ្នកស្រី មីស្សែល បាស្សេឡេត បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៣ មិថុនា ថា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​មាន​ច្បាប់​គ្រប់គ្រង “​ព័ត៌មាន​មិន​ពិត​” និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញ​ដែល​លើកឡើង​ពី​កង្វល់​អំពី​សិទ្ធិមនុស្ស ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​បរិបទ​ផ្សេងទៀត ដើម្បី​រារាំង​ការនិយាយ​ស្តី​ស្របច្បាប់ ជាពិសេស ការជជែក​ដេញដោល​ជា​សាធារណៈ ការរិះគន់​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​ការបង្ក្រាប​សេរីភាព​ក្នុង​ការបញ្ចេញមតិ​។

អ្នកស្រី​ថ្លែង​ថា ជំងឺ​កូវីដ​​ ១៩ ត្រូវបាន​គេ​មើលឃើញ​ពី​ការរឹតត្បិត​បន្ថែមទៀត​លើ​ការនិយាយស្តី​នៅ​ប្រទេស​ជាច្រើន​អម​ដោយ​ការចាប់ខ្លួន និង​ការឃុំខ្លួន​អ្នក​ទាំងឡាយ​និយាយ​រិះគន់ ចំពោះ​ការឆ្លើយតប​របស់​រដ្ឋាភិបាល ឬ​គ្រាន់តែ​ការចែករំលែក​ព័ត៌មាន ឬ​ទស្សនៈ​អំពី​ជំងឺ​រាតត្បាត​នេះ​។


លោកស្រី​ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា​ ការិយាល័យ​ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស OHCHR បាន​ចងក្រង​ជា​ឯកសារ​ទាក់ទង​នឹង​ការចាប់ខ្លួន​មនុស្ស​ចំនួន ៣០ ​នាក់​រាប់ទាំង​ស្ត្រី ៦ ​នាក់ និង​ក្មេងស្រី​ម្នាក់​អាយុ ១៤ ​ឆ្នាំ​។

លោកស្រី​បន្តថា​៖ «​មនុស្ស​មួយចំនួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ការញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ មនុស្ស​ចំនួន​ ១៤ ​នាក់​កំពុង​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​នៅ​ឡើយ​ក្នុង​នោះ ១០ ​នាក់ ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ប្រកាស​រំលាយ​ហើយ​នោះ​»​។


លោកស្រី​ថ្លែង​ថា​៖ «​វិបត្តិ​នេះ​មិន​គួរ​ត្រូវបាន​ប្រើប្រាស់ ដើម្បី​រឹតត្បិត​មតិ​ប្រឆាំង ឬ​លំហូរ​ដោយ​សេរី​នៃ​ព័ត៌មាន និង​ការជជែក​ដេញដោល​ឡើយ​»​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិល​ថា ចាប់តាំងពី​មាន​កូវីដ​១៩​មក​មនុស្ស ៥០ ​នាក់​ក្នុង​នោះ​មាន​ ២៦ ​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា ហើយ​ពួកគេ​នៅក្នុង​ឃុំ​នៅឡើយ ចំណែក​ ២៤ ​នាក់​ត្រូវ​បាន​អប់រំ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រួមទាំង​ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ​។ អ្នក​ដែល​ត្រូវ​បាន​អប់រំ ​គឺ​ដោយសារ​ព័ត៌មាន​របស់​គាត់​មិនមាន​ឥទ្ធិពល​ខ្លះ ឬ​មួយ​គ្រាន់តែ​បង្ហោះ​តពី​គេ​។

ចំណែក​ការចាប់​ខ្លួន​អ្នក​ ២៦ ​នាក់​នោះ​មិនមែន​ដោយសារ​គាត់​ជា​សមាជិក​អតីត​បក្សប្រឆាំង​ទេ គឺ​ដោយសារ​គាត់​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ញុះញង់​ធ្វើឲ្យ​មាន​ចលាចល​សង្គម​។ ព័ត៌មាន​ខ្លះ​មាន​ចរិត​បង្ក​អសន្តិសុខ​ទៀតផង​។

លោក​ថ្លែង​ថា​៖ «​កូវីដ​របស់គាត់​គឺ​គាត់​យក​កូវីដ​ធ្វើ​ជា​ស្ពាន​ដើម្បី​វាយប្រហារ និង​ញុះញង់​ក្នុង​ចេតនា​ប៉ុនប៉ង​បង្កចលាចល​ក្នុង​គោលបំណង​អនុវត្ត​ផែនការ​ប្រឆាំង​រាជរដ្ឋាភិបាល​»​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​មិនបាន​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ទេ​។ ប៉ុន្តែ​ការឃាត់ខ្លួន និង​បន្ត​ដោយ​វិធានការ​ច្បាប់​តាម​ផ្លូវ​តុលាការ​កន្លងមក​គឺ​ដោយសារ​តែ​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស​។

លោក​ថ្លែងថា​៖ «​សកម្មភាព​របស់គេ​មិនមែន​ជា​ការបញ្ចេញមតិ​ដែល​ការពារ​ដោយ​ច្បាប់​ទេ ប៉ុន្តែ​បាន​បង្កើត​បទល្មើស​ដូចជា​ការបង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ការញុះញង់ បង្ក​ភាពចលាចល បំភិតបំភ័យ ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​។ នេះ​មិនមែន​ជា​ការបញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​កូវីដ​ទេ នេះ​ជា​បទល្មើស​ដែល​ត្រូវ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​»​។

លោក អំ សំអាត អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា​លីកាដូ​នៅតែ​គាំទ្រ ហើយ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការបញ្ចេញមតិ​។ ប៉ុន្តែ​គ្រាន់តែ​ថា ការបញ្ចេញមតិ​ធ្វើ​យ៉ាងណា​តាមបែប​ស្ថាបនា រិះគន់​ដើម្បី​ស្ថាបនា​។ ដើម្បី​ចៀសវាង​ភាពប្រឈម​ខ្លួនឯង​ដោយសារ​ការផូស្ត​របស់​ខ្លួន​៕