ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន​ និង​កីឡា សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា ដែល​មាន​ការគាំទ្រ​ពី​មូលនិធិ​ (KinchanFoundation) ​កំពុង​បង្កើត​បណ្ណាល័យ​ទំនើប​ភ្ជាប់​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅតាម​សាលារៀន​ក្នុង​​រាជធានី​ភ្នំពេញ និង​ខេត្ដ​ចំនួន​ ៩ នៅ​កម្ពុជា ពិសេស​នៅ​តំបន់​ដាច់ស្រយាល ដើម្បី​ជំរុញ​ការអាន​ដល់​សិស្ស​។


លោក​ សៅ វណ្ណា នាយក​ប្រតិបត្ដិ​អង្គការ​សកម្មភាព​សម្រាប់​​ការអប់រំ​នៅ​កម្ពុជា​ (KAPE) ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​អប់រំ​កម្មវិធីសិក្សា​សាលារៀន​ជំនាន់​ថ្មី​របស់​ក្រសួង​អប់រំ និង​ដោយមាន​ការគាំទ្រ​ពី​មូលនិធិ​ (KinchanFoundation) ​អង្គការ​ (KAPE) ​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ អនុវត្ដ​គម្រោង​កុមារ​កម្ពុជា​រីករាយ​ (HCC)​។ ក្នុងនោះ​មាន​ការបង្កើត​បណ្ណាល័យ​ទំនើប​ចំនួន​ ៤៧ ​នៅតាម​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ដាច់ស្រយាល​ចំនួន​ ៩ គិត​ចាប់ពី​ឆ្នាំ​ ២០១៨ រហូតមកទល់​ឆ្នាំ​ ២០២១ ​នេះ ដើម្បី​ជំរុញ​ការអាន និង​ការសិក្សា​ដល់​សិស្ស​។

លោក​ថ្លែងថា​៖ «​បណ្ណាល័យ​ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​​គ្រឿងសង្ហារិម​ដែល​មាន​មុខងារ​ច្រើន និង​មាន​ការរចនា​ឯកទេស​សម្រាប់​សកម្មភាព​ជាក់លាក់​មួយចំនួន​ដូចជា ការនិទាន​រឿង និង​ការអាន​។ បណ្ណាល័យ​នេះ​​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍ និង​គ្រូបង្រៀន​ក្នុង​មូលដ្ឋាន និង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​កុមារ​ក្នុង​ការអាន និង​ការ​ចូលរៀន​»​។


លោក​បាន​បន្តថា បច្ចុប្បន្ន​ការបណ្តុះបណ្តាល​បណ្ណារក្ស​កំពុង​ដំណើរការ​ក្នុង​គោលបំណង​ធានា​ឱ្យ​មាន​អត្រា​ខ្ពស់​ក្នុង​ការប្រើប្រាស់​បណ្ណាល័យ និង​ទទួល​ការថែទាំ​បានល្អ​។

បើតាម​លោក វណ្ណា បច្ចុប្បន្ន​បណ្ណាល័យ​ទំនើប​នេះ​មាន​ភ្ជាប់​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅតាម​សាលារៀន​ដាច់ស្រយាល​ចំនួន​ ១៦ នៅក្នុង​ខេត្ត រតនគិរី ក្រចេះ​ និង​ត្បូងឃ្មុំ​។ ​អង្គការ ​(KAPE) ​ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​ប្រមាណ​ ១ ​លាន​ដុល្លារ ក្នុង​ ១ ​ឆ្នាំ​​ពី​មូលនិធិ KinchanFoundation ដើម្បី​រៀបចំ​បង្កើត​បណ្ណាល័យ​ទំនើប​ដែល​រចនា​ឡើង​ក្រោម​ស្នាដៃ​កូន​ខ្មែរ​ទាំងស្រុង​។


លោក​ រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​​កីឡា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ដើម្បី​​ពង្រឹង​គុណភាព​បណ្ណាល័យ​តាម​សាលារៀន​ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន មូលនិធិ KinchanFoundation និង​អង្គការ KAPE ជាដើម​។

លោក​ថ្លែងថា​៖ «​បណ្ណាល័យ​ទំនើប​នៃ​គម្រោង​កុមារ​កម្ពុជា​​រីករាយ​បាន​ចូលរួម​លើកកម្ពស់​ការអាន​របស់​កុមារ​ដោយមាន​ការភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅតាម​សាលារៀន​ដាច់ស្រយាល​ចំនួន​ ១៦ នៅតាម​បណ្តា​ខេត្ត ដូចជា ខេត្តរតនគិរី ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ​»​។

លោក​បាន​បញ្ជាក់ថា ក្រោម​គម្រោង​នេះ​បណ្ណាល័យ​ត្រូវ​បាន​សាងសង់​ក្នុង​កម្មវិធី​សាលា​ជំនាន់​ថ្មី​របស់​អង្គការ KAPE ដោយ​​ប្រើប្រាស់​គ្រឿងសង្ហារិម ដែល​មាន​មុខងារ​ច្រើន និង​មាន​ការរចនា​ឯកទេស​សម្រាប់​សកម្មភាព​ជាក់លាក់​មួយចំនួន ដូចជា ការនិទាន​រឿង​ជាដើម​។

លោក សុវាចា បាន​បន្ថែមថា ការលើកកម្ពស់​គុណភាព​បណ្ណាល័យ​តាម​សាលារៀន​ជា​អាទិភាព​​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដោយសារ​អំណាន​បន្ថែម​ក្នុង​បណ្ណាល័យ​អាចជួយ​ពង្រឹង​បំណិន​អាន និង​មេរៀន​របស់​សិស្ស​តាម​មេរៀន​នីមួយៗ​។

ទន្ទឹមនឹង​នេះដែរ ក្រសួង​អប់រំ​បាន​ពង្រឹង​វិធីសាស្ត្រ​អំណាន​ និង​វិធីសាស្ត្រ​បង្រៀនលេខ​​នព្វន្ត​នៅ​បឋមសិក្សា និង​ពង្រឹង​វិធីសាស្ត្រ​បង្រៀន​នៅ​មធ្យមសិក្សា​តាមរយៈ​ការបណ្តុះ​ទម្លាប់​អាន​នៅក្នុង​ថ្នាក់រៀន និង​នៅក្នុង​បណ្ណាល័យ ការប្រារព្ធ​ទិវា​ជាតិ​អំណាន ការកែលម្អ​បណ្ណាល័យ​នៅតាម​គ្រឹះស្ថានសិក្សា និង​ការបង្កើត​បណ្តាញ​បណ្ណាល័យ​ឌីជីថល​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា និង​សាលា​គរុកោសល្យ​។ នេះ​បើតាម​លោក រស់ សុវាចា​។

បើតាម​លោក សៅ វណ្ណា អង្គការ​ខេប (KAPE) ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​ការអប់រំ​​ពី​ចម្ងាយ និង​តាម​ឌីជីថល​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ កាលពី​ឆ្នាំ​ ២០២០ អង្គការ​នេះ​មាន​គម្រោង​ចំនួន​ ២០ ដែល​បាន​ប្រតិបត្តិការ​ក្នុង​ ១៣ រាជធានី-ខេត្ដ និង​បានផ្តល់​ប្រយោជន៍​ដល់​កុមារ និង​យុវជន​ជាង ១២០ ០០០ ​នាក់​។ ក្រៅពីនោះ ខេប​ក៏បាន​បោះពុម្ពផ្សាយ​សៀវភៅ​បច្ចេកទេស​ និង​ឯកសារ​ក្របខ័ណ្ឌ​មួយចំនួនធំ​ដើម្បី​ផ្តល់​ជា​គំនិត​ច្នៃប្រឌិត​ថ្មី និង​បាន​បន្ត​ប្រមូលផ្តុំ​កម្មវិធី​អប់រំ​ថ្មី​ជាច្រើន​ដែល​បាន​ជួយ​អភិវឌ្ឍ​ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​៕