ភ្នំពេញៈ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ និង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) កោតសរសើរ​កម្ពុជា​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​ដែល​បាន​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ខណៈ​មន្ត្រី​បាន​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​មាន​​មនុស្ស​ជាង​ ១២០០ ​នាក់​បាន​ចុះ​ពី​នាវា MS Westerdam ហើយ​ជាង​ ១ ០០០ ​នាក់​បាន​ចាកចេញ​ពី​កម្ពុជា​។


កាលពី​ថ្ងៃ​សៅរ៍​លោក​ប្រធានាធិបតី ត្រាំ បាន​សរសេរ​នៅលើ​បណ្ដាញ​ធ្វីធើរ​ថា​៖ «​សូម​អរគុណ​ប្រទេស​កម្ពុជា​ដ៏ស្រស់ស្អាត​សម្រាប់​ការទទួល​យក​នាវា Westerdam ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​របស់លោក​។ សហរដ្ឋអាមេរិក​នឹង​ចងចាំ​នូវ​សេចក្ដី​សុភាពរាបសា​របស់​អ្នក​»​។

ស្រដៀង​គ្នា​នេះដែរ​អង្គការ​ទេសចរណ៍​ពិភពលោក UNWTO ដែលជា​ភ្នាក់ងារ​ឯកទេស​របស់​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​លើ​បណ្ដាញ​ធ្វីធើរ​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​នាវា MS Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្នុង​ប្រទេស​កម្ពុជា​ដោយមាន​ភ្ញៀវទេសចរ និង​បុគ្គលិក​នាវា​ ២០០០ ​នាក់​នៅលើ​នាវា​។ ​ជាថ្មី​ម្ដង​ទៀត​ទេសចរណ៍​បានបង្ហាញ​នូវ​សមត្ថភាព​របស់ខ្លួន​ដែលមាន​តែមួយ​ក្នុង​ការនាំយក​ប្រជាជន​មក​រួមគ្នា​ក្នុង​គ្រា​លំបាក​ដែល​នេះ​ជា​ការអបអរ​ដល់​មនុស្ស​ជាតិ​រួម​របស់​យើង​ដោយ​មិន​គិតពី​ជាតិ​សាសន៍ យែនឌ័រ ឬ​សាសនា​»​។


អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក លោក Zurab Pololikashvili​ ក៏បាន​សរសេរ​លិខិត​មួយ​ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បង្ហាញ​នូវ​ការកោតសរសើរ​អស់ពី​ចិត្ត​ចំពោះ​ការឆ្លើយតប​ដោយ​មនុស្សធម៌​ដែល​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​ជោគវាសនា​របស់​នាវា​នេះ​។

លិខិត​របស់លោក​សរសេរ​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ណាស់​សម្រាប់​ការបង្ហាញ​ពី​សាមគ្គីភាព​ដែល​អន្តរជាតិ​កោតសរសើរ​យ៉ាងខ្លាំង​លើ​កម្ពុជា​ដែល​កិច្ចការ​នេះ​យើង​សង្ឃឹម​ថា​នឹង​ជំរុញ​ទឹកចិត្ត​ប្រទេស​ផ្សេងទៀត​ឲ្យ​ធ្វើឲ្យ​បាន​លើស​នេះ ហើយ​ផ្ដល់នូវ​ការគាំទ្រ​នៅតាម​ទីកន្លែង​ និង​តាម​ពេលវេលា​ចាំបាច់​»​។


លិខិត​របស់លោក Zurab Pololikashvili ​បន្តថា​៖ «​ខ្ញុំ​សូមបញ្ជាក់​សាជាថ្មី​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​របស់ UNTWO សម្រាប់​ភាពក្លាហាន​របស់​ប្រទេស​កម្ពុជា និង​ការបញ្ជាក់​យ៉ាង​កក់ក្ដៅ​អំពី​ក្ដី​ស្រឡាញ់​ក្នុង​ភាព​ជា​បងប្អូន​ប្រឆាំង​នឹង​ភាពមិន​ពិត​ទៅ​លើ​អ្នកដំណើរ​ ២០០០ ​នាក់​ដែល​ជាប់​នៅលើ​សមុទ្រ​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាវា​ទេសចរណ៍ MS Westerdam បានមក​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ដោយ​មាន​ភ្ញៀវទេសចរ​ ១៤៥៥ ​នាក់​មកពី​ប្រទេស​ចំនួន​ ៤១ ក្នុងនោះ​មាន​ជាង​ ៦០០ ​នាក់​ជា​ជនជាតិ​អាមេរិកាំង​។ នាវា​នេះ​ក៏មាន​បុគ្គលិក​បម្រើការ​ ៨០២ ​នាក់​ផ្សេង​ផងដែរ​។ ​នាវា​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី​ ១ កុម្ភៈ ហើយ​គ្រោង​ចូល​ចត​នៅ​កំពង់ផែ​យូគោហាម៉ា ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​ ១៥ ​ខែ​កុម្ភៈ​។ ប៉ុន្តែ​កំពង់ផែ​នេះ​រួមទាំង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​បដិសេធ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​ចុះ​ពី​នាវា​នោះ​ដោយផ្ទាល់​។ លោក​បាន​ថ្លែងថា មនុស្ស​មិនគួរ​ត្រូវបាន​រើសអើង​ដោយ​គ្រាន់តែ​ការសង្ស័យ​ថា​មាន​ផ្ទុកមេរោគ​កូរ៉ូណា​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រទេស​​ខ្លះ អ្នកខ្លះ​ប្រហែល​ចោទ​ជា​សំណួរ​ថា បើ​កូរ៉ូណា​មាន​នៅលើ​នាវា​នេះ តើ​កម្ពុជា​នឹង​ឲ្យ​ចូលចត​ឬទេ​? ​ខ្ញុំ​អាច​ឆ្លើយ​ដោយសារ​ច្បាស់​ថា បើ​មាន​អ្នកជំងឺ​ដោយ​ជំងឺ​នេះ​នៅលើ​នាវា ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​នាវា​នេះ​ចូល​ចត​ភ្លាម តាម​តែ​អាចធ្វើ​បាន​»​។ លោក​បន្ថែម​ថា វា​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ភ័យខ្លាច​ ឬ​រើសអើង​ទេ ប៉ុន្តែ​ជា​ពេល​ដែល​ត្រូវ​សាមគ្គី​គ្នា​ដោះស្រាយ​បញ្ហា​។

លោក​បាន​បញ្ជាក់ថា អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus មាន​បំណង​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ពី​កិច្ចការ​មនុស្សធម៌​នេះ ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក Tedros Adhanom Ghebreyesus ក៏បាន​កោតសរសើរ​កម្ពុជា​សម្រាប់​សាមគ្គីភាព​នេះ​។ លោក​សរសេរ​នៅលើ​ទំព័រ​ធ្វីធើរ​​របស់​លោក​ថា លោក​បាន​និយាយ​​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល​កម្ពុជា​លោក ម៉ម ប៊ុនហេង ពី​ការផ្ដល់​ការគាំទ្រ​ចាំបាច់​សម្រាប់​អ្នកដំណើរ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​ ១ ២៥៤​ នាក់​បាន​ចាកចេញ​ពី​នាវា​ហើយ​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​គឺ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​។

ប៉ុន្តែ​អ្នកនាំពាក្យ​អាកាសចរស៊ីវិល​លោក ស៊ិន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា តាម​តួលេខ​ពី​ជើងហោះហើរ​មាន​មនុស្ស​ ២៦៤ ​នាក់​បាន​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ហើយ​ចំនួន​ ៩២៨ ​នាក់​ទៀត​បាន​ចាកចេញ​កាលពី​ថ្ងៃ​សៅរ៍​។

ស្របពេល​ជាមួយ​គ្នា​នេះ​មាន​បញ្ហា​ប្រឈម​ខ្លះ​កំពុង​កើតមាន​សម្រាប់​អ្នក​ព្យាយាម​វិលត្រឡប់​ទៅ​ប្រទេស​វិញ នៅពេល​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ស្ត្រី​ជនជាតិ​អាមេរិកាំង​អាយុ ៨៣ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ធ្វើតេស្ត​ ២ ​ដង ហើយ​ឃើញ​មាន​ផ្ទុក​ជំងឺ Covid-19​។

អ្នកដំណើរ​ម្នាក់​ឈ្មោះ Abraham Youssef ដែល​ទំនង​ជា​ធ្វើដំណើរ​ទៅ​អូស្ត្រាលី​បាន​សរសេរ​លើ​ធ្វីធើរ​ថា អ្នកដំណើរ​ខ្លះ រក​មិនឃើញ​ជើង​ហោះហើរ​ភ្ជាប់​ពី​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ទីបញ្ចប់​ពួកគេ​ចាកចេញ​ដោយ​ទុក​របស់របរ​ចោល​។ លោក​ថា ជើងហោះហើរ​ខ្លះ​ត្រូវ​បាន​ដាក់​ឲ្យ​រង់ចាំ​ ឬ​លុបចោល​។

អ្នកដំណើរ​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត​ឈ្មោះ Christina Kerby បានសរសេរ​ថា អ្នកស្រី​នៅ​បន្ត​ស្នាក់​ក្នុង​សណ្ឋាគារ​នៅ​ទីក្រុង​ភ្នំពេញ​ពី​ម្សិលមិញ ហើយ​អ្នកដំណើរ​ជាច្រើន​ដែល​នៅ​សណ្ឋាគារ​ជាមួយ​គ្នា​ត្រូវបាន​ធ្វើតេស្ត​រកមើល Covid-19​។

បើទោះ​ជា​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ជនជាតិ​អាមេរិកាំង​វ័យ ៨៣ ឆ្នាំ​មាន​ផ្ទុក Covid-19 ក៏ដោយ អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​ភាគី​ម៉ាឡេស៊ី​បញ្ជាក់​ឲ្យ​ច្បាស់​ម្ដងទៀត​។ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង កាលពី​ម្សិលមិញ​បាន​សរសេរ​លិខិត​ជូន​លោក Datuk Seri Dr. Haji Dzulkefly រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​។

ដោយ​យោង​លើ​ករណី​ស្ដ្រី​វ័យ​ ៨៣ ​ឆ្នាំ​លោក ម៉ម ប៊ុនហេង សរសេរ​ថា​៖ «​ចំពោះ​ករណី​នេះ ខ្ញុំ​ស្នើសុំ​ឲ្យ​ឯកឧត្តម​ពិនិត្យ​ម្ដងទៀត​ទៅលើ​ការធ្វើ​តេស្ត​លើ​ករណី​វិជ្ជមាន​គួរ​ឲ្យ​សង្ស័យ​នេះ ដែល​ជា​លទ្ធផល​វិជ្ជមាន​ដំបូងបំផុត ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​ករណីនេះ​»​។

ជុំវិញ​ករណីនេះ​ក្រសួង​សុខាភិបាល​ក៏​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាមទារ​ឲ្យ​ភាគី​ម៉ាឡេស៊ី​ពិនិត្យ​ឲ្យ​បាន​ម៉ឺងម៉ាត់​។ ក្រសួង​បញ្ជាក់​ថា កម្ពុជា​កំពុង​ពិនិត្យ​សុខភាព​ករណី​សង្ស័យ​បុគ្គល​ដែល​មាន​វីរុស​កូរ៉ូណា​ថ្មី ក្នុង​ចំណោម​អ្នកទេសចរ​ដែល​ត្រូវធ្វើ​ដំណើរ​តាម​ជើងហោះហើរ​នៅ​ថ្ងៃទី​ ១៦ កុម្ភៈ ម្សិលមិញ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា កម្ពុជា​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​ស្តង់ដា​ប្រតិបត្តិ និង​និយតកម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ ២០០៥ (IHR 2005) ព្រមទាំង​បន្ត​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក CDC និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​។

អ្នកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​តាម​អ៊ីមែល​ពី​ម្សិលមិញ​ថា ស្ថានទូត​បាន​ទទួល​ដំណឹង​អំពី​ស្ត្រី​ជនជាតិ​អាមេរិកាំង​ដែល​ម៉ាឡេស៊ី​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ អ្នកស្រី​ថា មន្ត្រី​កុងស៊ុល​របស់​អាមេរិក​កំពុង​ធ្វើការ​ជាមួយ​កម្ពុជា​ និង​ម៉ាឡេស៊ី និង​បុគ្គលិក​សុខាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​កូរ៉ូណា​។ អ្នកស្រី​ថ្លែងថា អ្នក​ដំណើរ​ទាំងអស់​ត្រូវបាន​ពិនិត្យ​សុខភាព​មុនពេល​ចាកចេញ​ពី​នាវា​។ អ្នក​ដែល​រាយការណ៍​ថា​មាន​ជំងឺ​ត្រូវ​បាន​ធ្វើតេស្ត​រកមើល​វីរុស Covid-19៕

វីដេអូ៖