លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​ ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ បានស្នើ​ដល់​អង្គការ​ស្បៀងអាហារ​ពិភពលោក និង​រដ្ឋាភិបាល​ជប៉ុន បន្ត​ជួយ​សាងសង់​អគារ​ទីទួល​សុវត្ថិភាព នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង ទន្លេសាប និង​ខេត្ត​តាម​ដង​ទន្លេមេគង្គ​។


យោងតាម​នាយកដ្ឋាន​ព័ត៌មាន ក្រសួង​ការពារជាតិ នៅ​ថ្ងៃទី​ ២៨ ខែឧសភា ម្សិលមិញ​នេះ បាន​ឱ្យដឹងថា លោក គន់ គីម បាន​អំពាវនាវ​ និង​ស្នើ​ដល់​អង្គការ​ស្បៀងអាហារ​ពិភពលោក និង​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​សាងសង់​អគារ​ទីទួល​សុវត្ថិភាព នៅតាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​បន្ថែមទៀត ខណៈ​ដែល​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​ទទួល​ការជន់លិច​ដោយ​ទឹកទន្លេ​មេគង្គ និង​ជំនន់​ទឹក ភ្លៀង​ស្ទើរតែ​ជា​រៀងរាល់ឆ្នាំ​។

លោក​បាន​ថ្លែងថា៖ «​នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប និង​ខេត្ត​តាម​ដង​ទន្លេមេគង្គ សុទ្ធ​ជា​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ដូចនេះ​ការសង់​អគារ​ទីទួល​សុវត្ថិភាព​ពិតជា​សម្រួល​ដល់​ការស្នាក់អាស្រ័យ​របស់​ប្រជាពលរដ្ឋ​ពេល​ជម្លៀស​ពី​ទឹកជំនន់ ដោយសារ​នៅពេល​មាន​ទឹកជំនន់​ម្តងៗ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព ប៉ុន្ដែ​បញ្ហា​ប្រឈម​របស់​ពួកគេ​ពេល​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​នោះ គឺ​ខ្វះ​ទីជម្រក ខ្វះ​បង្គន់​អនាម័យ និង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ជាដើម​»​។


លោក គន់ គីម បាន​បន្ថែមថា ការបង្កើតឡើង​នូវ​អគារ​ទីទួល​សុវត្ថិភាព​នេះ គឺជា​ការគិតគូរ និង​ឆ្លើយតប​មួយ​ជំហាន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅពេល​ជួប​ទឹកជំនន់​នោះ​។

លោកស្រី ឃ្លែរ ខូណាន់ នាយិកា​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ទទួលស្គាល់ថា ការស្ថាបនា​មជ្ឈមណ្ឌល​ទាំងនេះ គឺ​ដើម្បី​ពង្រឹង​ការត្រៀម និង​ការឆ្លើយតប​ជា បន្ទាន់​នៅក្នុង​ប្រទេស​។


អង្គការ​ស្បៀងអាហារ​ពិភពលោក និង រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការងារ​គ្រប់គ្រង និង​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ ដូចជា​ការផ្តល់​ថវិកា​ជួយ​សាងសង់​អគារ​ទីទួល​សុវត្ថិភាព​នេះ​ជាដើម​។

សូមបញ្ជាក់ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ក្រោម​ការជួយឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​ជប៉ុន អគារ​ទីទួល​សុវត្ថិភាព​ចំនួន​ ៦ ​ហើយ ត្រូវបាន​សាងសង់​រួចរាល់ និង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ខេត្ដ​កំពង់ធំ និង​ខេត្តពោធិ៍សាត់ ដោយ​ចំណាយ​ថវិកា​ជាង ១ ​លាន​ដុល្លារ​អាមេរិក​៕