ភ្នំពេញ: រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ៥ នីតិកាល​ទី​ ៦ ហើយ​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ «​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​» ខណៈ​ដែល​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​មួយ​ច្បាប់​ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បាន​អនុម័ត គឺជា​មាគ៌ា​ដ៏សំខាន់​ចាំបាច់ សម្រាប់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​។


លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែង​ពី​ម្សិលមិញ​ថា ការបើក​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​លើក​ទី​ ៥ នីតិកាល​ទី​ ៦ ​នេះ​រដ្ឋសភា​បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម រួចរាល់​ជា​ស្ថាពរ​ហើយ​ដោយ​គ្រោង​នឹង​ដាក់​ជូន​ទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​របស់​យើង​នា​ថ្ងៃទី ៥ តុលា​នេះ​គឺ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ច្បាប់​ហ្នឹង​រួចរាល់​ហើយ បន្ទាប់ពី​មាន​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​យើង​អស់​រយៈពេល​ជាច្រើន​ម៉ោង​។ កិច្ចការ​បន្ទាប់​ទៀត​គឺ​យើង​គ្រោង​ដាក់​ជូន​ទៅ​ព្រឹទ្ធសភា​ពិនិត្យ​បន្តទៀត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​បញ្ជូន​ទៅ​ពេលណា​ទេ​»​។


ជាមួយ​គ្នា​នេះ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​មាន​ព្រះបន្ទូល តាមរយៈ​ព្រះរាជសារ​មួយ​ច្បាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​សម្រាប់​ការបើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃទី​ ៥ ខែ​តុលា​ម្សិលមិញ​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បាន​អនុម័ត​គឺជា​មាគ៌ា​ដ៏សំខាន់​ចាំបាច់​សម្រាប់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ​ប្រើប្រាស់​ជា​ឧត្តមប្រយោជន៍​ក្នុង​សកម្មភាព​នៃ​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផលស្រប​ទៅ​តាម​សភាព​ជាក់ស្តែង និង​សកល​ភាវូបនីយកម្ម​។

ព្រះរាជសារ​បន្តថា​ក្រៅពី​ការតាក់តែង​ច្បាប់ ថ្នាក់ដឹកនាំ​រដ្ឋសភា​គណៈកម្មការ​ជំនាញ​ទី​ ១០ ​នៃ​រដ្ឋសភា ព្រមទាំង​សមាជិក​សមាជិកា​រដ្ឋសភា​ត្រូវ​បំពេញ​ភារកិច្ច​ស្នូល​របស់​ខ្លួន​តាម​មណ្ឌល​ដែល​ខ្លួន​ទទួល​ខុសត្រូវ ដើម្បី​ពិនិត្យ​តាមដាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការប្រតិបត្តិ​តួនាទី​របស់​រាជរដ្ឋាភិបាល​។ ក្នុងនោះ​សកម្មភាព​សហការគ្នា​យ៉ាង​ស្អិតល្មួត​រវាង​រដ្ឋសភា និង​រាជរដ្ឋាភិបាល​លើ​កិច្ចគាំពារ​សុខភាព​សង្គម​កំពុង​ត្រូវបាន​លើកស្ទួយ​យ៉ាងសកម្ម​គួរឱ្យ​កត់សម្គាល់ ដោយ​បាន​បង្កើត​ឱ្យ​មាន​កម្មវិធី​ជំនួយ​សង្គម​ជាច្រើន​សំដៅ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នូវ​អត្ថប្រយោជន៍​ប្រកប​ដោយ​សមធម៌ និង​ប្រសិទ្ធភាព​។


លោក​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​យល់ស្រប​ចំពោះ​ការបង្កើត​ឱ្យ​មាន​អាជីវកម្ម​ល្បែងស៊ីសង​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​ជាតិ​មួយ​ដែល​សម​នឹង​ឈ្មោះ​របស់​ខ្លួន ហើយ​មាន​អំណោយទាន​ដោយ​សម្បូរ​មាន​ធនធាន​ធម្មជាតិ​ច្រើន​គួរសម​គួរតែ​អាច​រក​ប្រកបរបរ​រស់នៅ​ល្អ​តាមរយៈ​ការខំប្រឹង​ធ្វើការ​ជា​ជាង​ពី​កម្រៃ​នៃ​ពាណិជ្ជកម្ម​គ្មាន​ក្រមសីលធម៌​នេះ​។ ខ្ញុំ​ជំទាស់​ខ្លាំង​ទៅនឹង [​ល្បែង​នេះ​]»​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ៣ ខែ ​កក្កដា ឆ្នាំ​ ២០២០ ​ឱ្យ​ដឹងថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​នឹង​ជួយ​រក្សា​ស្ថិរភាព​នយោបាយ លើក​កម្ពស់​សន្ដិសុខ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ និង​បាន​ផ្ដល់​អំណោយផល​ដល់​ការកើនឡើង​ជា​លំដាប់​នូវ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ច្បាប់​នេះ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​តំបន់​ព្រំដែន ដែល​ជា​តំបន់​អតីត​សមរភូមិ តំបន់​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន តំបន់​គ្រុនចាញ់ តំបន់​គ្មាន​ការអភិវឌ្ឍ និង​គ្មាន​ប្រជាជន​រស់នៅ​។ លើស​ពី​នេះ ការពារ​ខ្សែក្រវាត់​ព្រំដែន​តាមរយៈ​ការកសាង​សំណង់​អគារ​ដ៏រឹងមាំ មាន​លក្ខណៈ​យូរអង្វែង និង​ការលើក​ទឹកចិត្ត​ការមក​តាំង​ទីលំនៅ​ថ្មីៗ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​បង្កើត​ប្រភព​ចំណូល​​ថវិកា​ជាតិ​៕

វីដេអូ៖