ព្រះវិហារៈ មន្ត្រី​បាន​ដាក់​ការសង្ស័យ​ថា ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោ​ សែន ឫស្សីត្រឹប នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ អស់​ប្រមាណ​ ២០០ ​ហិកតា ​នៃ​ផ្ទៃដី​កាលពី​ថ្ងៃទី​ ១៣ ខែមីនា គឺមាន​គេ​លួច​ចូល​ទៅ​ដុតបំផ្លាញ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការគុំកួន​។


លោក​ ជា សម្បតិ្ត អនុប្រធាន​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សីត្រឹប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ឧទ្យាន​តេជោសែន ឫស្សីត្រឹប​នេះ​អស់​ប្រមាណ ២០០ ​ហិកតា​។ ក្នុងនោះ​ស្មៅ​សម្រាប់​ឱ្យ​គោ​ស៊ី​ប្រមាណ​ ៧ ​ហិកតា​នៃ​ផ្ទៃដី និង​សល់​ពីនេះ កូនឈើ និង​ដើមឈើ ដែល​ត្រូវបាន​ដាំ ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ឆ្នាំ​ ២០១៨ សរុប​ទាំងអស់​ប្រមាណ​ ៧ ​ម៉ឺន​ដើម​។

ឈើ​ដែល​បាន​ឆេះ​នេះ​ជា​ប្រភេទ​ឈើ​បេង សុក្រំ គ្រញូង ដែល​ត្រូវបាន​ដាំ​រយៈពេល​ជាង​ ២ ​ឆ្នាំ និង​ខ្លះទៀត​ ១ ​ឆ្នាំ​។ ក្រៅពីនេះ ជាដើម​ឈើ​ដែល​ដុះ​យូរហើយ​ [​ប្រភេទ​ដើមឈើ​ចាស់ និង​ធំៗ​] ដែល​មាន​មុខកាត់​ចាប់ពី​ ២០ រហូតដល់ ៨០ ​សង់ទីម៉ែត្រ​អស់​ជាច្រើន​ដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ជា​សម្បត្តិ​។


មន្ត្រី​រូបនេះ​ថ្លែង​ថា លោក​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការឆេះ​បណ្តាល​មកពី​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​លោក​បាន​ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា មាន​គេ​លួច​ចូល​ទៅ​ដុតបំផ្លាញ​។ លោក​បាន​អះអាង​ថា នៅ​សុខៗ​វា​មិនអាច​ឆេះ​បាន​ទេ ហើយ​បើទោះបី វា​ឆេះ វា​នឹង​រាល​ចេញ​ពី​ចំណុច​ខាង​ណាមួយ ប៉ុន្តែ​នេះ​វា​ឆេះ​នៅ​ត្រង់​ចំណុចកណ្តាល​ចម្ការ​ស្មៅ​គោ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ដាក់​ការសង្ស័យ​ទៅលើ​ពួក​ដើរ​បាញ់​សត្វ អ្នកដើរ​ទាក់​សត្វ​ដែល​អាច​នឹង​ជក់បារី ហើយ​បោះ​បារី​ចោល​។ ប៉ុន្តែ​មួយទៀត គឺ​អ្នក​ត្រូវ​បាន ឯកឧត្តម​ប្រធាន សុខ ទូច ចាប់​គោយន្ត​គាត់ ប្រហែល​ពួកគាត់​គុំកួន និង​មាន​ការស្អប់​យើង ដោយ​កន្លងមក​នេះ​យើង​បាន​ចាប់​គោយន្ត​គាត់​ដែល​បាន​ចូល​ទៅ​កាប់​ឈើ​នៅក្នុង​ឧទ្យាន​នេះ​»​។


បើតាម​លោក​ ជា សម្បត្តិ ការចាប់​គោយន្ត​នោះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច គ្មាន​ចេតនា​ក្នុង​ការចាប់​យក​គោយន្ត​ទាំងនោះ​យកមក​ធ្វើ​កម្មសិទ្ធិ​នោះទេ​។ ការចាប់​នោះ​គ្រាន់តែ​យក​មក​រក្សាទុក​មួយ​រយៈពេល​កុំឱ្យ​ពួកគាត់​យក​ចូលទៅ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​បន្តទៀត ហើយ​នៅពេល​សមស្រប​ណាមួយ​នោះ​នឹង​ប្រគល់​ឱ្យ​ពួកគាត់​វិញ​។

ទោះជា​យ៉ាងណា​លោក​ ជា សម្បត្តិ បញ្ជាក់​ថា​រហូត​មក​ដល់​ពេលនេះ លោក​ សុខ ទូច មិនទាន់​មាន​ផែនការ​ណាមួយ​ក្នុង​ការចុះ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​ដែល​លួច​ចូល​ទៅ​ដុត​ព្រៃ​នេះ​នៅ​ឡើយ​ទេ​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​របស់លោក​មិនអាច​ហៅចូល​បាន​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ១៣ ខែមីនា លោក​ សុខ ទូច បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចោទ​ជា​ចម្ងល់ និង អម​ជាមួយ​វីដេអូ​ភ្លើង​កំពុង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​ថា​៖ «​តើ​ពេលណា​យើង​ត្រូវ​ទាត់ចោល​ទម្លាប់​អាក្រក់​នេះ​បាន កូនឈើ​ដាំ​នៅ​រដូវវស្សា ពេល​រដូវប្រាំង​ឆេះ​អស់ ព្រោះ​តែ​សត្វ​ជ្រូក ១ ​ក្បាល​»​។

ដោយឡែក​ហ្វេសប៊ុក​របស់​ឧទ្យាន​ឫស្សីត្រឹប​នៅ​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ​ ២០២១ បាន​សរសេរ​ថា ព្រៃ​ក្នុង​តំបន់​ឧទ្យាន និង​កូនឈើ​ដែល​បាន​ដាំ​ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ឆ្នាំ​ ២០១៨ ត្រូវបាន​ជនខិលខូច​ដុត​ក្នុងពេល​ថ្មីៗ​នេះ​។

ហ្វេសប៊ុក​នេះ​បន្តថា​៖ «​ផ្ទះ​ឆេះ​អាច​សង់​ឡើងវិញ​បាន តែព្រៃ​ឈើ​ដែល​ឆេះ​មិនអាច​ដាំ​ឡើង​វិញ​ភ្លាម​បានទេ មាន​តែ​ពាក្យ​សោកស្តាយ​ប៉ុណ្ណោះ​»​។

លោក​ ឈួន ម៉ារឌី អធិការនគរបាល​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ទទួលបាន​ព័ត៌មាន​ពី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោ សែន ឫស្សីត្រឹប​នេះ​ទេ ព្រោះ​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​បាន​រាយការណ៍​ជូន​លោក​។

លោក​ថ្លែងថា​៖ «​បើសិន​ជាមាន​អ្នក​ផ្តល់ព័ត៌មាន​ឱ្យ​ខ្ញុំ​បានដឹង ខ្ញុំ​នឹង​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ពន្លត់​ហើយ ព្រោះ​ខ្ញុំ​តែងតែ​ចុះទៅ​ពន្លត់​រហូតមក ប៉ុន្តែ​នេះ​ខ្ញុំ​អត់​បានដឹង​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​ទាក់ទង​នឹង​មន្ត្រី​ឧទ្យាន​ជាតិ ដែល​បាន​សន្និដ្ឋានថា មាន​គេ​លួច​ចូល​ទៅ​ដុត​នោះ លោក​នឹង​រៀបចំ​បញ្ជូន​មន្ត្រី​ទៅពិនិត្យ​មើល និង​ធ្វើការ​ស៊ើបអង្កេត​ជាក់ស្តែង​។

លោក​ មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​ថ្លែងថា ជាទូទៅ នៅក្នុង​ខេត្ត​ព្រះវិហារ​នា​រដូវប្រាំង​តែងតែ​មាន​ភ្លើង​ឆេះ​ព្រៃ មិន​ថា​នៅ​កន្លែង​ឧទ្យាន​ជាតិ​តេជោសែន​ឫស្សីត្រឹប​នេះ​ទេ​។ ដូច្នេះ​បាន​ជា​ខាង​ក្រសួង​ក៏​ដូច​ខាង​មន្ទីរ​ខេត្ត​តែងតែ​ត្រៀម​ធ្វើការ​ការពារ​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់​ឆ្នាំ​។

បើតាម​លោក​ មាស ញឹម ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ និង​កុំឱ្យ​មាន​ការលួច​ចូល​ទៅ​ដុត​បាន​ខាង​ឧទ្យាន​ជាតិ​តេជោសែន ឫស្សីត្រឹប គួរតែ​មាន​កម្លាំង​ការពារ​គ្រប់​ច្រក​សំខាន់ៗ​ដើម្បី​ទប់ស្កាត់​។ បើ​មិនមាន​ទេ វា​អាច​នឹង​បណ្តាល​ឱ្យ​ឆេះ​កាន់តែ​ច្រើន ព្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​កម្ពុជា​គឺ​កើតឡើង​ដោយ​សកម្មភាព​របស់​មនុស្ស មិន​ដូច​នៅ​ស្រុក​គេ​ទេ​។

លោក​ មាស ញឹម ថ្លែងថា​៖ «​បើ​មិនមាន​មនុស្ស​ដុត វា​មិន​ឆេះ​ទេ វា​មិន​ដូច​ធ្លាក់​ថ្ម​មក​ឆេះ​ដូច​នៅ​អាមេរិក​ទេ​»៕

វីដេអូ៖