ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​សេចក្ដី​សង្ឃឹម​ថា ការ​ផ្តល់​​ជំនួយ​សម្ភារ​ការពារ​ជំងឺ​កូវីដ ១៩ របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​មក​ឱ្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង ២ ​កាន់​តែ​រឹងមាំ ហើយ​លោក​ត្រៀម​ខ្លួន​ជា​និច្ច ​ដើម្បី​សហការ​ជាមួយ​ភាគី​ចិន​លើ​កិច្ចការ​ផ្សេងៗ។


លោក​ថ្លែង​បែប​នេះ​ ខណៈ​លោក​ជួប​ជាមួយ​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​ប្រគល់​ជំនួយ​ឧបត្ថម្ភ​សម្ភារ​ការពារ​ជំងឺ​កូវីដ ១៩ របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដល់​ក្រសួង​មហាផ្ទៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ​២២ ខែ​មិថុនា។

គេហទំព័រ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃទី ​២២ ​ខែ​មិថុនា បញ្ជាក់​ថា៖ «សម្ដេច​បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​ជឿជាក់​ថា តាមរយៈ​ស្មារតី​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​​ទៅ​មក​នេះ នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង ២ ក៏​ដូចជា​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ដែរ។ ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ សម្ដេច​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ផ្ដល់​កិច្ចសហការ​ជាមួយ​ភាគី​ចិន និង​ស្ថានទូត​ចិន ក្នុង​ការ​គាំទ្រ​លើ​កិច្ចការ​ផ្សេងៗ​ដែល​នៅ​ក្រោម​សមត្ថកិច្ច​ក្រសួង»។


បើ​តាម​គេហទំព័រ​ដដែល​ សម្ភារ​ការពារ​ជំងឺ​កូវីដ ១៩ ដែល​ចិន​បាន​ផ្តល់​ឱ្យ​នេះ ​រួមមាន វែនតា​វេជ្ជសាស្រ្ត​ចំនួន ​៥០០ ​ឈុត ស្រោមដៃ​ពេទ្យ​ចំនួន ១០ ០០០ គូ ម៉ាស់ KN95 ចំនួន ១០ ០០០ ម៉ាស់ ម៉ាស់​វេជ្ជសាស្រ្ត​ចំនួន ​៥០ ០០០ ម៉ាស់ និង​សម្លៀក​បំពាក់​ការពារ​វេជ្ជសាស្រ្ត​ពេទ្យ​ចំនួន ៥០០ ឈុត។

គេហទំព័រ​​ក្រសួង​មហាផ្ទៃ​​បញ្ជាក់​ថា ការ​ផ្តល់​ជំនួយ​នេះ ​គឺ​ជា​​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​មហាផ្ទៃ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​កូវីដ ១៩ និង​ដើម្បី​ចូលរួម​លើក​កម្ពស់​សុខុមាលភាព​ដល់​​មន្រ្តី​រាជការ​សាធារណៈ​ផង​ដែរ​។ 


លោក ស ខេង ​ថ្លែង​ថា សម្ភារ​ដែល​ចិន​បាន​ប្រគល់​ជូន​ពេល​នេះ ពិត​ជា​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​គិត​គូរ​មក​ដល់​ប្រទេស​កម្ពុជា​ ដែល​ជា​មិត្ត​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ នេះ។

លោក​​ថា លោក​នឹង​បន្ត​លើក​ទឹក​ចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង ២ និង​បន្ត​លើក​កម្ពស់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យ​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត ទោះបី​ក្នុង​ស្ថានភាព​នេះ ប្រទេស​ទាំង ២ ​កំពុង​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូវីដ ១៩ ​ក៏​ដោយ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ថ្ងៃ​អង្គារ​ថា ក្រសួង​មហាផ្ទៃ​នឹង​ប្រើប្រាស់​ម៉ាស់​ទាំង​អស់​នេះ​សម្រាប់​ចែក​ទៅ​ដល់​កងកម្លាំង​នគរបាល​ដែល​ជា​​កម្លាំង​ប្រតិបត្តិការ​ជួយ​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​កូវីដ ១៩ ​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាទ​ជឿជាក់​ថា ជំនួយ​របស់​ចិន​កន្លង​មក​នេះ មក​ដល់​ក្រសួង​មហាផ្ទៃ​ ជាពិសេស​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​ចិន​ ពិត​ជា​បាន​រួម​ចំណែក​ដល់​ក្រសួង​មហាផ្ទៃ​យើង។ ជាពិសេស​កម្លាំង​នគរបាល​​របស់​យើង​ដែល​គាត់​រ៉ាប់រង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ដែល​អាច​ទប់​ស្កាត់​ជំងឺ​បាន»។

លោក សក់ សេដ្ឋា ថ្លែង​ថា ទោះបី​មាន​ជំងឺ​កូវីដ ១៩ ​​ក៏​ដោយ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​របស់​ប្រទេស​ទាំង ២ នៅ​តែ​ធ្វើ​ការ​ជា​ធម្មតា ហើយ​មាន​លទ្ធផល​ល្អ។

លោក​បញ្ជាក់​ថា៖ «ហើយ​ទៅ​មុខ​ទៀត​ យើង​នឹង​បន្ត​ពង្រឹង​សហប្រតិបត្តិការ​ជា​បន្ត​ទៅ​ទៀត ​ដើម្បី​សន្តិសុខ​ក៏​ដូចជា​សុវត្ថិភាព​​របស់​ប្រទេស​ ក៏​ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នេះ»។

ហ្វេសប៊ុក​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ដក​ស្រង់​សម្តី​លោក វ៉ាង វិនធាន ថា ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវី ១៩ ចិន និង​កម្ពុជា បាន​ជួយ​យក​អាសារ​គ្នា​ទៅ​វិញ​ទៅ​មក។ រួមគ្នា​ពុះពារ​រាល់​ការ​លំបាក យក​សកម្មភាព​ជាក់​ស្តែង​មក​បង្ហាញ​ឲ្យ​ឃើញ​ពី​អត្ថន័យ​ស្នូល​ដ៏​ចាំបាច់​នៃ​សហគមន៍​ជោគ​វាសនា​រួម រវាង​ចិន និង​កម្ពុជា និង​មនោសញ្ចេតនា​បងប្អូន​ដែល​ប្រៀប​ដូចដៃ និង​ជើង។

លោក​ថ្លែង​ថា ​ចាប់​តាំង​ពី​ដំណើរការ​នៃ​ឆ្នាំ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង ២ ​កាល​ពី​ខែ​មីនា ឆ្នាំ​មុន​មក ភាគី​ទាំង ​២ ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ល្បែង​ស៊ីសង​លើ​បណ្ដាញ​អ៊ីនធើណិត ការ​ឆបោក​លើ​បណ្ដាញ​ទូរស័ព្ទ ការ​អន្តរាគមន៍​ចាប់​អ្នក​រត់​គេច និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន។

លោក វ៉ាង វិនធាន ថ្លែង​ថា៖ «ភាគី​ចិន​រីករាយ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​ភាគី​កម្ពុជា ដែល​នេះ​បាន​បង្កើត​បាន​ជា​ប្រព័ន្ធ​ការពារ​សម្រាប់​សហគមន៍​ជោគ​វាសនា​រួម​រវាង​ប្រទេស​ទាំង ២»។

ប្រធានាធិបតី​ចិន លោក Xi Jinping ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​គេហទំព័រ​ក្រសួង​ការបរទេស​ចិន ខណៈ​លោក​ជួប​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ នៅ​ទីក្រុង​ប៉េកាំង​ថា ប្រទេស​ចិន នឹង​ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ស្មារតី​មាន​ការ​បើក​ចំហ និង​មាន​តម្លាភាព ដើម្បី​ឆ្លើយ​តប​ជារួម និង​ប្រកប​ដោយ​ប្រសិទ្ធភាព​​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ និង​លើក​កម្ពស់​សន្តិសុខ​សុខភាព​សាធារណៈ​នៅ​ក្នុង​​តំបន់ និង​ក្រៅ​តំបន់៕