ភ្នំពេញៈ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាទៅដល់កម្មការិនីដែលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលកូន អស់ទឹកប្រាក់ប្រមាណជាជិត ២០ លានដុល្លារ។
របាយការណ៍របស់ ប.ស.ស បានឱ្យដឹងថា គិតចាប់ពីថ្ងៃដែលរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការនៃការផ្តល់ជូនរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនកម្មការិនីសម្រាលកូនពីដើមឆ្នាំ ២០១៨ ដល់ខែសីហាឆ្នាំ ២០២០ មានទឹកប្រាក់ប្រមាណជាង ៧៨,៧ ប៊ីលានរៀល ឬប្រមាណជាជិត ២០ លានដុល្លារត្រូវបាន ប.ស.ស. បើកផ្តល់ជូនស្ត្រីសម្រាលកូន។ របាយការណ៍ឱ្យដឹងថា៖ «ក្នុងនោះស្រី្តដែលបានសម្រាលកូន និងទទួលបានថវិកាមានចំនួន ១៩៥ ៥៣០ នាក់ដែលមានចំនួនកូនសរុប ១៩៦ ៨៦៦ នាក់»។
លោក អ៊ុក សមវិទ្យា អគ្គនាយកនៃ ប.ស.ស ថ្លែងថា ទាំងនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត។
លោកថា រហូតមកទល់ពេលនេះ បើទោះបីជាមានការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីកម្មករនិយោជិតជាសមាជិកយ៉ាងណាក៏ដោយ ក៏លោក និងមន្ត្រីនៃ ប.ស.ស បាននិងកំពុងបន្តដឹកនាំអនុវត្តដោយធ្វើយ៉ាងណាឱ្យការផ្តល់សេវាគាំពារសង្គមមួយនេះកាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនដល់កម្មការិនីជាសមាជិករបស់ខ្លួន។
អ្នកស្រី មាស សុខនី កម្មការិនីជាសមាជិក ប.ស.ស. ដែលទើបតែឆ្លងទន្លេបានជិត ២ ខែថ្លែងថា គ្រួសារគាត់មានជីវភាពលំបាកហើយគាត់នឹងចំណាយលុយកាន់តែច្រើនទៀតនៅពេលគាត់សម្រាលកូននេះ ប៉ុន្តែដោយសារតែគាត់មានកាត ប.ស.ស. គាត់បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលសម្រាប់ដោះស្រាយជីវភាពបានមួយរយៈពេល។
អ្នកស្រីថា៖ «ខ្ញុំទទួលបានប្រាក់ ៤០ ម៉ឺនរៀលពីរាជរដ្ឋាភិបាលតាមរយៈ ប.ស.ស។ ប្រាក់នេះមិនច្រើនទេសម្រាប់អ្នកមានជីវភាពធូរធារ ប៉ុន្តែសម្រាប់ខ្ញុំ គឺវាច្រើននិងមានតម្លៃណាស់ក្នុងការជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ខ្ញុំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យមានការឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីពេលសម្រាលកូនចាប់តាំងពីដើមឆ្នាំ ២០១៨ ក្នុងនោះកម្មការិនីសម្រាលបានកូន ១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ៨០ ម៉ឺនរៀល និងកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ លាន ២ សែនរៀល។
គួរបញ្ជាក់ថា សម្រាប់ ១ ឆ្នាំ ២០១៨ មានកម្មការិនីនៅទូទាំងប្រទេសចំនួន ៦៥ ០៥៤ នាក់បានសម្រាលកូនសរុប ៦៥ ៥៣៤ នាក់ក្នុងនោះស្ត្រីដែលសម្រាលបានកូនភ្លោះ ២ មាន ៤៧០ នាក់ និងកូនភ្លោះ ៣ មាន ៥ នាក់ចំណែកក្នុងឆ្នាំ ២០១៩ កម្មការិនី ៧៧ ៤៤៩ នាក់ បានសម្រាលកូនបាន ៧៧ ៩៦៦ នាក់ ក្នុងនោះស្ត្រីដែលសម្រាលបានកូនភ្លោះ ២ មាន ៥០៩ នាក់ និងកូនភ្លោះ ៣ មានចំនួន ៤ នាក់៕
វីដេអូ៖