ភ្នំពេញៈ តាម​ការសិក្សា​ថ្មី​មួយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​សកម្មភាព​របស់​ភ្ញៀវទេសចរ​នៅ​តាម​រូងភ្នំ​ (​គុហា​) ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​អភិរក្ស​សត្វ​ប្រចៀវ ដោយសារ​​មាន​ការ​រំខាន​ពី​មនុស្ស​ជា​ញឹកញាប់​ដែល​បង្ក​ឲ្យ​ចំនួន​សត្វ​ប្រភេទ​នេះ​មាន​ការ​ថយចុះ ហើយ​​ករណី​នេះ​វា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​កែលម្អ​ផលប៉ះពាល់​​នោះ​ឡើង​វិញ​។


ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការងារ​នេះ​នៅ​ភ្នំ​ឈ្ងោក​ដែល​ជា​តំបន់​ភ្នំ​ថ្ម​កំបោរ​ដ៏មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​កំពត​។

របាយការណ៍​នៃ​ការសិក្សា​នោះ​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​នៅ​ក្នុង​ទស្សនាវដ្តី PLOS Neglected Tropical Disease​។


របាយការណ៍​ដដែល​បាន​រៀបរាប់​ថា​៖ «​ខណៈ​ដែល​ផលប៉ះពាល់​នៃ​ការរំខាន​ពី​សំណាក់​ភ្ញៀវទេសចរ​មាន​ចំនួន​ច្រើន​​នោះ គេ​នៅ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ទេ ពីព្រោះ​ថា​វា​គ្មាន​ទិន្នន័យ​ជា​ប្រវត្តិសាស្ត្រ​ណា​​មួយ​អំពី​គុហា​សត្វ​ប្រចៀវ​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​វា​គួរតែ​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​បង្កើន​ការត្រួតពិនិត្យ​ និង​ការអភិរក្ស​បន្ថែម​ទៀត​ទៅ​​លើ​ការងារ​ដែល​ទាក់ទង​នឹង​​សត្វ​ប្រចៀវ​នេះ​។ ការរំខាន​ ឬ​​យាយី​ពី​មនុស្ស​ដែល​មិន​អាច​គ្រប់គ្រង​បាន​ជា​ញឹកញាប់​វា​ធ្វើឲ្យ​ចំនួន​សត្វ​ប្រចៀវ​ដែល​រស់នៅ​ក្នុង​រូង​ភ្នំ​ទាំង​នោះ​មាន​​ការថយចុះ​ហើយ​តាម​ការសិក្សា​​ជាច្រើន​ទៀត​បាន​បង្ហាញ​អំពី​ផលប៉ះពាល់​អវិជ្ជមាន​ដល់​រូងភ្នំ​មួយ​ចំនួន​ពី​ដំណើរ​ទេសចរណ៍​នេះ​»​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​​ថា ពួកគេ​គាំទ្រ​ដល់​ការអនុវត្ត​កិច្ចការ​គ្រប់គ្រង​រូងភ្នំ​ (​គុហា​) ​ប្រកប​ដោយ​ចីរភាព​ជាពិសេស​នៅ​តាម​រូងភ្នំ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ក្នុង​អំឡុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ផ្សេងៗ​ដូចជា បុណ្យ​ចូលឆ្នាំ​ខ្មែរ ជាដើម ហើយ​នៅក្នុង​គុហា​នៃ​ភ្នំ​ឈ្ងោក​ក៏​មាន​ប្រាសាទបុរាណ​ដ៏ចំណាស់​មួយ​ផង​ដែរ​។


អ្នក​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​តំបន់​រូងភ្នំ​នៅ​កម្ពុជា គួរ​តែ​ព្យាយាម​កាត់បន្ថយ​ការយាយី​ដល់​សត្វ​ប្រចៀវ ជាពិសេស​ក្នុង​អំឡុង​ពេល​​ពួក​វា​កំពុង​បន្ត​ពូជ និង​ក្នុង​ដំណាក់កាល​ពពោះ ដំណាក់កាល​បំបៅកូន និង​ដំណាក់កាល​ចិញ្ចឹម​កូន​ពីព្រោះ​ដំណាក់កាល​នីមួយៗ​គឺ​កើតឡើង​ជា​ទៀងទាត់​តាម​ពេលវេលា​ជាក់លាក់​ជា​រៀងរាល់​ឆ្នាំ​។

របាយការណ៍​ដដែល​នោះ​​បាន​បញ្ជាក់​ទៀត​ថា​៖ «​ជា​ឧទាហរណ៍​ចំណុច​ទាំងនេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការអនុវត្ត​មួយ​ចំនួន​ដូចជា ហាមឃាត់​ភ្ញៀវទេសចរ កុំ​ឲ្យ​ចូល​ទៅ​កាន់​កន្លែង​ដែល​សត្វ​ប្រចៀវ​កំពុង​ចិញ្ចឹម​កូន​របស់​វា ហើយ​ត្រូវ​ធានា​ថា​ការ​ចូល​ទៅ​ទស្សនា​ទីតាំង​នីមួយៗ​គឺ​អនុញ្ញាត​ឲ្យ​តែ​ក្រុម​មនុស្ស​ដែល​​មាន​ចំនួន​តិច និង​ត្រូវ​មាន​មគ្គុទ្ទេសក៍​ទៅ​ជាមួយ​ផង ហើយ​ត្រូវ​កម្រិត​ការរំខាន​យាយី​ឲ្យ​នៅ​តិច និង​ត្រូវ​កាត់បន្ថយ​សំឡេង​រំខាន​ផ្សេងៗ​ផងដែរ​ក៏​ដូចជា​ត្រូវ​ហាមប្រាម​កុំ​ឲ្យ​ភ្ញៀវទេសចរ​ចោល​សំរាម​រាយប៉ាយ និយាយ​រួម​គឺ​ត្រូវ​ធ្វើឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន​»៕ NS