ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ ជួន ណារ៉ុន ដែលជាប្រធានកាយរឹទ្ធិជាតិកម្ពុជាផងនោះបានចាត់ទុកសកម្មភាពនានារបស់កាយរឹទ្ធិថា ជាកិច្ចការមិនអាចខ្វះបាន ជាពិសេសខណៈគោលនយោបាយ និងគោលការណ៍កាយរឹទ្ធិនឹងផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យានាថ្ងៃអនាគត។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិនៃកាយរឹទ្ធិជាតិកម្ពុជាលើកទី ១ សម្រាប់អាណត្តិទី ៣ នៅខេត្ដកំពង់ធំកាលពីម្សិលមិញលោក ហង់ ជួនណារ៉ុន បានលើកឡើងថាកាយរឹទ្ធិមិនគ្រាន់តែដើរតួក្នុងការពង្រឹងសាមគ្គីជាមួយយុវជន និងសង្គមនោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការផ្សារភ្ជាប់ខ្លួនទៅវិស័យផ្សេងផងដែរ ពិសេសក្នុងពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន។
លោកថ្លែងថា៖ «យើងចង់ឲ្យសកម្មភាពកាយរឹទ្ធិនេះមិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការពង្រឹងស្មារតីសាមគ្គីភាព ភាតរភាពជាមួយយុវជន និងយុវជនក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្ដែយើងចង់ឲ្យកាយរឹទិ្ធផ្សារភ្ជាប់រវាងគោលនយោបាយ និងគោលការណ៍កាយរឹទ្ធិជាមួយនឹងបច្ចេកវិទ្យាផងដែរ»។
លោកបានពន្យល់ថានៅថ្ងៃអនាគតពេលមានសកម្មភាពបោះជំរំជាដើមនោះ ក្រសួងអប់រំមិនមែនគ្រាន់ឲ្យយុវជនមកជួបជុំគ្នាធម្មតាទេ ប៉ុន្ដែនឹងបង្កើតសកម្មភាព និងវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យាថ្មីៗដល់យុវជនផងដែរ។
លោកថា៖ «យើងនឹងរៀបចំជាសកម្មភាព Boot Camp ដែលមានជាវគ្គបណ្ដុះបណ្ដាលអំពីបច្ចេកវិទ្យា។ ចំពោះវគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំឡើងថា តើយុវជនសម័យថ្មីនៅក្នុងយុគសម័យឌីជីថលនេះត្រូវមានចំណេះដឹង និងវិជ្ជាសម្បទាអ្វីខ្លះ?»។
លោកបានរំឭកទៅយុវជនថា៖ «យុវជនកម្ពុជាត្រូវចេះទទួលខុសត្រូវមានការប្តេជ្ញាចិត្តខ្ពស់ធ្វើខ្លួនជាពលរដ្ឋអន្តរជាតិ ចេះសហការជាមួយយុវជននៃប្រទេសដទៃទៀតចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្លាយជាធនធានដ៏ល្អដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសកម្ពុជា»។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផល ១ ឆ្នាំកន្លងមកនេះលោករដ្ឋមន្ដ្រីក្រសួងអប់រំបានបង្ហាញថា កាយរឹទ្ធិកម្ពុជាមានការវិវឌ្ឍរីកចម្រើន និងបានរួមចំណែកក្នុងចលនាសង្គមយ៉ាងសកម្មនៅទូទាំងប្រទេស។
លោកបន្ដថា៖ «សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា កាយរឹទ្ធិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកុមារ និងយុវជនសកម្មភាពនៅក្នុងសហគមន៍ ការពង្រឹងភាពជាអ្នកដឹកនាំ និងបណ្ដុះបណ្ដាលធនធានកុមារ និងយុវជនឲ្យក្លាយជាកម្លាំងបន្ដវេនដ៏មានប្រសិទ្ធភាព និងស្មោះត្រង់នឹងប្រទេសជាតិ»។
លោក ណារ៉ុន បានលើកឡើងថា ក្រសួងចង់ពង្រឹងឲ្យយុវជនយល់ដឹងពីភារកិច្ចខ្លួន និងចេះជួយគ្នាក្នុងការសិក្សារៀនសូត្រ។ ដូច្នេះភារកិច្ចធំរបស់កាយរឹទ្ធិគឺពង្រឹងការរៀនសូត្រ ហើយបច្ចេកវិទ្យាដែលកំពុងរីកចម្រើនក៏ត្រូវគិតគូរផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះក្រសួងអប់រំបានដាក់ចេញនូវវិធានការកំណែទម្រង់ការអប់រំជាបន្ដដោយបានដាក់ចេញនូវសមាសភាព ៣ ក្នុងវិស័យអប់រំរួមមានកំណែទម្រង់យុវជន កំណែទម្រង់អប់រំ និងកីឡា»។
ទាក់ទងនឹងការអប់រំនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីម្សិលម្ង៉ៃក៏បានបង្កើតក្រុមការងារពិសេសមួយក្នុងការជំរុញចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។
ក្រុមការងារនេះហៅកាត់ថា (TWG-TVET) ដឹកនាំដោយ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីកំណត់នូវយុទ្ធសាស្ត្រជាអាទិភាព និងសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងឆ្នាំ ២០១៩-២០២០ ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ៕