ភ្នំពេញៈ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ ​បាន​ចែក​ម៉ាស៊ីន​សម្រាប់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​ចំនួន ​១០ គ្រឿ​ង​ និង​ទឹក​ថ្នាំ​ចំនួន ​១៥៥ ​លីត្រ ​ដល់​កន្លែង​សត្តឃាតដ្ឋាន​ចំនួន ​១០ ក្នុង​នោះ​មាន ​៩ នៅ​រាជធានី​ភ្នំពេញ និង​ ១ ​កន្លែង​ទៀត​ ​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។


លោក ​ស្រ៊ុន ​ពៅ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​ជំងឺ​ប៉េស្ដ​ជ្រូក​នេះ ​មាន​តម្លៃ ​៣៥០ ​ដុល្លារ ​ក្នុង ​១ ​គ្រឿង ​ដែល​បង្កើត​ឡើង​ដោយ​សិប្បកម្ម​ជា​សមាជិក​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​ហើយ​បាន​ឧបត្ថម្ភ​មក​ខាង​សមាគម ​ដើម្បី​យក​ទៅ​ចែក​ដល់​សត្តឃាតដ្ឋាន​ដែល​កំពុង​ខ្វះ​មធ្យោបាយ​​ធ្វើ​អនាម័យ​ដើម្បី​ទប់ស្កាត់​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​។

លោក​បន្ត​ថា ​ជា​ជំ​ហាន​ដំបូង​នេះ គឺ​សមាគម​បាន​ចែក​ទៅ​កន្លែង​សត្តឃាតដ្ឋាន​ធំៗ​ដែល​មាន​ជ្រូក​ចេញ​ចូល​ច្រើន​ជាង​គេ និង​នៅ​គ្រប់​ខណ្ឌ​ដែល​មាន​កន្លែង​សត្តឃាតដ្ឋាន ​ខណៈ​កន្លែង​សេសសល់​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត​នឹង​អាច​ទទួល​បាន​​នៅ​ពេល​ក្រោយ។


លោក​ថា៖ ​«កន្លែង​សត្តឃាតដ្ឋាន​ដែល​ចុះ​បញ្ជី​ស្រប​តាម​ច្បាប់​នៅ​ភ្នំពេញ​មាន​ពី ១៧ ​ទៅ ១៨ ​កន្លែង ហើយ​ម៉ាស៊ីន​នេះ​ងាយ​ស្រួល​គឺ​អូស​បាញ់​តែ ម្ដង​ហើយ ​១ គ្រឿង ​តម្លៃ ​៣៥០ ​ដុល្លារ​ហ្នឹង គិត​ទាំង​ម៉ូទ័រ​ទុយោ និង​រទេះ​រុញ»​។

ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ត្រូវ​បាន​រក​ឃើញ​ផ្ទុះ​ឡើង​ដំបូង​នៅ​កម្ពុជា​នា​ថ្ងៃទី ​២២ ​ខែ​មីនា​ នៅ​ខេត្ត​រតនគិរី ​និង​បាន​​រាលដាល​ដល់​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង និង​ខេត្ត​កណ្ដាល​ ដោយ​បាន​ធ្វើ​ឱ្យ​ជ្រូក​រាប់​ពាន់​ក្បាល ងាប់ ​និង​ត្រូវ​បាន​សម្លាប់​ចោល។ លោក ​ស្រ៊ុន​ ពៅ​ បន្ថែម​ថា​ដោយ​សារ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​រអា​មិន​ចង់​បរិភោគ​សាច់​ជ្រូក​ជា​ហេតុ​ធ្វើ​ឱ្យ​​ការ​ផ្គត់ផ្គង់​ថយ​ចុះ​ជាង ​១ ​ខែ​មក​នេះ​ និង​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ប្រឈម​នឹង​ការ​ខាត​បង់​ប្រាក់​អស់​ជា​ច្រើន​។


លោក​បាន​អះអាង​ថា​ កាល​ពី​​មិន​ទាន់​មាន​​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក ​គឺ​កម្ពុជា​ត្រូវ​ការ​សត្វ​ជ្រូក​ផ្គត់ផ្គង់​ទីផ្សារ​ប្រហែល ​៧ ​ពាន់​ក្បាល​រៀង​រាល់​ថ្ងៃ​ ក្នុង​នោះ​មាន​ជាង ​១ ​ពាន់​ក្បាល ​នាំចូល​ពី​ថៃ​។ ប៉ុន្តែ​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​សល់​តែ​ជាង ៣ ​ពាន់​ក្បាល​ទេ។

លោក​ថា៖ ​«កាល​ពី​មុន​យើង​ខ្វះ​តែ​ជាង ​១ ​ពាន់​ទេ ​តែ​ឥឡូវ​ជ្រូក​ក្នុង​ស្រុក​យើង​ប្រើ​មិន​ទាំង​អស់​ផង​យើង​នាំចូល​អី​ទៀត»។​ កាល​ពី​ថ្ងៃ​ម្សិលមិញ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​តាន់​ ផាន់ណារ៉ា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​បាន​ទេ ​ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ខែ​កក្កដា​ថា ​ក្រសួង​បាន​ដាក់​ឱ្យ​មាន​ឧបករណ៍​ចល័ត​ចំនួន ​៤ ​គ្រឿង ​ដើម្បី​ធ្វើ​តេស្ដ​ឈាម​សត្វ​ជ្រូក​នៅ​ទីតាំង​ផ្ទុះ​ជំងឺ ​ដើម្បី​ឱ្យ​កសិករ​ដែល​មាន​សត្វ​ជ្រូក​គ្មាន​ជំងឺ​អាច​នាំចេញ​ពី​តំបន់​នោះ​ទៅ​លក់​នៅ​ខាង​ក្រៅ​បាន​។

ជាមួយ​គ្នា​នេះ​ លោក ​ប៊ុន ទួន ស៊ីម៉ូណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​ ស្រុក​ស្អាង​ និង​ស្រុក​ខ្សាច់​កណ្ដាល ​ដែល​រាលដាល​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​កាល​ពី​ដើម​ខែ​កក្កដា​ ​ដែល​ធ្វើ​ឱ្យ​ជ្រូក​ជាង ១ ​ពាន់​ក្បាល​បាន​ងាប់ ​និង​សម្លាប់​ចោល ​នោះ​គឺ​រយៈពេល​ជាង ​១ ​សប្ដាហ៍​មក​នេះ​ លែង​មាន​ជ្រូក​ឈឺ​ និង​ងាប់​ទៀត​ហើយ​។

លោក ​ស៊្រុន ពៅ​ សង្ឃឹម​ថា តម្រូវ​ការ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​កម្ពុជា នឹង​មាន​ការ​កើន​ឡើង​ដូច​ធម្មតា​វិញ​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ខណៈ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​ក្រសួង​សុខាភិបាល​ និង​ក្រសួង​កសិកម្ម​ប្រកាស​ថា​ មិន​ឆ្លង​ទៅ​មនុស្ស​ទេ​៕