ភ្នំពេញៈ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទទួល​ព្រះរាជសវនាការ​ជាមួយ​លោក Wang Yi ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ដោយ​បាន​ពិភាក្សា​ពី​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។


ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ឲ្យ​ដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ថ្ងៃ​សុក្រ​បាន​ទទួល​ស្វាគម៍​លោក Wang Yi នៅ​ទីក្រុង​ប៉េកាំង ខណៈ​ដែល​ព្រះអង្គ​កំពុង​គង់​ពិនិត្យ​សុខភាព​។ ក្នុងជំនួប​នោះ​លោក Wang Yi បាន​នាំពាក្យ​សួរសុខទុក្ខ​របស់​ប្រធានធិបតី​ចិន​ស៊ី ជីនភីង​ និង​ភរិយា​ថ្វាយ​ព្រះមហាក្សត្រ​។

លោក Wang Yi ថ្លែងថា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ទ្រង់​បាន​បន្ត​រក្សា​មិត្តភាព​ប្រពៃណី​ជាមួយ​ចិន បន្ទាប់ពី​សម្ដេចព្រះ​បរមរតនកោដ្ឋ ពោលគឺ​ព្រះអង្គ​បាន​រួមចំណែក​ជាថ្មី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។ លោក​ក៏បាន​បង្ហាញ​ការ​ត្រេកអរ​របស់​ភាគី​ចិន​ដែល​បានឃើញ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការទប់ស្កាត់​នឹង​ជំងឺ​កូវីដ​១៩ ក្នុង​ប្រទេស​ឲ្យ​ទទួល​បាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ហើយ​លោក​ជឿជាក់​ថា ប្រជាជន​កម្ពុជា​ប្រាកដ​ជា​អាច​យកឈ្នះ​ជាមួយ​នឹង​ជំងឺ​កូវីដ​១៩​នេះ​ជាមិនខាន​។


ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​សរសេរ​ថា​៖ «​ខណៈពេល​នេះ ចិន និង​កម្ពុជា នៅតែ​អាច​ប្រឈម​ជាមួយ​ហានិភ័យ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​កិច្ចទប់ស្កាត់​ការផ្ទុះ​ឡើង​សាជាថ្មី​នូវ​ជំងឺ​កូវីដ​ក្នុងប្រទេស និង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​នេះ​ដែល​ឆ្លង​ពី​ក្រៅប្រទេស​។ ភាគី​ទាំង​ ២ គួរ​ពង្រឹង​កិច្ចសហការ​សាមគ្គី​គ្នា និង​ការពិភាក្សា​បទពិសោធ​ទប់ស្កាត់​នឹង​វីរុស​មួយ​នេះ​ដើម្បី​ដំណើរការ​សេដ្ឋកិច្ចសង្គម និង​សណ្ដាប់ធ្នាប់​ជីវភាព​សាជាថ្មី​ដោយ​ស្ថិតក្រោម​ការទប់ស្កាត់​យ៉ាងមោះមុត​ក្នុង​ភាពធម្មតា​នេះ​»​។

ស្ថានទូត​ចិន​បាន​លើក​ឡើង​នូវ​សម្ដី​របស់​លោក Wang Yi ដែល​ថ្លែងថា ខណៈពេល​ដែល​ចិន​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ ដ៏​ចាំបាច់​នេះ​ភាគី​កម្ពុជា​បាន​ផ្តល់​ការគាំទ្រ​យ៉ាងមុតមាំ​ជូន​ដល់​ភាគី​ចិន​។


ក្រោយពី​កម្ពុជា​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវីដ​ ១៩ មក ភាគី​ចិន​ក៏​បាន​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​រដ្ឋ​ចិន​ដំបូង​គេ​ក្នុង​កិច្ចទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​ ក្នុង​បណ្ដា​ប្រទេស​ជិតខាង​នៃ​ចិន​ និង​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​យោធា​ចិន​មក​កាន់​ប្រទេស​កម្ពុជា ព្រមទាំង​បានផ្តល់​សម្ភារ​ទប់ស្កាត់​ចាំបាច់​ជាច្រើន ជូន​ដល់​កម្ពុជា​។ ​«​ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​មិត្តភាព​ប្រពៃណី​ដែល​គាំទ្រ​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក​រវាង​ចិន និង​កម្ពុជា​»​។

បើ​តាម​ទូត​ចិន​ដដែល ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ផ្ដាំ​សួរសុខទុក្ខ​ប្រធានាធិបតី ស៊ី និង​ភរិយា និង​បាន​មានបន្ទូល​ថា​នឹង​បន្ត​រក្សា​ និង​អភិវឌ្ឍ​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​ និង​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ ព្រះអង្គ​បាន​សាទរ​ដល់​ចិន​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩ និង​ថ្លែង​អំណរគុណ​ចំពោះ​ចិន​ដែល​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។ ព្រះអង្គ​បញ្ជាក់ថា កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ចពិភាក្សា​ជាមួយ​ចិន​អំពី​បទពិសោធ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​នេះ​ដើម្បី​រក្សាសុខ​សុវត្ថិភាព​អាយុជីវិត​ប្រជាជន​។

ទំព័រ​ហ្វេសប៊ុក Royal du Cambogde ក៏បាន​លើកឡើង​នូវ​សម្ដី​លោក Wang Yi ដែល​លោក​ថា​៖ «​មិត្តភាព​ចិន-កម្ពុជា​គឺជា​មិត្តភាព​ដែល​មិនអាច​បំបែក​បាន​ និង​បាន​ទប់ទល់​ទៅនឹង​ការសាកល្បង​នៃ​ការផ្លាស់ប្តូរ​អន្តរជាតិ ហើយ​វា​អាច​ត្រូវបាន​គេ​ហៅថា ជា​គំរូ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​និង​រដ្ឋ​»​។

លោក Wang Yi ត្រូវបាន​ស្រង់​សម្ដី​ថា​៖ «​ភាគី​ទាំង​ ២ គួរតែ​ពង្រឹង​ថែមទៀត​នូវ​សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​ព្រម​ទាំង​ការផ្លាស់ប្តូរ​បទពិសោធ​ក្នុង​ការការពារ​ និង​គ្រប់គ្រង ហើយ​ស្ដារឡើង​វិញ​នូវ​ជីវិត​សេដ្ឋកិច្ច និង​សង្គម​ក្នុង​ខណៈ​ដែល​ប្រកាន់ខ្ជាប់​នូវ​ការការពារ​ និង​ការត្រួតពិនិត្យ ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩»​។

ព្រះមហាក្សត្រ​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ដែល​ស្លាប់ ដោយសារ​ជំងឺ​កូវីដ​១៩ ដោយ​ព្រះអង្គ​បង្ហូតទង់​ព្រះមហាក្សត្រ​ត្រឹម​ពាក់កណ្តាល​ដង នៅមុខ​ព្រះរាជដំណាក់​ចំណែក​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​ប្រារព្ធ​ពិធី​តាមបែប​ព្រះពុទ្ធ​សាសនា​នៅ​ព្រះបរមរាជវាំង​នៃ​ប្រទេស​ កម្ពុជា ដើម្បី​បួងសួង​ដល់​ប្រជាជន​ចិន​។ នេះ​បើតាម​ Royal du Cambodge​។

ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ទំនាក់ទំនង​កម្ពុជា-ចិន​នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត ហើយ​មិត្តភាព​ប្រជាជន​នឹង​បន្ត​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ផងដែរ​»​។

ក្នុង​ករណី​ដាច់ដោយឡែក​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា កាលពី​ថ្ងៃ​សុក្រ​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Wei Fenghe ទីប្រឹក្សា​រដ្ឋ​ចិន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​អំពី​ការរួម​គ្នា​រវាង​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។ នេះ​បើតាម​ព័ត៌មាន​ពី​ស្ថានទូត​ចិន​។

ស្ថានទូត​ចិន​បញ្ជាក់ថា​៖ «​ភាគី​ចិន សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​កម្ពុជា​ដែល​ទទួលបាន​ពី​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ​ហើយ​ចិន​នឹង​បន្ត​ជំរុញ​កិច្ចទំនាក់ទំនង​ជាន់ខ្ពស់​ និង​កិច្ចសហប្រតិបត្តិ​ការជាក់ស្តែង​នៃ​យោធា​រវាង​ប្រទេស​ទាំង​ ២»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា បើ​និយាយ​ពី​ទំនាក់ទំនង​កម្ពុជា​ និង​ចិន​គឺ​ថ្នាក់ដឹកនាំ​កម្ពុជា​ និង​ព្រះមហាក្សត្រ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាំង​កម្រិត​ឯកជន​ និង​ផ្លូវរដ្ឋ​។ លោក​ថា ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​វិស័យ​ ៤ រួមមាន​វិស័យ​នយោបាយ សេដ្ឋកិច្ច​សង្គម​វប្បធម៌​ និង​ទំនាក់ទំនង​ជា​ឯកជន​រវាង​ថ្នាក់ដឹកនាំ​ចិន និង​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​ថ្នាក់ដឹកនាំ​កំពូល​បច្ចុប្បន្ន​។ «​ក្នុង​វិស័យ​យោធា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​គឺ​ដល់​កម្រិត​កំពូល​រហូត​ដល់​មាន​ការសង្ស័យ​ថា កម្ពុជា​បាន​លួច​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ផ្ដល់​ឲ្យ​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​នូវ​មូលដ្ឋាន​យោធា​ដែនសមុទ្រ​។ ទាំងអស់​នេះ​មានន័យថា មាន​ភាពស៊ីជម្រៅ​នៃ​ទំនាក់ទំនង​»៕