ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​អនុវត្ត​វិធី​បង្ការ​ចំនួន ​១១ ចំណុច​ ដើម្បី​ការពារ​ខ្លួន​កុំ​ឱ្យ​ពុល​ចំណី​អាហារ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​ ហើយ​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ឱ្យ​បាន​លឿន​បំផុត​ ប្រសិន​បើ​សង្ស័យ​ថា​ខ្លួន​អាច​ពុល​ស្រា និង​ចំណី​អាហារ​ ។ នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​៥ ​ខែ ​មេសា ។


តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​ខាង​លើ​ស្តីពី​ការ​បង្ការ​ជំងឺ ​និង​បញ្ហា​សុខភាព ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ ក្រសួង​សុខាភិបាល ​សង្កេត​ឃើញ​ថា ​ករណី​ពុល​អាហារ​នៅ​តែ​បន្ត​កើត​ឡើង​នៅ​តាម​សហគមន៍​នៃ​បណ្ដា​ខេត្ត​មួយ​ចំនួន ​ហើយ​រយៈពេល ​៣ ខែ​ដើម​ឆ្នាំ ​២០១៩ ​នេះ ​មាន​អ្នក​ពុល​ចំណី​អាហារ​ជា​ច្រើន​រយ​នាក់ ​​ក្នុង​នោះ ​ក៏​មាន​អ្នក​បាត់បង់​ជីវិត​ដែរ។ លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ស្ដីពី​ការ​បង្ការ​ជំងឺ ​និង​បញ្ហា​សុខភាព​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​បែប​នេះ ​គឺ​ដើម្បី​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណី​អាហារ ​ដែល​បរិភោគ​អាច​ធ្វើ​ឱ្យ​ពុល ។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​សូម​ក្រើន​រំឭក​ប្រជាជន​ទាំងអស់​ ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព ​ដែល​អាច​កើត​មាន​ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ​ដែល​ស្របគ្នា​ជា​មួយ​នឹង​អាកាសធាតុ​នៅ​លើ​ផ្ទៃ​ប្រទេស ​កម្ពុជា​ មាន​ការ​កើន​កម្ដៅ​ខ្លាំង ​ជា​ពិសេស​ទៅ​លើ​ការ​បរិភោគ​ចំណី​អាហារ​ និង​ភេសជ្ជៈ ​ការ​រៀបចំ​អាហារ ​និង​ការ​ទុក​ដាក់​មិន​ត្រឹមត្រូវ ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ឈឺ​ពោះ​ ​ក្អួត​ រាករូស​ ដែល​បណ្ដាល​មក​ពី​ការ​បរិភោគ​ចំណី​អាហារ​មិនមាន​អនាម័យ​ អាហារ​ជូរ ​ផ្អូម​ ឬ​​ការ​ពុល​ស្រា ​បណ្ដាល​មក​ពី​ការ​ទិញ​ស្រា​មក​ពិសា​ដែល​ជា​ស្រា​បាន​ផលិត​ ​ឬ​បាន​បិត​មិន​មាន​លក្ខណៈ​តាម​បច្ចេកទេស​ត្រឹមត្រូវ​ជា​ដើម»។


បើតាម​លោក ម៉ម ប៊ុនហេង ​ដើម្បី​គេច​ផុត​ពី​ការ​ពុល​ចំណី​អាហារ ​ពលរដ្ឋ​ ត្រូវ​ការពារ​ខ្លួន​ ដោយ​អនុវត្ត​តាម​វិធានការ ​១១ ​ចំណុច ​ដូចជា​ ទី​១ ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​ម្ហូបអាហារ​ ដែល​ស្អាត​និង​ឆ្អិន​ជានិច្ច។ ទី​២ ​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ មុន​ពេល ​និង​អំឡុង​ពេល​រៀបចំ​ម្ហូប​អាហារ ​មុន​បរិភោគ ​មុន​ពេល​បញ្ចុក​កូន​ និង​ក្រោយ​បន្ទោបង់។ ទី​៣ ​អាហារ​ត្រូវ​គ្រប​ជានិច្ច​ដើម្បី​ចៀសវាង​រុយ​រោម។ ទី​៤ ពិនិត្យ​មើល​ចំណី​អាហារ​​ដែល​អាច​នឹង​ជូរ​ផ្អូម។ ​ទី​៥ ​លាង​សម្អាត​បន្លែ​ផ្លែឈើ​ជាមួយ​នឹង​ទឹក​ស្អាត​មុន​បរិភោគ។

ទី​៦​ សម្អាត​សម្ភារ​ប្រើប្រាស់​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ។ ទី​៧ ​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ​ជា​ពិសេស ​សាច់​សត្វ​ស្លាប ​ស៊ុត ​និង​អាហារ​សមុទ្រ។ ទី​៨ ​ទុក​ដាក់​ចំណី​អាហារ​ឆៅ ​និង​ឆ្អិន​ដាច់​ដោយ​ឡែក​ពី​គ្នា។ ទី៩​ កុំ​រក្សា​ទុក​អាហារ​ក្នុង​កម្ដៅ​ធម្មតា​លើស​ពី ២ ​ម៉ោង ។ ទី​១០ ​មិន​ត្រូវ​រក្សា​ទុក​អាហារ​ច្រើន​ថ្ងៃ ​ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​ក៏​ដោយ ​និង​ទី១១ ​កុំ​ប្រើប្រាស់​ចំណី​អាហារ​ហួស​កាល​កំណត់​ប្រើប្រាស់ ។


ប៉ុន្តែ​បើ​មាន​បញ្ហា​ពុល​អាហារ​ ឬ​រោគ​សញ្ញា​ពុល​ស្រា ​ដូចជា​ ឈឺ​ក្បាល​ ក្អួត ​ឈឺ​ពោះ​ វិល​មុខ​ ស្រវាំង​ភ្នែក ​សន្លប់ ​ប្រកាច់ ​ពិបាក​ដក​ដង្ហើម​ គឺ​ត្រូវ​ស្វែងរក​ការ​ពិនិត្យ​ និង​ព្យាបាល​ជា​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ ឬ​ទៅ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​ផ្ទះ ។

តួលេខ​ពី​ក្រសួង​សុខាភិបាល​ ក៏​​បញ្ជាក់​ថា​ គិត​ចាប់​ពី​អំឡុង​ឆ្នាំ ​២០១៨ ដល់​ខែ មីនា​ ឆ្នាំ ​២០១៩ ​គឺ​មាន​ករណី​ពុល​ចំណី​អាហារ ​និង​ស្រា​កើត​ឡើង​ចំនួន ​៣០ លើក​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ពុល​សរុប ​១ ៣០៤ នាក់​ ហើយ​អ្នក​ស្លាប់​សរុប​មាន ២៧ នាក់។

ភ្នំពេញ​ប៉ុស្ដិ៍ ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​លី សូវ៉ាន់ ​មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​បាន​ទេ​ពី​ម្សិលមិញ។

ប៉ុន្តែ​លោក ​ឈ្នាង សុវត្ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ​ជា​ខេត្ត​ដែល​ធ្លាប់​កើត​មាន​ករណី​ពុល​ស្រា​ក្រោយ​បង្អស់​នៅ​ក្នុង​ខែ តុលា ​ឆ្នាំ​ ២០១៨ ដែល​បណ្តាល​ឲ្យ​មនុស្ស​ ​៥ នាក់​ស្លាប់​ក្នុង​ចំណោម​អ្នក​ពុល​សរុប ​៧៨ នាក់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ ​ថា ​ចាប់​ពី​​ខែ មករា​ ឆ្នាំ ២០១៩ ​មក​ គឺ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ទៅ​ប្រជុំ​នៅ​តាម​ឃុំ ​ដោយ​អញ្ជើញ​មេ​ភូមិ​ និង​អ្នក​ផលិត​ស្រា​ទាំង​អស់ ​មក​អប់រំ​អំពី​ការ​ផលិត ​និង​ការ​ចរាចរណ៍​ស្រា ​ព្រម​ទាំង​ប្រធាន​បទ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​ផង​ដែរ ។

លោក​ថ្លែង​ថា​៖«ទី១ ​យើង​ប្រាប់​អ្នក​ផលិត ​(ស្រា) ​កុំ​ឱ្យ​គាត់​យក​ស្អី​មួយ​មក​លាយ​ស្រា​ឱ្យ​ខ្លាំង ​ហើយ​ក៏​កុំ​ជឿ​ថា ​អាហ្នឹង​ជា​មេ​ស្រា ​ដើម្បី​កុំឱ្យ​មាន​ការ​ភាន់​ច្រឡំ ។ ឱ្យ​គាត់​ផលិត​ឱ្យ​បាន​ត្រឹមត្រូវ ​ហើយ​ផលិត​ខុស​គាត់​នឹង​មាន​ទោស។ ទី២ ​យើង​ពន្យល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​គាត់​ពិសា​ស្រា​ស​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ​ព្រោះ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់ ​ហើយ​យើង​បង្ហាញ​អំពី​លទ្ធផល​គ្រោះ​ថ្នាក់​កន្លង​មក​ ដើម្បី​ឱ្យ​គាត់​បាន​ជ្រាប» ។

លោក ​ឈ្នាង សុវត្ថា​ បន្ថែម​ថា​ ការ​ចុះ​ទៅ​អប់រំ​អំពី​វិធានការ​ទប់​ស្កាត់​ការ​ពុល​ស្រា​ និង​ចំណី​អាហារ​នេះ​ ធ្វើ​ឡើង​នៅ​តាម​ឃុំ​ដែល​ធ្លាប់​ជួប​បញ្ហា​មុន​គេ​ ជា​ពិសេស​នៅ​តាម​តំបន់​រស់​នៅ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ដែល​ពួក​គេ​ចូល​ចិត្ត​ពិសា​ស្រា​ច្រើន ៕