ភ្នំពេញៈ ក្រុម​ការងារ​នៃ​គណៈកម្មការ​តាមដាន​ព័ត៌មាន​ក្លែង​ក្លាយ​នៃ​ក្រសួង​ព័ត៌មាន​បាន​រកឃើញ​ និង​ចាត់វិធានការ​លើ​គេហទំព័រ​ហ្វេសប៊ុក និង​បណ្ដាញ​ព័ត៌មាន​តាម​អនឡាញ​បាន​ជាង ១០០ ករណី​ហើយ​គិត​ចាប់​តាំងពី​ចាប់ផ្តើម​ដំណើរការ​មក និង​បាន​សង្កេត​ឃើញ​ថា​ការផ្សព្វផ្សាយ​ព័ត៌មាន​​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​មាន​ការថយចុះ​ជាង ៥០ ភាគរយ​។


លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មការ​តាមដាន​ព័ត៌មាន​ក្លែងក្លាយ​បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ចាប់តាំងពី​ពេល​បង្កើត​គណៈកម្មការតាមដាន​ព័ត៌មាន​ក្លែងក្លាយ​កាលពី​ថ្ងៃទី​ ១១ ​ខែ​មីនា​មក ក្រុម​ការងារ​បាន​រកឃើញ​ និង​ចាត់វិធានការ​លើ​បណ្តាញសារព័ត៌មាន​អនឡាញ និង​គេហទំព័រ​ហ្វេសប៊ុក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បំភ្លៃ​ការពិត មាន​ចេតនា​បង្កាច់បង្ខូច​ឈ្មោះ​រាជរដ្ឋាភិបាល និង​បង្ក​ឱ្យ​ពលរដ្ឋ​មាន​ការភ័យខ្លាច​បាន​ជាង​ ១០០ ​ករណី​។

លោក​ថ្លែងថា ក្នុង​ការតាមដាន​ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ក្រៅពី​បាន​បង្កើត​គណៈកម្មការ​ដែល​មាន​មន្ដ្រី​នៅតាម​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ដ និង​មន្ដ្រី​ដែល​ជា​ទីប្រឹក្សា​ក្រសួង​ទាំងអស់​សរុប​ទៅ​ជាង ១០០ ​នាក់​។ ក្រុមការងារ​ក៏បាន​បង្កើត​ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​មួយទៀត​លើ​បណ្ដាញ​តេឡេក្រាម ដែលមាន​សមាជិក​ជា​មន្ដ្រីរាជការ ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន មន្ដ្រី​នៅតាម​រាជធានី-ខេត្ដ និង​អ្នក​សារព័ត៌មាន​ពី​ស្ថាប័ន​ផ្សេងៗ​មាន​សមាជិក​សរុប​ជាង ៣ ​ពាន់​នាក់ ដើម្បី​តាមដាន និង​ឆ្លើយតប​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ផ្សេងៗ​ផងដែរ​។


លោក ផុស សុវណ្ណ ថ្លែងបន្តថា​៖ «​ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ធំ​របស់​យើង​នៅលើ​បណ្ដាញ​សង្គម​តេឡេក្រាម​នេះ យើង​អាចឱ្យ​សមាជិក​ទាំងអស់​ចែករំលែក​ (Copy Link) ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ឬ​វេបសាយ​ផ្សេងៗ​ដាក់ចូល​ក្នុង​ក្រុម​នេះ ដើម្បី​អាចឱ្យ​ក្រុមការងារ​ចាត់វិធានការ​តាម​នីតិវិធី​ផ្សេងៗ​។ ក្រោយពេល​យើង​ធ្វើ​សកម្មភាព​បែបនេះ យើង​សង្កេតឃើញ​ថា ទទួលបាន​លទ្ធផល​ជា​ទីមោទន​ដែរ​»​។

លោក​លើកឡើង​ថា នៅពេលដែល​សមាជិក​ក្នុង​ក្រុម​បាន​យក​ព័ត៌មាន​មិន​ពិត​មក​ដាក់ចូល​ក្នុង​ក្រុម មន្ដ្រី​ពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច​តាម​បណ្ដា​ក្រសួង ស្ថាប័ន និង​រាជធានី-ខេត្ដ ពួកគាត់​ចេញ​មក​បកស្រាយ​ឆ្លើយតប​ភ្លាមៗ ដើម្បី​បន្សាប​នូវ​ព័ត៌មាន​មិន​ពិត​នោះ​។


លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ប៉ុន្ដែ​យើង​ក៏​សង្កេតឃើញថា គណនី​ហ្វេសប៊ុក គេហទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​បាន​សរសេរ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​បំប៉ោង​សភាពការណ៍​តែម្ដង​។ ការផ្សព្វផ្សាយ​បំប៉ោង​បែបនេះ ដំបូង​យើង​ចាត់ការ​ដោយ​ធ្វើ​ជា​បញ្ជី​ឈ្មោះ គណនី​ហ្វេសប៊ុក គេហទំព័រ​ហ្វេសប៊ុក​ ឬ​វេបសាយ ដោយ​បញ្ជាក់ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បន្ទាប់មក​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ផ្នែកៗ​ថែមទៀត​ក្នុង​ការសង្កេត​តាមដាន​លើ​គេហទំព័រ​ និង​គណនី​ហ្វេសប៊ុក​ទាំងនោះ បើ​ឃើញ​មាន​នៅ​បំពាន​ដដែលៗ​ទៀត យើង​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

លោក ផុស សុវណ្ណ បានបញ្ជាក់​ទៀតថា​៖ «​ជា​លទ្ធផល ក្រោយ​យើង​ធ្វើ​ការងារ ពិនិត្យ​តាមដាន​លើ​គេហទំព័រ និង​គណនី​ហ្វេសប៊ុក​តាំងពី​ខែ​មីនា​កន្លងមក​មាន​គេហទំព័រ និង​គណនី​ហ្វេសប៊ុក​ជាង ១០០ ដែល​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​»​។

លោក​បន្តថា ក្រុមការងារ​យើង​បានកំណត់​មុខសញ្ញា និង​កំពុង​បញ្ជូន​មុខសញ្ញា​ទាំងនោះ​ទៅ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ជំនាញ​។ «​ចំណែក​វេបសាយ និង​គេហទំព័រ​ហ្វេសប៊ុក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នៅក្រៅ​ប្រទេស​យើង​អាច​បិទ (Block) មិន​ឱ្យ​ពួកគាត់​អាច​ផ្សព្វផ្សាយ​បាន​ក្នុងប្រទេស​កម្ពុជា​»​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ​ ២០២០ បានសម្រេច​បង្កើត​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​មួយ​ដែល​មាន​លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ព័ត៌មាន​ជា​ប្រធាន និង​មាន​អនុប្រធាន និង​សមាជិក​ដែល​ជា​មន្ដ្រី​ព័ត៌មាន នៅតាម​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ដ​ជាង ១០០ ​នាក់​ទៀត ដើម្បី​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​កែ្លងក្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕