ភ្នំពេញៈ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា-វៀតណាម និង​ឡាវ​ ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ពី​ម្សិលមិញ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​លើ​ការងារ​ពង្រឹង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​តំបន់ត្រីកោណ ផ្លាស់ប្តូរ​ព័ត៌មាន និង​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​។


កិច្ចពិភាក្សា​លើក​ទី​ ៤ ​ស្តីពី​ «​តួនាទី​ភារកិច្ច​ក្នុង​ការពិនិត្យ​តាមដាន​របស់​គណៈកម្មការ និង​គណៈកម្មាធិការ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ក្នុង​ការកសាង​សហប្រតិបត្តិការ និង​អភិវឌ្ឍ​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព និង​មិត្តភាព​» ​នេះ​ត្រូវ​បានរៀបចំ​ដោយ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ការចូលរួម​ពី​លោក​ ខាំ ស៊ុកវីនថាវង្ស ប្រធាន​គណៈកម្មាធិការ​មហាផ្ទៃ ការពារជាតិ និង​សន្តិសុខ​របស់​រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​លោក​ វ៉ក់ ចុកវៀត ប្រធាន​គណៈកម្មាធិការ​ការពារជាតិ និង​សន្តិសុខ​របស់​រដ្ឋសភា​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម និង​មន្ត្រី​ជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​ប្រមាណ​ ១០០ ​នាក់​។

កិច្ចពិភាក្សា​លើក​ទី​ ៤ ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​តំបន់​ត្រីកោណ​ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធ​ពីគ្នា​ទៅវិញ​ទៅមក បង្កើន​កិច្ចសហប្រតិបត្តិការ និង​លើកកម្ពស់​ និង​ជំរុញ​កិច្ចការ​សន្តិសុខ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​បញ្ហា​សន្តិសុខ ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ និង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ជាដើម​។


លោក​ ងួន ញ៉ិល ប្រធាន​ស្តីទី​រដ្ឋសភា​កម្ពុជា​ថ្លែង​ប្រាប់​កិច្ចពិភាក្សា​លើក​ទី​ ៤ ​នេះ​ថា វិស័យ​សន្តិសុខ និង​ការពារជាតិ​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​បាន​ស្នើឲ្យ​ប្រទេស​ពាក់ព័ន្ធ​ពង្រឹង និង​លើកកម្ពស់​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ដើម្បី​រួមចំណែក​ដល់​ការថែរក្សា​សនិ្តសុខ និង​សណ្តាប់ធ្នាប់ សំដៅ​ទប់ស្កាត់​រាល់​បទឧក្រិដ្ឋ​ឆ្លងដែន​នានា ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ វិនិយោគិន​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។

លោក​បញ្ជាក់​ថា​៖ «​ទោះបី​ជា​យើង​ទទួល​បាន​នូវ​លទ្ធផល​វិជ្ជមាន​ច្រើន​យ៉ាងណាក្តី ក៏​នៅ​មាន​បញ្ហា​ប្រឈម​នានា​មួយ​ចំនួន​ដូចជា​ការជួញដូរ​គ្រឿង​ញៀន និង​ជួញដូរ​មនុស្ស ការនាំចេញ នាំចូល​ខុសច្បាប់ និង​ការកាប់​ព្រៃឈើ​ខុសច្បាប់​ជាដើម​។ បញ្ហា​ទាំងអស់​នេះ​តម្រូវ​ឲ្យ​យើង​ទាំងអស់​គ្នា ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​បន្ត​ខិតខំ​ទ្វេដង​ថែម​ទៀត ដើម្បី​រួមគ្នា​ដោះស្រាយ និង​ជាពិសេស​ធ្វើឲ្យ​ប្រាកដ​ថា​សន្តិសុខ សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​ធានា និង​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវបាន​ចែករំលែក​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​»​។


លោក​ក៏​ជំរុញ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ៣ ពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការកៀរគរ​ធនធាន​ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​តំបន់​ត្រីកោណ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​ក្តីកង្វល់​នានា​ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និង​កំពុង​ជួបប្រទះ សំដៅ​អន្តរាគមន៍ និង​ដោះស្រាយ​ទាន់​ពេលវេលា​។

លោក​បញ្ជាក់​ថា​៖ «​បន្ត​ពង្រឹង​អភិបាលកិច្ច​សន្តិសុខ​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្តល់​សេវាសាធារណៈ និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​ប្រជាជន វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ថែរក្សា​សន្តិសុខ និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជូន​ពលរដ្ឋ​»​។

លោក​ ងួន ញ៉ិល បន្ថែម​ថា​នៅ​ចំពោះ​មុខ​ការប្រកួតប្រជែង​របស់​មហាអំណាច​បាន​និង​កំពុង​ដាក់​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​ដល់​បណ្តា​ប្រទេស​តូចៗ​ក្នុង​តំបន់ និង​ការវិវឌ្ឍ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ភាពស្មុគស្មាញ និង​ពិបាក​ប៉ាន់ស្មាន​របស់​តំបន់​ និង​ពិភពលោក​។ ប្រទេស ​កម្ពុជា-វៀតណាម និង​ឡាវ ចាំបាច់ ខិតខំ​ប្រឹងប្រែង​ថែរក្សា និង​ពង្រឹង​សណ្តាប់ធ្នាប់​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​អន្តរជាតិ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ស្វាគមន៍​ការប្តេជ្ញាចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ទាំង​ ៣ ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ និង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ថា​ការអនុវត្ត​ជាក់ស្តែង​របស់​ប្រទេស​នៅ​មាន​កម្រិត​ដែល​ធ្វើឲ្យ​ប្រទេស​ទាំង​ ៣ ​មាន​ការលំបាក​ក្នុង​ការទប់ស្កាត់​បទល្មើស​ទាំងនេះ​។

លោក​ថ្លែង​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា-វៀតណាម និង​ឡាវ​មាន​ឆន្ទៈ​ល្អ​ហើយ​មានគំនិត​រួបរួម​គ្នាច្រើន តែ​ការអនុវត្ត​ជាក់ស្តែង​វា​មិន​បាន​ជោគជ័យ​នោះ​ទេ ជាពិសេស​បញ្ហា​គ្រឿង​ញៀន​ឆ្លងដែន​។ យើង​ឃើញ​ថា​បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ក្តៅ​នៅ​ឡើយ ដែល​ប្រទេស​ទាំង​ ៣ ​ត្រូវ​ជំរុញ​ការអនុវត្ត​ច្បាប់​បន្ថែម​ដើម្បី​ទប់ស្កាត់​»​។

លោក​បន្ត​ថា​បញ្ហា​ព្រំដែន​នៅតែ​ជា​បញ្ហា​រសើប​សម្រាប់​ប្រទេស​ទាំង​ ៣ ដែល​ទាមទារ​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្ពស់​ក្នុង​ការដោះស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ចៀសវាង​ការយល់ច្រឡំ​ដែល​អាច​បណ្តាល​ឱ្យ​មាន​ភាពតានតឹង​ជាមួយ​នឹង​គ្នា​។

ក៏ប៉ុន្តែ​លោក មាស នី អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា​វា​មាន​ការលំបាក​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ការលាង​លុយកខ្វក់ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដោយសារ​ការអនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត ខណៈ​ប្រទេស​វៀតណាម និង​ឡាវ​មាន​ការអនុវត្ត​ច្បាប់​បាន​យ៉ាង​តឹងរ៉ឹង​។

លោក​ថ្លែង​ថា​៖ «​បញ្ហាសំខាន់​គឺ​ទាក់ទង​នឹង​កម្រិត​នៃ​ការអនុវត្ត​ច្បាប់ ហើយ​វា​អាស្រ័យ​លើ​ប្រទេស​នីមួយៗ​ខិតខំ​អនុវត្ត​យ៉ាង​តឹងរ៉ឹង ហើយ​តម្រូវ​ឲ្យ​ប្រទេស​សហការគ្នា​យ៉ាង​ល្អ​ក្នុងការ​អនុវត្ត​ច្បាប់​។ កាលណា​ប្រទេស​ ២ តឹងតែង​ខណៈ​ដែល​កម្ពុជា​មាន​ការអនុវត្ត​ច្បាប់​ធូរ​វា​នឹង​ធ្វើឲ្យ​មាន​ការលំបាក​»​។

ទន្ទឹម​នឹង​នេះដែរ​លោក​ ងួន ញ៉ិល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ទាំង​ ៣ បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការបោះ​បង្គោល​ព្រំដែន ដែល​រហូត​មក​ដល់​ពេល​នេះ​ស្ទើរតែ​សម្រេច​បាន​មួយរយ​ភាគរយ​។ លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ទាំង​ ៣ ​គោរព​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ការគោរព​ច្បាប់​ជាតិ និង​អន្តរជាតិ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ដោះស្រាយ​ភាព​ខុសគ្នា​ដែល​នៅ​សេសសល់​សម្រាប់​ប្រទេស​ទាំង​ ៣៕