ក្រចេះ: ក្នុងទិវាអណ្តើកពិភពលោកថ្ងៃទី ២៣ ខែឧសភា អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) សហការជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ១០០ ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គនៅចំណុចឆ្នេរខ្សាច់កោះប្រើស ភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ កាលពីថ្ងៃទី ២១ ខែឧសភា។
លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែឧសភាថា ការលែងកូនកន្ធាយនេះ បង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួង ស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូក្នុងការស្តារប្រភេទសត្វកម្រដែលជិតផុតពូជ។
លោកថ្លែងថា៖ «ឥឡូវ យើងបានថែរក្សាសម្បុករបស់សត្វហ្នឹង ហើយថែរក្សាពងវាហ្នឹង ហើយយើងលែងវាទៅក្នុងជម្រកធម្មជាតិ។ (ការលែងនេះ) គឺបង្ហាញពីស្ថិរភាព និងសមត្ថភាពនៃជម្រករបស់ប្រភេទសត្វកម្រនេះ។ បើសិនជាវាមិនមានសុវត្ថិភាពទេ យើងអត់លែងវាចូលទៅទេ»។
លោក សិរីរដ្ឋា បន្តថា ទោះបីជាមានការគំរាមកំហែងដោយសារតែកត្តានេសាទខុសច្បាប់មួយចំនួន ក៏ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅមានការកើនឡើង។ ការលែងកូនកន្ធាយចំនួន ១០០ ក្បាលនេះ ត្រូវបានប្រមូលផ្តុំនៅតាមតំបន់គោលដៅនៅភូមិក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ នៅពេលវាចាប់ផ្តើមញាស់ក្រុមល្បាតដែលការពារសម្បុកពងកូនយកវាមកបំប៉នបន្ថែម រួចធ្វើការលែងចូលទៅក្នុងទីជម្រកធម្មជាតិ។
លោក សិរីរដ្ឋា បញ្ជាក់ថា៖ «នេះជាចំណុចបឋមសម្រាប់ឆ្នាំហ្នឹងដែលយើងលែង ហើយយើងគ្រោងនឹងលែងបន្តបន្ទាប់ទៀត នៅពេលដែលយើងពិនិត្យទៅលើសុខភាពរបស់កូនដែលញាស់ហ្នឹងហើយដល់អាយុកាលដែលត្រូវលែងគឺយើងលែងបន្តបន្ទាប់ទៀត»។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ មិនបានធ្វើអត្ថាធិប្បាយទៅនឹងសំណួរភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែឧសភាទេ ដោយលោកប្រាប់ថា ត្រូវការប្រមូលព័ត៌មានជុំវិញបញ្ហានេះ។
បើតាម WCS គិតចាប់ពីខែមករារហូតដល់ត្រឹមថ្ងៃទី ២១ ខែឧសភា ឆ្នាំនេះ កូនកន្ធាយក្បាលកង្កែបចំនួន ១ ០៨១ ក្បាល បានញាស់ចេញពីសម្បុកចំនួន ៤៩ សម្បុកក្នុងចំណោម ៦៦ សម្បុក ហើយក្រុមការងារបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៩៦៨ ក្បាល ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ៕
វីដេអូ៖