ភ្នំពេញៈ វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា សាស្ត្រាចារ្យ​ចិត្ដ​វិទ្យា និង​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ដ​បាន​អះអាង​ថា ជំងឺ​ផ្លូវ​ចិត្ដ​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ឲ្យ​ជា​បាន ប៉ុន្ដែ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ខ្លះមិន​ទាន់​យល់​ដឹង និង​មិន​សូវ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ឡើយ។


លោក មុន្នី សុត្ថា​រា វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា និង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ជំងឺ​ទូទៅ​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បាន​ថ្លែង​ក្នុង​កម្មវិធី​អប់រំ​សុខភាព​ផ្លូវ​ចិត្ត​មួយ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្ដិការ​កម្ពុជា-កូរ៉េកាល​ពី​ម្សិលមិញ​ថា នៅ​មន្ទីរពេទ្យ​របស់​លោក​ក្នុង ១ ថ្ងៃ​មាន​អ្នក​ជំងឺ​ផ្លូវ​ចិត្ដ​ពី ៣០ ទៅ ៥០ នាក់បាន​មក​ពិគ្រោះ និង​ព្យាបាល។ ដោយ​ឡែក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មាន​អ្នក​ជំងឺ​ទៅ​ព្យាបាល​ចាប់​ពី ២០០ ទៅ ៣០០ នាក់ ក្នុង ១ ថ្ងៃ។

លោក​ថា៖ «ភាគច្រើន​យុវជនយើង​អត់​សូវ​ទៅរក​ការព្យាបាល ខ្លួនឯង​ទេ។ បើ​អ្នក​មក​រក​សេវា​ព្យាបាល​ភាគ​ច្រើន​ជា​មនុស្ស​ដែល​ពេញ​វ័យ​ហើយ​មាន​វិបត្ដិ​ផ្សេង» ។


លោក​បាន​ឲ្យ​ដឹងថា អ្នក​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភាគច្រើន​មិនបាន​ដឹង​ខ្លួន​ថា មាន​ជំងឺ​ផ្លូវ​ចិត្ដ​ទេ គ្រាន់​តែ​ដឹង​ថា​បញ្ហា​សុខភាព​ក្នុង​ខ្លួន​ជាដើម។

លោក​ថា៖ «ជាដំបូង​ពួកគាត់​ត្អូញត្អែរ​តែ​រឿង​រាងកាយ​ទេ​ដល់​ពេល​យើង​វិភាគ​ឲ្យ​ជ្រៅ​ទើប​ដឹង​ថា គាត់​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ជំងឺ​ផ្លូវ​ចិត្ដ និង​វិបត្ដិ​ផ្លូវ​ចិត្ដ​របស់​ពួក​គាត់» «ពួក​គាត់​នៅ​មាន​ការ​រើស​អើង និង​ការ​ខ្មាស់​អៀន​ទើប​មិន​សូវ​មក​រក​សេវា​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ដ ទោះបី​ពួក​គាត់​ដឹង​ខ្លួន​ថា មាន​ជំងឺ​ផ្លូវ​ចិត្ដ​ហើយ​ក៏​ដោយ​ក៏​ពួក​គាត់​មិន​ហ៊ាន​និយាយ​ជា​ចំហ​ដែរ»។


លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា៖ «ខ្ញុំ​ចង់​ប្រាប់​សាធា​រណជន​ទាំងអស់​ថា ជំងឺ​ផ្លូវ​ចិ​ត្ដ​មិន​មែន​អាក្រក់​ទេ.​វា​ជា​ជំងឺ​ដែល​ព្យាបាល​បាន»។

លោក ផាន់ ចាន់​ពៅ សាស្ដ្រាចា​រ្យ​ផ្នែក​ចិ​ត្ដ​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ដ​ហើយ​លាក់​បាំង​មិន​ទៅ​រក​សេវា​ព្យាបាល​នោះ ជំងឺ​ប្រភេទ​នេះ​នឹង​វិវឌ្ឍ​ទៅ​ជា​បញ្ហា​ផ្លូវ​ចិត្ដ​ធ្ងន់ធ្ងរ។

លោក​ថា៖ «បញ្ហា​ផ្លូវ​ចិ​ត្ដ​ធ្ងន់ធ្ង​រ​នោះ អ្នកជំងឺ​មាន​សភាព​ដូចជា មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​អស់​សង្ឃឹម អត់​មាន​ជំនឿ​ចិត្ដ​លើ​ខ្លួនឯង និង​ចុង​ក្រោយ​គាត់​ឈាន​ដល់​គិត​ថា ខ្លួន​គាត់​គឺ​មិន​អាច​រស់​នៅ​បាន​ទៀត​ទេ»។

ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​ផ្នែក​ការអភិវឌ្ឍ​គុណធម៌ ចរិយា​វិទ្យា ភាព​ជា​អ្នក​ដឹកនាំ​ព្រះពុទ្ធ​សាសនា និង ចិត្ត​វិទ្យា​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ មាន​សង្ឃ​ដីកា​ថា៖ «ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ផ្លូវ​ចិត្ដ​រឹងប៉ឹង យើង​ត្រូវ​មាន​ស្មារតី​គ្រប់គ្រង​ផ្លូវ​ចិត្ដ​ឲ្យ​បាន​ល្អ»។

យុវតី សេរី វិច្ឆិកា និស្សិត​វិទ្យាស្ថាន​ភាសាបរទេស (IFL) ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា នាង​មាន​ជំងឺ​ផ្លូវ​ចិត្ដ​យូរ​ហើយ ប៉ុន្ដែ​មិន​ដឹង​កន្លែង​ព្យាបាល។

យុវតី​រូបនេះ​បន្ដថា៖ «ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​ដឹង​ខ្លួនឯង​ថា​ខ្ញុំ​មាន​បញ្ហា​ផ្លូវ​ចិត្ដ។ ខ្ញុំ​កំពុង​តែ​ព្យាយាម​បិទ​បាំង​ខ្លួន​ឯង ចំណែក​គ្រួសារ​ខ្ញុំ​មិន​សូវ​ជឿ​រឿង​ជំងឺ​ផ្លូវ​ចិត្ដ​នេះ​ទេ ពួកគាត់​មាន​គំនិត​បុរាណ​និយម»។

វិច្ឆិកា ថា៖«ពេល​ខ្ញុំ​ចង់ទៅ​និយាយ​រឿង​ជំងឺ​ផ្លូវ​ចិ​ត្ដ​ជាមួយ​គ្រួសារ​ខ្ញុំ​ថា ខ្ញុំ​ចង់​ទៅ​ពិនិត្យ​សុខភាព​មើល គឺ​ពួក​គាត់​មិន​ឲ្យ​ទៅ​ដាច់​ខាត​ប៉ុន្ដែ​បើ​ប្រាប់​គាត់​ថា យើង​ឈឺ​រាងកាយ ឈឺ​បេះដូង​បាន​គាត់​ឲ្យ​ខ្ញុំ​ទៅពិ​និត្យ។ អ៊ីចឹង​ខ្ញុំ​មាន​តែ​ស្វែងរក​វិធី​ព្យាបាល​ដោយ​ខ្លួន​ឯង៕