ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​អនុវត្តន៍​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បាន​សម្រេច​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះ​អាសន្ន សម្រាប់​រយៈពេល ៨ ថ្ងៃ​បន្ត​ទៀត ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃទី ២៨ ខែ​ មេសា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។


គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី ០៦ ខែ​មេសា បាន​ចេញ​សេចក្តី​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល ១៤ ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី ៧ ខែ​មេសា រហូត​ដល់​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ ក្នុង​គោល​បំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ ទៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ​ទៀត។

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ១៧ ខែ​មេសា ស្តីពី​ការ​បន្ត​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​នេះ មាន​អានុភាព​អនុវត្ត​បន្ត​រហូត​ដល់​មាន​បទប្បញ្ញត្តិ​ថ្មី​មក​ជំនួស៕