ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជារួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលតិចតួច ប៉ុន្ដែកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួមដោះស្រាយបញ្ហា។ លោកក៏អំពាវនាវឱ្យប្រទេសទាំងអស់ត្រូវតែរួមដៃគ្នា អនុវត្តកាតព្វកិច្ចរបស់ខ្លួនដូចដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រ យន្តការ និងកិច្ចព្រមព្រៀងកន្លងមក។
ក្នុងកិច្ចប្រជុំកំពូលស្ដីពីការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុតាមរយៈប្រព័ន្ធវីដេអូអនឡាញកាលពីថ្ងៃទី ១២ ធ្នូ លោក ហ៊ុន សែន ថ្លែងថា ប្រទេសជាច្រើនបានទទួលរងផលប៉ះពាល់ដោយផ្ទាល់រួមទាំងកម្ពុជាដែលទើបតែរងផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។ «ទោះបីជាកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកល ប៉ុន្ដែកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួមដោះស្រាយ បញ្ហានេះ»។
តាមការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាត្រៀមដាក់របាយការណ៍ស្ដីពីបច្ចុប្បន្នភាពនៃការចូលរួមដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុទៅលេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ។
កម្ពុជាបានបញ្ចូលគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៣៨,៩ លានតោន សមមូលឧស្ម័នកាបូនិច រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ វិស័យសំណង់ និងកសិកម្ម ឬស្មើនឹង ១៨ ភាគរយនៅត្រឹមឆ្នាំ ២០៣០។ គោលដៅថ្មីនេះក៏រួមបញ្ចូលការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញចំនួន ២៥ ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix) នៅឆ្នាំ ២០៣០។
លោកបញ្ជាក់ថា៖ «ការប្រែប្រួល អាកាសធាតុជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក»។
លោក ហ៊ុន សែន បន្តថា៖ «ក្នុងស្មារតីជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបានអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ថ្លែងពីម្សិលមិញថា រដ្ឋាភិបាលមានផែនការអនុវត្តទៅលើការកាត់បន្ថយបំភាយឧស្ម័នក្នុងរយៈពេលខ្លីត្រឹមឆ្នាំ ២០៣០ ឱ្យបានប្រមាណ ៣៨,៩ លានតោន។ ផែនការរយៈពេលវែង កម្ពុជាគ្រោងរៀបចំត្រឹមឆ្នាំ ២០២១ តទៅដោយក្រសួងបរិស្ថាននឹងសម្របសម្រួលជាមួយស្ថាប័ន និងក្រសួងជំនាញនានា។
លោកថ្លែងថា៖ «កម្ពុជារបស់យើងមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុទេ ហើយផ្ទុយមកវិញគឺកម្ពុជាជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាសកល។ ទន្ទឹមនឹងនេះ ក៏មានការសរសើរពីស្ថាប័នអន្តរជាតិពីវិធានការរបស់កម្ពុជាដែរជុំវិញការដោះស្រាយបញ្ហានេះ»។
លោក ហុក ម៉េងហ៊ាន់ ប្រធានកម្មវិធីបរិស្ថាន និងកសិកម្មនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ថ្លែងពីម្សិលមិញថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយមូលហេតុនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងការពារប្រជាពលរដ្ឋ និងសេដ្ឋកិច្ចឱ្យរួចផុតពីផលប៉ះពាល់អវិជ្ជមានទាំងនេះ។
ប្រទេសកម្ពុជាមានការបន្សាំនឹងការប្រែប្រួលអាកាសធាតុជាកត្តាអាទិភាព ដែលរួមមានមួយចំនួនដូចជា ការផ្ដល់គ្រាប់ពូជដែលមានលក្ខណៈធន់នឹងភាពរាំងស្ងួតដល់កសិករ ការជួយប្រជាពលរដ្ឋក្នុងការសាងសង់លំនៅឋាន និងស្ដារស្ថានភាពគ្រួសារឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយអាកាសធាតុ។ លើសពីនេះកម្ពុជាត្រូវពង្រឹងការព្យាករអាកាសធាតុ ព្រមទាំងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនឱ្យបានលឿនដល់ពលរដ្ឋ។ នេះបើតាមលោក ហុក ម៉េងហ៊ាន់។
លោក ម៉េងហ៊ាន់ បញ្ជាក់ថា៖ «ប្រសិនបើកម្ពុជាមិនមានកិច្ចប្រឹងប្រែងជាងមុន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនោះទេ ចក្ខុវិស័យរបស់កម្ពុជា ដែលចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងលុបបំបាត់ភាពក្រីក្រគឺប្រឈមនឹងហានិភ័យខ្ពស់ក្នុងការសម្រេចបាន។ ចំពោះការប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចសព្វថ្ងៃនេះ គឺទំនងជាមិនគ្រប់គ្រាន់ទេ»៕