ភ្នំពេញៈ សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​បំពេញ​បន្ថែម​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន​ ហើយ​ថា ​គណបក្ស​នេះ​ត្រូវ​តាម​ដាន​និង​ធ្វើ​ការ​សម្រេច​ផ្នែក​នយោបាយ​​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ការ​វិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ​និង​ស្មុគស្មាញ​នៃ​សភាពការណ៍​ក្នុង​ប្រទេស ​និង​អន្តរជាតិ​ ដើម្បី​រក្សា​បាន​នូវ​សន្តិភាព​ និង​ស្ថិរភាព​។


ការ​ជ្រើសរើស​បំពេញ​បន្ថែម​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល​ និង​ការ​លើក​ឡើង​របស់​សន្និបាត​ធ្វើ​ឡើង​ថ្ងៃ​ទី ១៨ ​ខែធ្នូ ​ឆ្នាំ ២០១៨ ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​​កោះពេជ្រ ​ដែល​មានការ​ចូលរួម​ពី​សមាជិក​ប្រមាណ ​៣១៥០ ​នាក់​ដែល​ធ្វើ​ឡើង​រយៈពេល​ ៣ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី ១៨​ ដល់​ថ្ងៃ​ទី​ ២០ ខែធ្នូ ឆ្នាំ ២០១៨​។​​​

យោង​តាម​សុន្ទរកថា​​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ថ្ងៃ​ទី​ ១៨​ ខែធ្នូ​ ឲ្យ​ដឹង​ថា​ សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី ៤១ ​គឺ​ដើម្បី​រួមគ្នា​ពិនិត្យ​វាយ​តម្លៃ​អំពី​សភាពការណ៍​ទូទៅ​អំពី​ការ​ដក​ពិសោធ​ការងារ​កន្លង​មក​ និង​ការ​កំណត់​ទិសដៅ ​និង ​វិធាការ​នា​នា​ដែល​ត្រូវ​ប្រកាន់​យក​សម្រាប់​អនុវត្ត​នា​ពេល​ខាងមុខ ​ហើយ​សន្និ​បាត​នឹង​ពិភាក្សា​ស៊ីជម្រៅ​សំខាន់​ទៅ​លើ​របាយការណ៍​ស្តីពី​សភាព​ការណ៍​ទូទៅ ​និង​ការងារ​គណបក្ស​ឆ្នាំ​ ២០១៨ ​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​ ២០១៩ ​ការ​បោះឆ្នោត​ជ្រើសតាំង​​បន្ថែម​សមាជិក ​និង​ជ្រើសតាំង​ប្រធាន​គណៈ​កម្មាធិការ ​ត្រួត​ពិនិត្យ​​គណៈ​កម្មាធិការ​កណ្តាល​​និង​ការបោះ​ឆ្នោត​ជ្រើសសមាជិក​គណៈ​អចិន្រៃ្តយ៍​បន្ថែម​។


សុន្ទរកថា​បញ្ជាក់​ថា​៖ «ឆ្លង​និង​​អនុម័ត​លើ​សេចក្តី​ព្រាង​របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ​និង​ការងារ​គណបក្ស​ឆ្នាំ ២០១៨ ​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០១៩។ ​ការ​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក ​និង​ជ្រើសតាំង​ប្រធាន​គណៈ​កម្មាធិការ​ ត្រួត​ពិនិត្យ ​នៃ​គណៈ​កម្មាធិការ​កណ្តាល​។ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែម​​សមាជិក​គណៈ​អចិន្រៃ្តយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន​»។

បច្ចុប្បន្ន​នេះ លោក​ ​ហ៊ុន ម៉ានិត ​គឺ​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​នៃ​គណៈ​កម្មាធិការ​កណ្តាល​ខណៈ​ដែល​លោក​ នៃ ​ប៉េ​ណា ប្រធាន​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​នៃ​គណៈ​កម្មាធិការ​កណ្តាល​ និង​ជា​អនុ​ប្រធាន​ទី ១ ​ព្រឹទ្ធសភា ​បាន​ទទួល​មរណ​ភាព​ ដោយ​រោគា​ពាធ​នៅ​ថ្ងៃ​ទី ២៩ ​ខែ​កញ្ញា ​ឆ្នាំ ២០១៨។ ​រហូត​ដល់​ពេល​នេះ​សមាជិក​គណៈ​អចិន្រៃ្តយ៍​មាន​ចំនួន​សរុប​តែ​ ៣០ នាក់​ក្នុង​នោះ​លោក​ ហ៊ុន សែន ប្រធាន​គណបក្ស ​លោក ​ហេង សំរិន ​ប្រធាន​កិត្តិយស ​លោក​ ស ខេង ​និង លោក​សាយ​ ឈុំ ​ជា​អនុ​ប្រធាន ​លោក​ ប៊ូ ថង ​លោក​ ទៀ បាញ់ ​លោក​ ងួន ញ៉ិល ​លោក​ ស៊ឹម កា ​លោក​ កែ គឹមយ៉ាន​ លោក​ ប៉ុល សារឿន ​លោក​ ឌិ​ត មន្ទី លោក​ ជា ចាន់តូ ​លោក ​ជាម យៀប ​ លោក ​គន់ គីម ​លោក ​មាស សុភា ​លោក ​នេត សាវឿន ​ជា​សមាជិក ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ផ្សេង​ទៀត​។


លោក​ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក​នៃ​គណៈ​កម្មាធិការ ​ត្រួត​ពិនិត្យ​ និង​ ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្រៃ្តយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល ​មួយ​ចំនួន​បន្ថែម ​គឺ​ដើម្បី​ជំនួស​សមាជិក​ចាស់​ៗ​ដែល​មិន​សូវ​សកម្ម​និង​បំពេញ​បន្ថែម​មន្ត្រី​ចាស់​ៗ​ដែល​គាត់​ទទួល​មរណភាព​ហើយ​វា​ជា​យន្តការ​សម្រាប់​ត្រៀម​អ្នក​ជំនាន់​ក្រោយ​ហើយ​ថា​ ការ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​ការ​វិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ​និង​ស្មុគស្មាញ​ នៃ​សភាពការណ៍​ក្នុង​ប្រទេស​និង​ អន្តរជាតិ ​ដើម្បី​រក្សា​បាន​នូវ​សន្តិភាព​ និង​ស្ថិរភាព​របស់​គណ​បក្ស​ប្រជាជន​គឺ​ជា​យន្តការ​ត្រឹមត្រូវ​។

លោក​ថា​៖ «ជា​គោលការណ៍​កូន​ថ្នាក់​ដឹក​នាំ​ទាំង​អស់​នឹង​ឯកភាព​គ្នា​តាម​គោល​ការណ៍​ និង​សមត្ថភាព​ដែល​ត្រូវ​ស្នើ​ឡើង​ដើម្បី​ស្នង​អ្នក​ចាស់​ៗ​ដែល​មាន​ស្ថាន​ភាព​កាន់​តែ​ទន់​ខ្សោយ​»។

សុន្ទរកថា​បន្ថែមថា ​គណបក្ស​ប្រជាជន​ត្រូវ​តាម​ដាន​ និង​ធ្វើ​ការ​សម្រេច​ខាង​នយោ​បាយ ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​ការ​វិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ​និង​ស្មុគស្មាញ​ នៃ​សភាពការណ៍​ក្នុង ​ប្រទេស​ និង​សភាព​ការណ៍​អន្តរជាតិ​ដើម្បី​រក្សា​ការពារ​បាន​សុខ​សន្តិភាព​ស្ថិរភាព​ ប្រជាធិបតេយ្យ ​បូរណភាព​ដែនដី​ អធិបតេយ្យ ​ឯករាជ្យ​ជាតិ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា។ ​សុន្ទរកថាអះអាង​ថា​ មាន​ការ​ទទួល​ស្គាល់​ការ​បោះឆ្នោត ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​លើកលែង​តែ​ពួក​ប្រឆាំង ​និង​អ្នក​គាំទ្រ​ពួក​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​ឧបាយកល​ ចង់​ផ្តួល​រំលំ​គណបក្ស​ប្រជាជន​តាំង​ពី​មុន​បោះ​ឆ្នោត​។

សុន្ទរកថា​បន្ថែម​ថា​៖ «យើង​ត្រូវ​ចងចាំ​កុំ​ភ្លេច​ថា​គណបក្ស​ប្រជាជន​កើត​ឡើង​ដោយ​សារ​ប្រជាជន ជា​របស់​ប្រជាជន​ ដើម្បី​បម្រើ​ប្រជាជន ​និង​រួមសុខ​រួមទុក្ខ​ជា​មួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ។ ​ពេល​ដែល​ប្រជាជន​មាន​ទុក្ខ​លំបាក​គណបក្ស​មាន​មុខ​ជានិច្ច​ជា​មួយ​ប្រជាជន​រាល់​ជ័យ​ជម្នះ​របស់​​គណបក្ស​ក៏​ជា​ជ័យជម្នះ​របស់​ប្រជាជន​ដែរ។ យើង​រីករាយ​នឹង​ជ័យជម្នះ ​តែ​យើង​មិន​ត្រូវ​ភ្លេច​ខ្លួន ឬ​ស្កប់ស្កល់​នឹង​ជ័យជម្នះ​ឡើយ​ ព្រោះ​គ្រប់​សមរភូមិ​ ភារកិច្ច​របស់​យើង​សុទ្ធតែ​នៅ​មាន​ការ​ប្រឈម ឬ​យថាហេតុ​នៃ​ហានិភ័យ​ ដែល​អាច​កើត​មាន​ឡើង»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សួស យ៉ារ៉ា ​ថ្លែង​ថា​ សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​ដំណើរ​​ការ​ទៅ​​យ៉ាង​​រលូន​​ ក៏​ប៉ុន្តែ​​លោក​​មិន​អាច​​ផ្តល់​ព័ត៌មាន​ពិស្តារ​ទាក់ទង​​នឹង​លទ្ធផល​​នៅ​​ថ្ងៃ​ទី​​ ១ ​​នៃ​សន្និបាត​​នោះ​ទេ​ដោយ​សារ​អង្គ​សន្និបាត​បាន​និង​កំពុង​តែ​ដំណើរ​ការ។

កាល​ពី​ខែ​មករា ​ឆ្នាំ ២០១៨​ មហា​សន្និបាត​បាន​បោះឆ្នោត​បំពេញ​បន្ថែម​សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​ចំនួន ៣៤២ នាក់​ ដែល​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឡើង​ដល់​ចំនួន​ ៨៦៥ រូប ​ដែល​ការ​កើន​ឡើង​នេះ ​លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចាត់​ទុក​ចំនួន​កើន​ច្រើន​នេះ​ថា ជា​ការ​ចាក់​បញ្ចូល​ឈាម​​ថ្មី​ ដើម្បី​ជំរុញ​ការ​ស្ដារ​កសាង​ អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ការពារ​មាតុ​ភូមិ៕