ភ្នំពេញ: រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាបានផ្តល់សម្ភារបរិក្ខារពេទ្យដល់កម្ពុជាការចូលរួមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅលើសកលលោក។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលនេះបាលឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនកម្ពុជានូវសម្ភារបរិក្ខារពេទ្យដែលរួមមាន អាវបំពង់ ៩៣៦០ សម្រាប់ អាល់កុលសម្អាតដៃ ៤៨០ ដប វ៉ែនតាការពារសុវត្ថិភាព ៥៤០ និងស្រោមដៃ ២៤ ៤០០ គូជាដើម។ សម្ភារទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលជាមូលនិធិអាស៊ី-អឺរ៉ុប (ASEF) បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន។ សម្ភារទាំងនេះនឹងត្រូវបានផ្ញើមកដល់ប្រទេសកម្ពុជាពីឃ្លាំងនៅប្រទេសសិង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក ឡូ វាសនាគិរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាលពីម្សិលមិញបានថ្លែងថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកបានបង្វែរសំណួរទៅក្រសួងសុខាភិបាលវិញ។ ខណៈលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី ៥ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើម កូរ៉ូណា (COVID-19) នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០។ បើតាមសេចក្តីប្រកាសក្រសួងការបរទេសដែលបានចុះផ្សាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី ៥ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពី កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិនជាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះបានឲ្យដឹងថា៖ «កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំង និងរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ ហើយដែលនៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបអំពីព័ត៌មានចុងក្រោយបង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជា វិធានការដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះនៅកម្ពុជា»៕