ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី ៦ នឹងប្រព្រឹត្ដទៅនៅលើភ្នំបូកគោនៃខេត្តកំពតចាប់ពីថ្ងៃ ទី ២៦-២៧ ខែ តុលា ឆ្នាំ ២០១៩។ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់ប្រចាំឆ្នាំនៅលើភ្នំបូកគោនេះគឺរៀបចំដោយសណ្ឋាគារឋានសួគ៌សុខាបូកគោ។
វាមិនត្រឹមតែជាការចូលរួមដើម្បីភាពសប្បាយរីករាយ និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមដើម្បីគាំទ្រដល់ការងារសប្បុរសធម៌ផងដែរ ពីព្រោះចំណូលដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
ព្រឹត្តិការណ៍សប្បុរសធម៌នេះគឺបើកចំហសម្រាប់ទាំងជនបរទេស និងប្រជាជនកម្ពុជាដោយមិនកំណត់ពីអាយុចំពោះការរត់ប្រណាំងបែបកម្សាន្ត (Fun Run) ហើយចំពោះអ្នកចូលរួមប្រណាំងកង់គឺតម្រូវឲ្យមានអាយុចាប់ពី ៩ ឆ្នាំឡើងទៅ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី ៦ នេះផ្តល់ឱកាសដ៏មានអត្ថន័យបំផុតសម្រាប់អ្នកចូលរួមទាំងអស់ ពីព្រោះពួកគេបានរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយទន្ទឹមនឹងនេះដែរ អ្នកចូលរួមក៏នឹងទទួលបាននូវបទពិសោធដ៏រីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាទីស្រឡាញ់។
ចំពោះកម្មវិធីប្រណាំងកង់នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ២៦ ខែ តុលា មានចម្ងាយផ្លូវ ៤ ប្រភេទខុសៗគ្នាក្នុងនោះមានចម្ងាយផ្លូវ ១០ គ.ម ១៧ គ.ម ៣៤ គ.ម និង ៥១ គ.ម។ វិញ្ញាសា ១០ គ.ម អ្នកចូលរួមត្រូវមានអាយុចន្លោះពី ៩-១៣ ឆ្នាំ តម្លៃចុះឈ្មោះចាប់ពី ៧-១២ ដុល្លារ។ វិញ្ញាសាចម្ងាយផ្លូវ ១៧ គ.ម និង ៣៤ គ.ម អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៤ ឆ្នាំ ឡើងដោយថ្លៃចុះឈ្មោះមានចាប់ពី ១២-២៧ ដុល្លារ។ វិញ្ញាសា ៥១ គ.ម អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះសម្រាប់ជនបរទេសតម្លៃ ៣២ ដុល្លារ និងជនជាតិខ្មែរតម្លៃ ២២ ដុល្លារ ។
ចំពោះការរត់ប្រណាំងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ២៧ ខែ តុលា ដោយរត់ពាក់កណ្ដាលម៉ារ៉ាតុងមានចម្ងាយ ២១ គ.ម ហើយវិញ្ញាសាផ្សេងទៀតមានចម្ងាយផ្លូវ ១០ គ.ម ៥ គ.ម និង ៣ គ.ម។ វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១ គ.ម បេក្ខជនត្រូវមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះ ៣២ ដុល្លារសម្រាប់ជនបរទេស និង ២២ ដុល្លារសម្រាប់ជនជាតិខ្មែរ។
ចំពោះអ្នកចូលរួមរត់ប្រណាំងចម្ងាយ ១០ គ.មត្រូវមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះគឺ ២៧ ដុល្លារសម្រាប់ជនបរទេស និង ១៧ ដុល្លារសម្រាប់ខ្មែរ។ ចំណែកឯវិញ្ញាសាចម្ងាយ ៥ និង ៣ គ.ម ដោយមិនគិតពីអាយុហើយតម្លៃចាប់ពី ៧-១៧ ដុល្លារ។
ជយលាភីនៃការរត់ប្រណាំងនឹងប្រណាំងកង់នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដោយឡែកអ្នកចូលរួមរត់ និងជិះកង់ទាំងអស់ក៏នឹងទទួលបានមេដាយអនុស្សាវរីយ៍ ព្រះមុនីវង្សបូកគោម៉ារ៉ាតុងម្នាក់មួយផងដែរ។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាពផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើម្បីបុព្វហេតុសប្បុរសធម៌។ អ្នកចូលរួមក៏មានជម្រើសក្នុងការស្នាក់នៅតាមលទ្ធភាព ដូចជា នៅសណ្ឋាគារឋានសួគ៌សុខាបូកគោស្នាក់នៅតាមរយៈការបោះតង់ ឬនៅ Bokor Inn ជាមួយនឹងតម្លៃសមរម្យ។ ចំណែកឯនៅពេលយប់គឺមានការប្រគំតន្ត្រីដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នោះកាន់តែសប្បាយរីករាយទ្វេឡើង។
ពី ១ ឆ្នាំ ទៅ ១ ឆ្នាំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់នេះគឺមានអ្នកចូលរួមកើនឡើងជាលំដាប់ ទាំងអ្នកចូលរួមរត់ និងអ្នកចូលរួមជិះកង់។
សណ្ឋាគារឋានសួគ៌សុខា និងរីសតដែលស្ថិតនៅលើកំពូលភ្នំបូកគោគឺមានអាកាសធាតុត្រជាក់អមដោយទេសភាពដ៏ស្រស់ត្រកាលដែលមានចម្ងាយត្រឹម ៤៥ គីឡូម៉ែត្រ ពីក្រុងកំពត និង ១៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ភ្នំបូកគោគឺជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅប្រទេស កម្ពុជា ពីព្រោះវាមានទេសភាពដ៏អស្ចារ្យនៃផ្ទាំងថ្ម វាលស្រែ ៥០០ ផ្កាបំពង់ក្រឡោម និងពពកវិលជាដើម។
ចំណែកឯឧទ្យានជាតិព្រះមុនីវង្សដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិបូកគោនោះគឺមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ វាមានកម្ពស់ ១ ០៧៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ ០១៦ ៦១៦ ១២៦ ។ ឬ អ៊ីមែល: dos.corp@sokhahotels.com និង គេហទំព័រ www.bokormarathon.com.kh/ ៕