កណ្តាលៈ នគរ​បា​ល​កា​រិ​យា​​ល័យ​​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​កណ្តាល​កាល​ពី​ម្សិល​មិ​ញ បាន​បញ្ជូន​​ជន​​សង្ស័យ​ជាឪពុ​ក​​​ចុង​ម្នាក់​ ដែល​ចាប់​រំលោភ​​សេព​សន្ថវៈលើ​កូន​ចុង​របស់​ខ្លួន ទៅ​សា​លា​ដំបូង​ខេត្ត​កណ្តា​ល​ បន្ទាប់​ពី​​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​ ២​​២​ ខែ ​​ឧសភា​​ ឆ្នាំ​​ ២​០​១​៩​ នៅ​​ស្រុក​​ពញាឮ។


លោក​​ស្រី ​ឈឹម ​វណ្ណ​នី​ ស្នង​ការ​រង​​ខេត្ត​កណ្តាល​ទ​ទួល​ផែន​​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ និង​ការពា​រ​អ​នី​តិ​ជន​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ជន​​សង្ស័​យ​​ឈ្មោះ​ បូ​ វុន​ អា​យុ​ ៣​៧ ​ឆ្នាំ ​រី​ឯ​ក្មេង​ស្រីរ​ងគ្រោះ​ដែល​​ជា​កូន​ចុង​​ឈ្មោះ​ ស​.​ម ​អាយុ ១៦ ឆ្នាំ។

លោក​ស្រី​​​​បញ្ជាក់​​ថា​៖​ «​បុរស​ម្នាក់​នេះបាន​សារភាព​ ហើយ​សមត្ថកិច្ច​ជំនាញ​របស់​ខ្ញុំ​​ បាន​បំ​ពេញ​នីតិ​​វិ​ធី​​បញ្ជូន​ជន​នេះ​​បន្ត​ទៅ​តុលាការ​ហើយ ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់»។


លោក​​ដួង ​​សេង​​ អធិការ​ ​ស្រុក​​​ព​ញា​ឮ​ ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះជា​មនុស្ស​​មាន​ស​តិ​មិន​សូវ​គ្រប់​​។ លោក​ថា លោក​​ទទួល​បាន​ពាក្យ​​បណ្តឹង​​ពី​ម្តា​យ​របស់​​ក្មេង​ស្រី​​រង​គ្រោះ ​កាល​ពី​​ថ្ងៃ​​ទី​ ២២ ​ខែ ​ឧសភា។​

លោក​បញ្ជាក់​​ថា​​៖ ​​«​​ជន​សង្ស័យ​​បាន​សារភាព​ថា ​គាត់​បាន​​ចាប់​រំលោភ​សេពសន្ថវៈ ​លើ​​កូន​ស្រី​ចុង​របស់​​គាត់​​ពិត​ប្រាកដ​មែន ​និង​ទើប​តែ​​បាន​ម្តង​ទេ»។


លោក​បាន​ថ្លែង​​តាម​សម្តី​ស្រ្តី​​ម្តាយ​ក្មេង​រង​គ្រោះ​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២​២​ ខែ​ ឧសភា ​ម្តាយ​និង​យាយ​ក្មេង​ស្រី​រងគ្រោះ​ បាន​បាត់​កូន​ហើយ​បាន​នាំ​គ្នា​ដើរ​រក​តែ​​រក​មិន​ឃើញ​។ លុះ​​មួយ​សន្ទុះ​ក្រោយ​មក ​ក្មេង​ស្រី​​រង​គ្រោះ​បាន​ទៅ​ដល់​ផ្ទះ​ ពេល​នោះ​​​ម្តាយ​បាន​សួរ​​ថា ​​ទើប​មក​ពី​ណា​​ ​នាង​ប្រាប់​ថា​ ទើប​មក​ពី​ជួប ​ពូ ​វុន​។ ​ដោយ​​ឃើញ​គូទ​​ខោ​​កូន​ប្រ​ឡាក់​ដី​ និង​មាន​ជាប់​សំ​រាម​ផង​នោះ ​ម្តាយ​ និង​យាយ​​នាង​​ ក៏​មាន​​ការ​សង្ស័យ​ ហើយ​ជ​ជីក​សួរ​ទើប​នាង​ប្រាប់​ត្រង់​ថា​៖ ​«​ពូវិន​ បាន​ចាប់​ខ្ញុំ​រំលោភ»។

ពេល​នោះ​​ស្រ្តី​ជា​ម្តាយ​​បាន​ប្តឹង​សមត្ថកិច្ច ​ហើយ​កម្លាំង​​សមត្ថកិច្ច​បាន​ហៅ​ជន​សង្ស័យ​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​ន​គ​រ​បា​ល​​ឃុំ​ ទើប​ជន​សង្ស័យ​សារភាព​ថា ​គាត់​ទើប​តែ​បាន​ចាប់​កូន​ចុង​រំលោភ​បាន​តែ​ម្តង​ទេ ​ហើ​យ​លោក​​ក៏​ឃាត់​ខ្លួន​គាត់​តែម្តង។

រី​ឯ​ក្មេង​ស្រី​រង​គ្រោះ​និ​យា​យ​ប្រាប់​សមត្ថកិច្ច​ថា​ មុន​កើត​ហេ​តុ​ ឪ​ពុក​ចុង​របស់​នាងបាន​ប្រាប់​នាង​ឲ្យ​​ទៅ​ជួប​គាត់​នៅ​កន្លែ​ង​​មួយ ដែល​ធ្លាប់​ជួប​គ្នា​កាល​ពី​មុន​ ​ហើយ​នាង​ក៏​​បាន​ទៅ​ជួប​គាត់​​តាម​ការ​ប្រាប់។

បើ​តាមលោក ដួង ​​សេង ចំពោះ​ករ​ណី​នេះ​ សមត្ថកិច្ច​របស់​លោក​សន្និដ្ឋាន​ថា​ សកម្មភាព​របស់​ជន​សង្ស័យមិន ​មែន​កើត​ឡើង​តែ​ម្តង​ទេ​ ព្រោះ​​ជន​សង្ស័យ​ប្រាប់​ក្មេង​រង​គ្រោះ​ថា ​ឲ្យ​ទៅ​កន្លែង​ដើម​។​ ដូច្នេះ​អាចថា ​​សកម្ម​ភាព​ដែល​ជន​សង្ស័យ​ ប្រ​ព្រឹត្ត​មក​លើ​ក្មេង​រងគ្រោះ​អាច​លើស​ពី​ម្តង៕​