ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបិទច្រករបៀងមួយចំនួនហើយ និងពង្រីកទីតាំង ផ្តល់បណ្ណព្រំដែនដល់ប្រជាពលរដ្ឋឲ្យបានច្រើនកន្លែងបន្ថែមទៀតដើម្បីទប់ស្កាត់ពលករចំណាកស្រុក និងទំនិញគេចពន្ធ។ នេះបើយោងតាមលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ការដាក់ស្នើនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិភាក្សាលើការចេញចូលច្រកទា្វរព្រំដែន និងការប្រើប្រាស់បណ្ណព្រំដែន កាលពីព្រឹកថ្ងៃចន្ទ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ ដែលបានដឹកនាំ ដោយ លោក សុខ ផល និងមានការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការពារព្រំដែន និងអគ្គនាយករងនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃ។
លោកបញ្ជាក់ថា៖ «យើងជំរុញបើកច្រកទ្វេភាគីរវាងប្រទេសថៃនិងប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់ បណ្ណព្រំដែនដែលទទួលស្គាល់ដោយផ្លូវច្បាប់ដោយប្រទេសទាំង ២ ដូច្នេះយើងជំរុញឲ្យប្រជាជន ប្រើប្រាស់ ច្រកផ្លូវការដែលទទួលស្គាល់ទាំងទ្វេភាគីនៅពេលដែលយើងបើកច្រកផ្លូវការបានច្រើនហើយយើងនឹងខិតខំបិទច្រកខុសច្បាប់»។
លោកបានឲ្យដឹងទៀតថាបណ្ណព្រំដែនគឺជាបណ្ណមួយសម្រាប់សម្រួលឲ្យប្រជាជនចេញចូលតាមខេត្តដែលនៅជាប់ជាមួយនឹងព្រំដែន។ ប៉ុន្តែលោកមិនអាចធ្វើអត្ថាធិប្បាយថាតើមានច្រករបៀងចំនួនប៉ុន្មានដែលបានដាក់ស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីបិទនោះទេ តែអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើបិទច្រករបៀងមួយចំនួនដែលប្រជាពលរដ្ឋបាននិងកំពុងប្រើប្រាស់។
លោកថ្លែងថា៖ «ក្នុងកិច្ចប្រជុំរបស់យើង យើងបានលើកស្នើទៅសម្តេចរួចហើយ (បិទច្រករបៀង) យើង មិនទាន់កំណត់ ថាច្រកឈ្មោះមួយណា នៅឡើយទេតែយើងដឹងហើយយើងស្នើជាគោលការណ៍សិន ហើយ ច្រករបៀងនេះ ក៏មាន ច្រើនដែរ ដែលបច្ចុប្បន្នប្រជាជនបាននិងកំពុងប្រើប្រាស់ដើម្បីចេញចូលរាល់ថ្ងៃ»។
លោកបានប្រាប់ឲ្យដឹងថា រាជរដ្ឋាភិបាលប្រទេសកម្ពុជានិងប្រទេសថៃបានឯកភាព បង្កើត ៤ ច្រកថ្មីដែលក្នុងនោះ ច្រកភ្នំដីនៅខេត្តបាត់ដំបង ច្រកអន្តរជាតិស្ទឹងបត់នៅបន្ទាយមានជ័យ ដែលបាននិងកំពុង តែដំណើរការប្រើប្រាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានកំពុងជំរុញឲ្យមានការបើកច្រកអន្តរជាតិ ២ ផ្សេងទៀត។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានគាំទ្រនិងស្វាគមន៍ វិធានការនេះអាចនឹងជួយកាត់បន្ថយពលករចំណាកស្រុក និងទំនិញគេចពន្ធលុះត្រាណា តែក្រសួងមហាផ្ទៃអាចទប់ស្កាត់អំពើពុក រលួយនៅតាមព្រំដែនបានផងដែរ។
លោកបញ្ជាក់ថា៖ «ការបិទច្រករបៀងវាអាចមានប្រសិទ្ធភាពដោយសារតែកន្លងមកមានការឆ្លងដែនដោយខុសច្បាប់តាមច្រករបៀង។ ក៏ប៉ុន្តែប្រសិទ្ធភាពឬយ៉ាងណាវាអាស្រ័យទៅលើការកាត់បន្ថយអំពើពុករលួយរបស់មន្ត្រីតាមច្រកព្រំដែនលុះត្រាយើងធ្វើការ សហការគ្នារវាងអាជ្ញាធរថៃនិងកម្ពុជាឲ្យបានហ្មត់ចត់ទើបយើងអាចកាត់បន្ថយបាន»។
បើយោងតាមគេហទំព័រក្រសួងមហាផ្ទៃដែលបានចុះផ្សាយកាលពីថ្ងៃចន្ទទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលដៅស្ដាប់របាយការណ៍ជំនាញ និងរបាយការណ៍ស្ដីពីការថ្នាំងថ្នាក់ចិត្តរបស់ប្រជាពលរដ្ឋនៅ តាមតំបន់ព្រំដែនមួយចំនួន ជាពិសេសតំបន់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលជួបការលំបាកក្នុងការចេញចូល ឆ្លងកាត់ព្រំដែនឲ្យបានសមស្របក្រោយពីមានការបិទច្រករបៀង ជាច្រកមិនផ្លូវការមួយចំនួនរួចមក។
គេហទំព័រដដែលនេះបានឲ្យដឹងថា ការងារសំខាន់ចំពោះមុខដែលតម្រូវឲ្យមានការដោះស្រាយក្រោយកិច្ចប្រជុំនេះមានចំនួន ០៣ រួមមាន៖ ១-ពង្រីកទីតាំងផ្តល់បណ្ណព្រំដែន ដល់ប្រជាពលរដ្ឋឲ្យបាន ច្រើនកន្លែងបន្ថែមទៀត ២-បង្កើតច្រកសំខាន់ៗមួយចំនួនឲ្យទៅជាច្រកតំបន់ជាផ្លូវការ ៣-រក្សាការចេញចូលតាម ទម្លាប់បច្ចុប្បន្នឱ្យស្ថិតក្នុងស្ថានភាពដូចប្រក្រតីមួយរយៈដដែល ដោយការដោះស្រាយតាមផ្លូវច្បាប់ជាមួយប្រទេសជិតខាងអាចចំណាយរយៈពេលយូរ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងកាលពីដើមខែ កក្កដា ឆ្នាំ ២០១៩ ថា ក្នុងឆ្នាំ ២០១៩ ក្នុងរយៈពេលឆមាសទី១ កងយោធពលខេមរភូមិន្ទបានទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបបានចំនួន ២ ៩៨១ ករណី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងនោះនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ មានចំនួន ១ ២៨៩ ករណី៕