ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ការពារ​សុខភាព​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះត្រជាក់​ដើម្បី​ការពារ​ជំងឺ​ផ្លូវដង្ហើម ដែល​មិនត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល្លែកហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម​បណ្តាល​មកពី​វីរុស និង​មេរោគ​ស្ត្រិបតូកូក​ដែល​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា គ្រុនផ្តាសាយ ហៀរ​សំបោរ រលាក​បំពង់ក និង​ក្អក​។


សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឱ្យដឹងថា បច្ចុប្បន្ន​អាកាសធាតុ​មាន​ការប្រែប្រួល​ហើយ​ខ្យល់​ត្រជាក់​នៃ​រដូវរងា​បាន​មក​ដល់​ហើយ​។ ដូច្នេះ​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ឱ្យបាន​ល្អ និង​ចៀស​ផុតពី​ជំងឺ​តម្កាត់​ដែល​អាច​កើតមាន​ជាយថាហេតុ​បណ្តាល​មកពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​។ ជាពិសេស​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​។

បើ​តាម​សេចក្តី​ណែនាំ​ដដែល​នេះ​គឺ​ក្នុង​ចំណោម​ជំងឺ​តាម​រដូវកាល​ដែល​ជួបប្រទះ​ញឹកញាប់​ក្នុង​អំឡុងពេល​អាកាសធាតុ​ចុះត្រជាក់​គឺ​នៅ​ចន្លោះ​ពី​ខែធ្នូ ដល់​ខែមករា​ នៃ​ឆ្នាំ​នីមួយៗ​ភាគច្រើន មានដូចជា ជំងឺ​ផ្លូវដង្ហើម ដែល​មិនត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល្លែកហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម​បណ្តាល​មកពី​វីរុស និង​មេរោគ​ស្ត្រិបតូកូក​ដែល​បង្ក​ឱ្យ​មាន​រោគសញ្ញា​ដូចជា គ្រុន​ផ្តាសាយ ហៀរសំបោរ រលាក​បំពង់ក ក្អក និង​រលាក​ក្រពះ ពោះវៀន​ដោយ​ពពួក​វីរុស​ជាដើម​។


ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ស្លៀកពាក់​អាវ​ក្រាស់ៗ រុំក​នឹង​កន្សែង ពាក់មួក និង​ស្រោមដៃ​រងា​ដើម្បី​ការពារ​កុំឱ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួនប្រាណ​ដោយ​ចំហ ធ្វើយ៉ាងណា​ឱ្យមាន​ការរក្សា​កម្តៅ​ក្នុង​ខ្លួន​ជាធម្មតា​។ ចូរ​ស្វែងរក​ការព្យាបាល​ដោយ​វេជ្ជសាស្ត្រ​នៅ​គ្រឹះស្ថាន​សុខាភិបាល ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ពិបាក​ដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង​ឈឺ​សាច់ដុំ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត ដែល​មិនបាន​រៀបរាប់​នៅក្នុង​សេចក្តី​ណែនាំ​នេះ​បាន​អស់​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «​ពេល​លោកអ្នក ក្អក ឬ​កណ្តាស់ សូម​ខ្ទប់មាត់​ជាមួយ​ក្រដាស ក្រណាត់ ឬ​កន្សែង​ស្អាត​។ បើ​គ្មាន​ក្រណាត់ ឬ​កន្សែង សូម​ក្អក ឬ​កណា្ដ​ស់​ដោយ​យកដៃ​អាវ​ខ្ទប់មាត់ មិនត្រូវ​ប្រើ​ដៃទទេ​របស់លោក​អ្នកនោះ​ទេ​។ លើសពីនេះ​លាងសម្អាត​ដៃ​របស់​លោកអ្នក​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ហើយ​ចៀសវាង​យកដៃ​លោកអ្នក​ទៅ​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់​របស់​លោកអ្នក ប្រសិន​បើ​មិន​ទាន់​បាន​លាងសម្អាត​ទេនោះ​»​។


អ្នកស្រី​ ហោ សុខឃីម ប្រជាពលរដ្ឋ​រស់នៅ​ខេត្តតាកែវ​ប្រាប់​ពី​ម្សិលមិញ​ថា អ្នកស្រី​បាន​ទិញ​អាវ​រងា មួក និង​ស្រោមដៃ​មួយ​ចំនួន​សម្រាប់​ស្លៀកពាក់​នៅ​រដូវរងា​នេះ​រួចហើយ​។ ប៉ុន្ដែ​អាកាសធាតុ​នៅ​ខេត្តតាកែវ​ត្រជាក់​នៅពេល​យប់​ខ្លាំង​ជាង​ពេល​ថ្ងៃ ព្រោះ​ថ្ងៃ​មាន​កម្ដៅ​ព្រះអាទិត្យ​ជួយ​មិនឱ្យ​អាកាសធាតុ​ត្រជាក់​ខ្លាំងពេក​ទេ​។

អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​បារម្ភ​តែ​កូនៗ​ខ្ញុំ ព្រោះ​ពួកគាត់​នៅ​តូចៗ ពេល​យើង​ស្លៀកពាក់​ឱ្យ​គាត់ គាត់​ក៏​ដោះចេញ​វិញ ដោយសារ​គាត់​មិនសូវ​ចេះ​ស្លៀកពាក់​ខោអាវ​ច្រើន​ជាន់​ដូច​យើង​ចាស់​។ នៅផ្ទះ​ខ្ញុំ​អត់​មាន​ចាស់ៗ​នៅ​ជាមួយ​ទេ ប៉ុន្ដែ​ខ្ញុំ​អំពាវនាវ​បងប្អូន​ដែលមាន​ចាស់ៗ​អាយុ​ច្រើន​នៅក្នុង​បន្ទុក​គ្រួសារ ក៏​គួរតែ​ជួយ​ស្លៀកពាក់​ឱ្យ​គាត់​បាន​ច្រើន​ជាន់ ពេល​មាន​អាកាសធាតុ​ត្រជាក់​បែបនេះ​ដើម្បី​កុំឱ្យ​រងា ឬ​ត្រជាក់​ខ្លាំង ព្រោះ​ពួកគាត់​ងាយ​នឹងរង​គ្រោះ​ដល់​អាយុជីវិត​»៕

វីដេអូ៖