កំពង់ធំៈ លោក គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​កាលពី​ថ្ងៃទី​ ២២ ខែឧសភា បាន​ចែក​ដី​សម្បទាន​សង្គមកិច្ច ដល់​អតីតយុទ្ធជន​ចំនួន ១៤០ ​គ្រួសារ ​នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដោយ ១ ​គ្រួសារ​ ទទួលបាន​ផ្ទះ​ ១ ​ខ្នង និង​ដី​សម្រាប់​បង្កបង្កើនផល​ជាង​ ១ ​ហិកតា តាមរយៈ​ការចាប់​ឆ្នោត យក​ក្បាលដី និង​ផ្ទះ​។


លោក គន់ គីម បាន​ថ្លែងថា​៖ «​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​កត់​ត្រាទុក​សម្រាប់​អតីតយុទ្ធជន​នៅ​ខេត្តកំពង់ធំ ដែល​ត្រូវ​បានទទួល​សម្បទាន​ដី​សង្គមកិច្ច និង​ផ្ទះ ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​»​។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែងថា ថ្នាក់​ខេត្ត​បានរៀបចំ​ដី​សង្គមកិច្ច​ជិត​ ២ ​ពាន់​ហិកតា សម្រាប់​ចែកជូន​ដល់​អតីតយុទ្ធជន​ដែល​ខ្វះខាត​ជាក់ស្តែង ខណៈ​ផ្ទះ​ចំនួន ៧៤ ​ខ្នង​ត្រូវបាន​សាងសង់​រួចរាល់​ហើយ ក្នុង​​ចំណោម ១៤០ ​ខ្នង និង​បាន​ធ្វើ​ផ្លូវ​ចំនួន ១២ ​គីឡូម៉ែត្រ​ផងដែរ​។


លោក លូ ថ្លែងថា​៖ «​អ្នកខ្លះ​គាត់​ចាប់ឆ្នោត​ចំ​ផ្ទះ​សង់​ហើយ គាត់​ចូលទៅ​នៅ​បណ្តើរៗ ចំណែក​អ្នក​ផ្សេងទៀត​គាត់​​រង់ចាំ​សិន ព្រោះ​ជាង​កំពុង​សម្រុក​សាងសង់​ផ្ទះ ដោយ​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​រយៈពេល ២ ​ខែ​ទៀត​យ៉ាងយូរបំផុត​»​។ លោក​ឱ្យដឹង​ដែរ​ថា អតីតយុទ្ធជន ១ ​គ្រួសារ​ទទួលបាន​ផ្ទះ ១ ​ខ្នង​ទំហំ​ទទឹង ៥ ​ម៉ែត្រ និង​បណ្តោយ ៧ ​ម៉ែត្រ រួម​នឹង​ដី​សម្រាប់ធ្វើ​ស្រែចម្ការ ១ ​ហិកតា​កន្លះ​។

លោក សុក រដ្ឋា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដហុក​) ខេត្តកំពង់ធំ​បាន​ឱ្យ​ដឹងថា គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការបែងចែក​ដីសម្បទាន​សង្គមកិច្ច​ជា​កត្តា​មួយ​ដ៏ល្អប្រសើរ​ដែល​រដ្ឋាភិបាល​ធ្វើការ​ដោយ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន ជា​ការចូលរួម​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ផងដែរ​។


លោក​បាន​ថ្លែងថា​៖ «​យើង​ក៏មាន​ការបារម្ភ​ដែរ​ថា​ក្រែង​មុខសញ្ញា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ មិន​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នោះ​»​។

លោក សុខ លូ ថ្លែងថា លក្ខខណ្ឌ​អ្នក​ដែល​ទទួលបាន​ដីសម្បទាន​សង្គមកិច្ច​នឹង​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ លុះត្រាតែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​ទៅ​រស់នៅ និង​អាស្រ័យផល​លើដី​នោះ​ជាប់​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ឡើង នេះ​គឺជា​យន្ត​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី​សម្រាប់​សង់​លំនៅឋាន និង​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ពិតប្រាកដ​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់នៅ​៕