ភ្នំពេញៈ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា មានកុមារក្រីក្រ និងកុមារកំព្រាជិត ៦ ពាន់នាក់កំពុងរស់នៅមណ្ឌលថែទាំកុមាររបស់រដ្ឋ និងអង្គការនានាទូទាំងប្រទេសដោយទទួលបានការផ្គត់ផ្គង់លើការរស់នៅ រៀនសូត្រ និងថវិការៀងរាល់ថ្ងៃ ខណៈគោលការណ៍ថ្មីចង់បង្វែរពួកគេឱ្យមករស់នៅក្នុងសហគមន៍ និងគ្រួសារវិញ។


លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា បច្ចុប្បន្នកម្ពុជាមានមណ្ឌលថែទាំកុមាររបស់រដ្ឋចំនួន ២១ មណ្ឌល និងមណ្ឌលថែទាំកុមាររបស់អង្គការជាតិ និងអន្តរជាតិ ២០០ មណ្ឌលនៅទូទាំងប្រទេស។ ក្នុងនោះកុមារក្រីក្រ និងកុមារកំព្រាកំពុងទទួលបានការថែទាំនៅក្នុងមណ្ឌលទាំងរដ្ឋ និងអង្គការសរុបជិត ៦ ពាន់នាក់ក្នុងនោះកុមាររស់នៅមណ្ឌលថែទាំរបស់រដ្ឋមានប្រហែលជាង ១ ពាន់នាក់។

លោកថ្លែង៖ «បើតាមការប៉ាន់ស្មានក្នុង ២១ មណ្ឌលថែទាំកុមាររបស់រដ្ឋនេះ មណ្ឌលនីមួយៗអាចមានកុមារក្រីក្រ និងកុមារកំព្រាប្រមាណជិត ៣០ នាក់» ។


លោក ចាន់នី បញ្ជាក់ថា៖ «យើងគ្រប់គ្រងចិញ្ចឹមពួកគាត់ (កុមារ) លើការរស់នៅ ការសិក្សា ការហូបចុក ស្លៀកពាក់។ ចំពោះរបបអាហាររបស់កុមារនៅមណ្ឌលថែទាំរបស់រដ្ឋយើងផ្ដល់ថវិកាឱ្យកុមារក្នុង ១ នាក់ ៥ ពាន់រៀល។ ក្រៅពីនេះយើងផ្គត់ផ្គង់ពួកគាត់លើថ្នាំពេទ្យ និងការព្យាបាលផ្សេងទៀត»។

បើតាមលោក ចាន់នី កុមារដែលមណ្ឌលថែទាំទទួលយកមកមើលថែគឺជាកុមារស្ថិតក្នុងជម្រើសចុងក្រោយ បន្ទាប់ពីមិនអាចរកអ្នកទទួលយកទៅមើលថែនៅក្នុងសហគមន៍ ឬក្នុងគ្រួសារបាន។ ដូច្នេះជម្រើសចុងក្រោយគឺយកមកថែទាំនៅក្នុងមណ្ឌលថែទាំកុមារ។ ប៉ុន្តែពួកគេត្រូវមានអាយុចាប់ពី ៣ ឆ្នាំដល់អាយុក្រោម ១៨ ឆ្នាំហើយនៅពេលរស់នៅក្នុងមណ្ឌលបានអាយុគ្រប់ ១៨ ឆ្នាំគឺត្រូវធ្វើសមាហរណកម្មដោយត្រូវរៀបចំផ្លាស់ប្ដូរឱ្យពួកគេទៅរស់នៅក្នុងគ្រួសារ ឬសហគមន៍វិញ។


លោកបញ្ជាក់ថា៖ «គោលការណ៍ថ្មីនាពេលបច្ចុប្បន្ននេះ យើងមិនចង់យកក្មេងក្រីក្រ ក្មេងកំព្រា មកចិញ្ចឹមនៅក្នុងមណ្ឌលទេ គឺយើងប្ដូរពីការចិញ្ចឹមកុមារនៅតាមមណ្ឌលទៅជាការចិញ្ចឹមក្នុងគ្រួសារ ឬសហគមន៍វិញ»។

លោក សំលៀង សីលា នាយកប្រតិបត្ដិអង្គការសកម្មភាពដើម្បីកុមារ (APLE) មើលឃើញថា ពាក់ព័ន្ធនឹងការឆ្លើយតបរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធចំពោះកុមារនាពេលបច្ចុប្បន្នគឺមានការយកចិត្តទុកដាក់បានហ្មត់ចត់ជាងមុន។ ប៉ុន្ដែធនធានចំពោះការថែទាំកុមារក្នុងរយៈពេលវែងគឺនៅមានកម្រិតនៅឡើយ។

លោកថ្លែងថា៖ «ទាក់ទងនឹងគុណភាពដែលក្រសួងសង្គមកិច្ចព្យាយាមពង្រឹងនេះ គឺឃើញថាមានភាពល្អប្រសើរជាងមុនច្រើន។ បច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងអនុវត្ដបានច្រើនចំពោះការកាត់បន្ថយការយកកុមារមកថែទាំនៅក្នុងមណ្ឌលមកជាការថែទាំនៅក្នុងសហគមន៍ និងគ្រួសារវិញ»៕