ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​ផ្ដន្ទាទោស​មន្ត្រី​អាដហុក​ទាំង​ ៥ ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ ​ឆ្នាំ ប៉ុន្តែ​បង្គាប់​ឲ្យ​ពួកគេ​ជាប់ឃុំ​តែ​ក្នុង​ចំនួន​ដែល​ពួកគេ​បាន​ជាប់​រួច​ហើយ​ក្នុង​អំឡុងពេល​ការឃុំ​ខ្លួន​មុន​ការជំនុំជម្រះ រីឯ​ទោស​ដទៃ​ទៀត​ដែល​នៅសល់​ត្រូវ​បាន​ព្យួរ​ពី​បទ​សមគំនិត និង​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​ករណី​ស្នេហា​លួចលាក់​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់​។


ប្រធាន​ចៅក្រម​ជំនុំជម្រះ​លោក ឌុច សុខសារិន បាន​លើក​ឡើង​នូវ​ហេតុផល​ការងារ​សង្គម​ដែល​បុគ្គលិក​អង្គការ​អាដហុក​ទាំង​នេះ​បាន​ធ្វើ​កន្លង​មក​សម្រាប់​​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ថា​៖ «​តុលាការ​កាត់ទោស នី សុខា​,​ណៃ វង់ដា​,​យី សុខសាន្ត​,​លីម មុនី​,​ និង​ នី ចរិយា ម្នាក់ៗ​ឲ្យ​ជាប់​ពន្ធនាគារ​ ៥ ​​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​តែ​ពី​រយៈពេល​ថ្ងៃទី​ ២ ខែ​ឧសភា ឆ្នាំ​ ២០១៦ ​រហូត​ដល់​ពេល​ដែល​ចុងចោទ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ចំនួន​ទោស​នៅ​សល់​ត្រូវ​ព្យួរ​»​។

បុគ្គលិក​ ៤ ​នាក់​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក និង​បុគ្គលិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្នាក់​ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា Adhoc 5 ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ចុង​ខែ​មិថុនា​ឆ្នាំ​មុន បន្ទាប់ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ១៤ ​ខែ​ក្នុង​អំឡុងពេល​ការស៊ើបអង្កេត​។ ​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​ស្រីកំណាន់​របស់​លោក កឹម សុខា ដែល​កាល​នោះ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​កុហក​អំពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​នាង​។


ចៅក្រម​បាន​ថ្លែង​ថា​បុគ្គលិក​ទាំង​ ៤ ​នាក់​របស់​អង្គការ​អាដហុក​បាន​ដាក់​សម្ពាធ​ទៅ​លើ​ស្ត្រី​ជាង​កាត់​សក់​ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រី មុំ ឲ្យ​កុហក​មន្ត្រី​នៅ​រាល់​ដំណាក់កាល​ស៊ើបអង្កេត​អំពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​នឹង​លោក កឹម សុខា​។

ចៅក្រម​បាន​អះអាង​ថា​មន្ត្រី​អាដហុក​ទាំង​នេះ​បានរៀបចំ​ឯកសារ​ឲ្យ​ ស្រីមុំ ទៅ​​បរទេស ខណៈ​លោក នី ចរិយា​ (​គជប​) ​បាន​ទាក់ទង​បុគ្គលិក​អង្គការ​សហប្រជាជាតិ​តាម​ទូរស័ព្ទ​អំពី​លទ្ធភាព​នៃ​ការនាំយក ស្រីមុំ ទៅ​បរទេស​។


បើ​យោង​តាម​ចម្លើយ​របស់​ ស្រីមុំ នាង​បាន​និយាយ​ថា​នាង​បាន​មាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា ដោយ​មាន​ការជួយ​ពី​ក្រុម​រៀបចំ​មួយ ហើយ​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ​។ ​នាង​ត្រូវ​បាន​ប្រាប់​ឲ្យ​ច្រានចោល​សំឡេង​សន្ទនា​ដែល​លេច​ធ្លាយ​រវាង​នាង និង​លោក កឹម សុខា​។ ស្រីមុំ ត្រូវ​បាន​ដាក់​សម្ពាធ​ដោយ​បុគ្គលិក​អង្គការ​អាដហុក​ ៤ ​នាក់​ឲ្យ​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​នាង​រក្សា​ជំហរ​របស់​នាង​ក្នុង​ការ​កុហក​នៅ​រាល់​ដំណាក់កាល​នៃ​នីតិវិធី​។

ចៅក្រម​បាន​ច្រានចោល​ទឡ្ហីករណ៍​របស់​ភាគី​ចុងចោទ​ដែល​បាន​និយាយ​ថា ស្រីមុំ គឺជា​ជនសង្ស័យ​នៅក្នុង​សំណុំ​រឿង​នោះ​នៅពេល​ដែល​នាង​បាន​ទៅ​សុំ​ការជួយ​ពី​អង្គការ​អាដហុក​។ ប៉ុន្តែ​ចៅក្រម សុខ សារិន បាន​ថ្លែង​ថា​នរណា​ក៏ដោយ​អាច​ជា​សាក្សី​នៃ​សំណុំរឿង ប្រសិន​បើ​ជន​នោះ​ចាំបាច់​ចំពោះ​សំណុំ​រឿង​នោះ​។

ថ្លែង​នៅ​ក្រៅ​តុលាការ បន្ទាប់ពី​សវនាការ​លោក នី សុខា បាន​ថ្លែង​ថា សាលក្រម​នេះ​មិន​យុត្តិធម៌​សម្រាប់​លោក​ទេ​។

លោក​ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ថា​វា​ជា​សេចក្តី​សម្រេច​អយុត្តិធម៌​គឺ​ដោយសារ​ដូច​ដែល​យើង​ដឹង​ហើយ នៅ​ថ្ងៃ​សវនាការ សាក្សី​សំខាន់បំផុត​ទាំង​ ២ ​នាក់​អវត្តមាន​។ នេះ​មាន​ន័យ​ថា​វា​ខ្វះ​ទឡ្ហីករណ៍​ និង​ការពិនិត្យ​ប្រៀបធៀប​នៅក្នុង​សវនាការ​ដែល​សំខាន់​ណាស់ ហើយ​នេះ​មិន​អាច​ទទួល​យក​បាន​»​។ លោក​បាន​បន្ថែម​ថា ស្រីមុំ មិនមែន​ជា​សាក្សី​ទេ​។

លោកស្រី លីម មុនី ដែល​ជា​បុគ្គលិក​ម្នាក់​ទៀត​របស់​អង្គការ​អាដហុក​បាន​ថ្លែង​ថា វា​អយុត្តិធម៌​ចំពោះ​លោកស្រី​ដោយសារ​លោកស្រី​បាន​ដាក់​ទឡ្ហីករណ៍​ការពារ​ដោយ​មាន​ហេតុផល​។

«​ប៉ុន្តែ​តុលាការ​មិន​ពិចារណា​។ ផ្ទុយ​ទៅ​វិញ​តុលាការ​យក​ចម្លើយ​ [​របស់​ស្រីមុំ​] ដែល​អះអាង​ថា​នាង​ជា​សាក្សី​ម្នាក់​។ ជាង​នេះ​ទៀត​ពួកគេ​ [​សាក្សី​ទាំង​ ២] ​មិន​គោរព​នីតិវិធី​តុលាការ​។ ចំពោះ​យើង​វិញ យើង​បាន​ចូលរួម​នៅ​រាល់​នីតិវិធី​ដែល​តុលាការ​តម្រូវ​»​។

បុគ្គលិក​អង្គការ​អាដហុក​ទាំងនេះ​បាន​ថ្លែង​ថា ពួកគេ​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​ពួកគេ​អំពី​ជំហាន​បន្ទាប់​។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​បាន​តាមដាន​សំណុំ​រឿង​នេះ​បាន​ថ្លែង​ថា សេចក្តី​សម្រេច​របស់​តុលាការ​មាន​លក្ខណៈ​បំបាក់ទឹកចិត្ត និង​បន្សល់​នូវ​ផលប៉ះពាល់​អាក្រក់​ទៅលើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើការងារ​នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​។

លោក សំអាត បាន​បន្ត​ថា​៖ «​ខ្ញុំ​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​នេះ​ដែល​កាត់ទោស​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង​ ៥ ​នាក់​»​។ ​

លោក​ថា​៖ «​នេះ​ជា​ករណី​ទី​មួយ​ដែល​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​បំពេញ​អាណត្តិ​របស់ខ្លួន​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​ទីបំផុត​ត្រូវ​ជាប់​ពន្ធនាគារ និង​ផ្តន្ទាទោស​។ ប្រសិន​បើ​យើង​ក្រឡេក​មើល​លើ​ទឡ្ហីករណ៍​ក្នុង​តុលាការ​មិន​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​លើ​ពួកគេ​។ នេះ​ជា​មេរៀន​មួយ​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​ដទៃៗ​ទៀត​។ ​ខ្ញុំ​ជឿ​ថា​ ​ការកាត់ទោស​នេះ​នឹង​មាន​ផលប៉ះពាល់​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ដទៃ​ធ្វើឲ្យ​ពួកគេ​ភ័យខ្លាច និង​ស្ទាក់ស្ទើរ​នៅក្នុង​ការបំពេញ​ការងារ​របស់​ពួកគេ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​»​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​អាដហុក​ទាំង​ ៥ ​នាក់ និង​បាន​ថ្លែង​ថា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

លោក Brad Adams នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​បាន​ថ្លែង​ថា​៖ «​ការកាត់ទោស​គ្មាន​មូលដ្ឋាន​ទាំងនេះ​បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​បំណង​កាត់ទោស​អ្នកការពារ​សិទ្ធិមនុស្ស បើ​សូម្បី​តែ​បន្ទាប់ពី​ការពង្រឹង​អំណាច​របស់​គាត់​តាមរយៈ​ការបោះឆ្នោត​គួរ​ឲ្យ​អាម៉ាស់​កាលពី​ខែ​កក្កដា​ក៏ដោយ​»​។ «​វា​ច្បាស់ណាស់​ថា ការលើក​ទោស​អ្នកទោស​នយោបាយ​បន្ទាប់ពី​ការបោះឆ្នោត​គ្រាន់​តែ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​សាធារណៈ​ដើម្បី​ទទួល​បាន​ភាពស្រប​ច្បាប់​ពី​អន្តរជាតិ​ថ្មី​ប៉ុណ្ណោះ​»៕ PS