ភ្នំពេញៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance លោកស្រី Suwanna Gauntlett កំពុងប្រឈមនឹង​​បណ្ដឹង​ពី​កញ្ញា ធី សុវណ្ណ​ថាពីបទ «រើសអើង» ដោយចោទ​ថា​អង្គការ​នេះ បាន​ហាម​នាង​ចូលរួម​ក្នុង​កម្មវិធី​បោះជំរុំ​នៅ​តំបន់​អា​រ៉ែ​ង​ នៅ​ថ្ងៃទី ២៦ ខែមករា​នេះ។


កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការក្រៅរដ្ឋាភិបាលមួយ និង អ្នកនយោបាយវ័យក្មេងបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ព្រឹក​​នេះ​ថា កញ្ញា​នឹង​ប្តឹង​លោកស្រី លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance ទៅ​តុលាការ​ខេត្តកោះកុង​ពីបទ «រើសអើង» តាម​មាត្រា ២៦៥ ដោយសារ​លោកស្រី​បាន​បដិសេធ​វត្តមាន​កញ្ញា​ក្នុងការ​បោះជំរុំ​នៅ​តំបន់​អា​រ៉ែ​ង​នៅ​ថ្ងៃទី២៦ ខែមករា​នេះ ខណៈដែល​កញ្ញា​ត្រូវ​បានទទួល​ការអនុញ្ញាត​ពី​លោកស្រី​អភិបាលខេត្ត​កោះកុង មិថុនា ភូ​ថង រួចរាល់​នោះ។

ក្នុងនោះដែរ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា៖ «នាង​ខ្ញុំ​ទទួល​ការ “រើសអើង” និង​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ​ក្នុងការ​បោះជំរុំ នៅ​តំបន់​អា​រ៉ែ​ង ថ្ងៃទី២៦ ខែមករា​នេះ ដោយ​នាង​ខ្ញុំ​បានទទួល​ការអនុញ្ញាត​ពី​លោកជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូ​ថង រួចរាល់​ហើយ។


កញ្ញា សរសេរថា៖ «តើ​លោកស្រី​ជា​នរណា មាន​សិទ្ធិ​​អ្វី​បដិសេធ​វត្តមាន​ខ្ញុំ? នេះ​ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់ខ្ញុំ ខ្ញុំ​ទុកពេល​ឲ្យ​លោក​ស្រី​ ៣​ ថ្ងៃ​ធ្វើលិខិត​សុំទោស​ខ្ញុំ ជា​សាធារណ: និង​ផ្តល់ប្រាក់​សងជំងឺចិត្ត​ខ្ញុំ ១០ ម៉ឺន​ដុល្លា បើ​លោកស្រី​មិន​ព្រម​ខ្ញុំ​នឹង​ប្តឹង​លោកស្រី​ទៅ​តុលាការ​ខេត្តកោះកុង ពីបទ “រើសអើង” មាត្រា ២៦៥ នេះ​ជា​របួស​ចាស់​របស់ខ្ញុំ ខ្ញុំ​ស្អប់ និង​ឈឺចាប់​បំផុត ចំពោះ​អ្នក​ដែល ប្រមាថមើលងាយ រើស​អើង​ខ្ញុំ ក្នុង​តម្លៃ​​ណាក៏ដោយ ខ្ញុំ​ទាមទារ​យុត្តិធម៌​ឲ្យ​បាន​បើ​ខ្ញុំ​មិនអាច​ទទួលបាន​យុត្តិធម៌ ក្នុង​រឿង​នេះ​ទេ ខ្ញុំ​មិន​ទៅ​ជាន់ដី​អា​រ៉ែ​ង ខេត្តកោះកុង​ទៀត​ទេ»។

លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance នៅ​មិនទាន់​ឆ្លើយតប​នឹង​ការព្រមាន​ប្តឹង​​នេះ​នៅឡើយ​ទេ។


​ស្ថាប័ន Wildlife Alliance ជាអង្គការមានទស្សនៈវិស័យលើការងារកិច្ចការពារ និងអភិរក្សធនធាន ព្រៃឈើ សត្វ​ព្រៃ និងជីវចម្រុះនិងជីវចម្រុះនៅកម្ពុជាគឺចាប់តាំងពីឆ្នាំ២០០០ រហូតមក ដោយមានការ​គាំទ្រពីរដ្ឋាភិបាល​កម្ពុជា​៕​