ភ្នំពេញៈ ក្រសួង​អប់រំ និង​អង្គការ Save the Children កំពុង​ពង្រីក​ការអប់រំ​ប្រកបដោយ​បរិយាប័ន្ន​ផ្នែក​ភាសា​សញ្ញា​បន្ថែមទៀត​ ខណៈ​ដែល​កាលពី​ឆ្នាំ​ ២០១៩ ក្រសួង​បាន​ប្រមូល​សិស្ស​ពិការភ្នែក និង​គថ្លង់​ចំនួន ៧២២ ​នាក់​ឲ្យ​ចូលរៀន​នៅ​វិទ្យាល័យ​។


លោក ភូមិ សារិទ្ធ អនុប្រធាននាយកដ្ឋាន​អប់រំ​ពិសេស​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​របាយការណ៍​ស្តីពី​ការអនុវត្ដ​ការអប់រំ​ប្រកបដោយ​បរិយាប័ន្ន​ផ្នែក​ភាសា​សញ្ញា​នៅក្នុង​សិក្ខាសាលា​ស្តីពី​ «​ការផ្សព្វផ្សាយ​ឯកសារ សម្រាប់​រៀន​ភាសា​សញ្ញា​ខ្មែរ​» របស់​គម្រោង​ពន្លឿន​ភាសា​សញ្ញា​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី​។

លោក​ថ្លែងថា ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដោយ​ខិតខំ​អនុវត្ដ​សកម្មភាព​ជាច្រើន ដើម្បី​ជួយ​ដល់​កុមារ​ជួប​ការលំបាក​ផ្សេងៗ ជាពិសេស​ការជួយ​កុមារ​ថ្លង់ និង​កុមារ​ពិបាក​ក្នុង​ការស្ដាប់​ជា​ភាសា​សញ្ញា​ឲ្យ​ទទួល​បានការ​អប់រំ​ពិសេស​តាមរយៈ​ភាសាសញ្ញា​ខ្មែរ​។


លោក សារិទ្ធ បញ្ជាក់​ថា​៖ «​សកម្មភាព និង​លទ្ធផល​សំខាន់ៗ​ដែល​បាន​អនុវត្ដ​កន្លងមក​នៅ​ឆ្នាំ​ ២០១៩ យើង​បាន​ប្រមូល​សិស្ស​ឲ្យ​ចូលរៀន​នៅតាម​វិទ្យាល័យ​អប់រំ​សិស្ស​ផ្នែក​ពិការភ្នែក និង​ថ្លង់​សរុប​ចំនួន ៧២២ ​នាក់​ក្នុង​នោះ​ស្រី ២៧១ ​នាក់​។ ក្នុងនោះ​ដែរ​សិស្ស​ថ្លង់​មាន ៥៥៥ នាក់ ស្រី​ចំនួន ២១២ ​នាក់​។ នៅ​ឆ្នាំ​ ២០១៩ មាន​សិស្ស​មាន​ពិការភាព​ទាំង​ ២ ​ភេទ​ចំនួន ១២ ​នាក់​ក្នុង​នោះ​ស្រី ៩ ​នាក់​បាន​ប្រឡង​ជាប់​បាក់ឌុប​ ១០០ ​ភាគរយ​»​។

បើ​តាម​លោក​ សារិទ្ធ នៅ​ឆ្នាំ​ ២០១៨ ក្រសួង​អប់រំ​បាន​ចាប់ផ្ដើម​សហការ​ជាមួយ​អង្គការ Save the Children បាន​អនុវត្ដ​កម្មវិធី​អប់រំ​ប្រកប​ដោយ​បរិយាប័ន្ន​ដែល​ផ្តោត​ទៅ​លើ​ភាសា​សញ្ញា​ខ្មែរ​នៅតាម​សាលារៀន​គោលដៅ​ចំនួន ១០ ស្ថិត​នៅក្នុង​ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់​។ ក្នុងនោះ​ក្រសួង​អប់រំ ក៏​បាន​បង្កើត​គណៈកម្មការ​ដឹកនាំ​គ្រប់គ្រង​សម្របសម្រួល​ពី​ការពន្លឿន​ភាសា​សញ្ញា​ដែលមាន​សមាជិក​រហូត​ដល់ ៣២ នាក់​ដើម្បី​ឆ្លើយតប​ទៅនឹង​ទំហំ​ការងារ​លើ​ការអនុវត្ដ​គម្រោង​ពន្លឿន​ភាសា​សញ្ញា​។


លោក សារិទ្ធ បាន​ឲ្យ​ដឹងថា​ការអនុវត្ដ​កម្មវិធី​អប់រំ​ប្រកបដោយ​បរិយាប័ន្ន​សម្រាប់​កុមារ​ថ្លង់ និង​កុមារ​ពិបាក​ក្នុង​ការស្ដាប់​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ដោយមាន​ការខិតខំ​ពី​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​ហើយ​មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​។

លោក​ថ្លែង​ថា​៖ «​យើង​ក៏បាន​រៀបចំ​ក្រុមការងារ​ជំនាញ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​រៀបចំ​កសាង​ឯកសារ​ភាសា​សញ្ញា​នៅតាម​សាលារៀន​គោលដៅ​ទាំង ១០ ក្នុងស្រុក​បាកាន​។ យើង​បាន​កសាង​ឯកសារ​សម្រាប់​បង្រៀន​ និង​រៀន​ភាសា​សញ្ញា​ជា​ភាសា​ខ្មែរ​ដើម្បី​បង្រៀន និង​រៀន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បាន​កសាង​ឃ្លីប​វីដេអូ​ខ្លីៗ​សម្រាប់​បង្រៀន និង​រៀន​ភាសា​សញ្ញា​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ពី​ពេល​នេះ​តទៅ​កុមារ​មាន​ពិការភាព និង​ជួប​ការលំបាក ពិសេស​កុមារ​ថ្លង់ និង​កុមារ​មាន​ការលំបាក​ក្នុងការ​ស្ដាប់​នឹង​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​សមធម៌​គុណភាព បរិយាប័ន្ន និង​ការសិក្សា​ពេញ​ ១ ​ជីវិត​»​។

លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ថ្វីដ្បិតតែ​គម្រោង​ពន្លឿន​ភាសា​សញ្ញា​នៅ​កម្ពុជា ទើបតែ​បាន​ធ្វើ​នៅក្នុង​សាលារៀន​ឯ​ស្រុក​បាកាន​ខេត្ដ​ពោធិ៍សាត់​ក៏ដោយ ក៏​លោក​សង្ឃឹម និង​ជឿជាក់ថា កិច្ចការ​នេះ​នឹង​ពង្រីក​ទៅ​ជា​ការអនុវត្ត​ទូទាំង​ប្រទេស ព្រោះ​នាយកដ្ឋាន​អប់រំ​ពិសេស​ក៏​បាន​ខិតខំ​ដែរ​។

លោក​ថ្លែងថា​៖ «​ទិសដៅ​ដំបូងបង្អស់​របស់​យើង​មកដល់​ពេល​នេះ​គឺ​ចង់ឃើញ​ឲ្យ​កុមារ​ទាំងអស់​ទាំង​មាន​ពិការភាព និង​មិនមាន​ពិការភាព​ទទួល​បាន​ការអប់រំ​ដូចគ្នា​នេះ​ជា​ទិសដៅ​រួម​របស់​យើង​»​។

លោកស្រី អេលីហ្សាប៊ែត ភៀស នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ Save the Children ថ្លែង​នៅក្នុង​សិក្ខាសាលា​ថា មាន​ការប៉ាន់ប្រមាណ​ថា យ៉ាងហោច​ណាស់​កុមារ ៩៣ ​លាន​នាក់​មាន​ពិការភាព​នៅលើ​ពិភពលោក​។ នៅក្នុង​ប្រទេស​កម្ពុជា ២,១ ​ភាគរយ​នៃ​ប្រជាជន​ដែល​មាន​អាយុ ៥ ​ឆ្នាំ និង​ច្រើនជាង​នេះ​មាន​ពិការភាព​។

លោកស្រី​បន្តថា កុមារ​ដែល​មាន​ពិការភាព​ចំនួន​ ៥៧ ​ភាគរយ​ដែល​មាន​អាយុ​ចូលរៀន​នៅ​សាលាបឋមសិក្សា​នៅក្រៅ​សាលា បើ​ប្រៀបធៀប​នឹង​កុមារ​ដែល​មិនមាន​ពិការភាព​មានតែ ៧​ ​ភាគរយ​ប៉ុណ្ណោះ​។ សម្រាប់​កុមារ​ដែល​បាន​ចូលរៀន​មាន​តែ ៤៤,៣ ​ភាគរយ​ប៉ុណ្ណោះ​បាន​បញ្ចប់​ថ្នាក់បឋមសិក្សា​។

លោកស្រី​ ភៀស​ បន្ថែម​ថា​៖ «​ការអប់រំ​បរិយាប័ន្ន​គឺជា​អាទិភាព​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​អាទិភាព​ជា​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​សង្ឃឹម​ថា ក្រសួង​អប់រំ និង​នាយកដ្ឋាន​អប់រំ​ពិសេស​នឹង​ប្រើប្រាស់​សម្ភារ​ដែល​មាន​ភាពច្នៃប្រឌិត​នេះ​ដើម្បី​កសាង​សមត្ថភាព​គ្រូបង្រៀន​ក្នុង​ការជួយ​ដល់​កុមារ​ដែល​ពិបាក​ក្នុង​ការស្តាប់​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Save the Children បញ្ជាក់ថា គម្រោង​ពន្លឿន​ភាសាសញ្ញា​នៅ​កម្ពុជា​ដែល​ទទួល​មូលនិធិ​ពី​ស្ថានទូត​ប្រទេស​អូស្ត្រាលី​តាមរយៈ អេខំ (AECOM) គឺ​ផ្តោត​ទៅ​លើ​ការផ្តល់​មេរៀន​ភាសា​សញ្ញា​កម្ពុជា​ដែល​មាន​ភាព​ច្នៃប្រឌិត​ដល់​កុមារ​ថ្លង់​ដែល​រស់នៅ​ក្នុងស្រុក​បាកាន​នៅ​តាម​សាលាបឋមសិក្សា​របស់​ពួកគេ និង​ការប្រើប្រាស់​មេរៀន​ជា​ខ្សែ​វីដេអូ និង​ឌីជីថល​។

តាមរយៈ​គម្រោង​នេះ​អង្គការ Save the Children បាន​បង្កើត​មេរៀន​ជា​ខ្សែ​វីដេអូ និង​ឌីជីថល​សម្រាប់​កុមារ​ដែល​ពិបាក​ក្នុង​ការស្តាប់​មិត្តភក្តិ​ក្រុមគ្រួសារ និង​លោកគ្រូ​អ្នកគ្រូ​។ បច្ចុប្បន្ននេះ​មេរៀន​ជា​ខ្សែ​វីដេអូ​មាន​នៅលើ​ប្រព័ន្ធ​សិក្សា​អនឡាញ​មួយ​ដែលមាន​ឈ្មោះថា Signs Discovery ដែល​ជា​ដៃគូ​ការងារ​របស់​អង្គការ​គ្រួសារ​ថ្មី ហើយ​នឹង​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​សិក្សា​អនឡាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕