ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា វិមានឈ្នះ ឈ្នះ ជាសំណង់ប្រវត្តិសាស្ត្រតំណាងឲ្យអត្តសញ្ញាណជាតិ និងជានិមិត្តរូបដួងព្រលឹងជាតិក្នុងការរួបរួមសាមគ្គី ហើយបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ខណៈពិធីសម្ពោធ ៣ ថ្ងៃមានអ្នកចូលរួមប្រមាណជាង ១,៥ លាននាក់។
ការថ្លែងរបស់លោក ទៀ បាញ់ បែបនេះបានធ្វើឡើង ខណៈលោកកំពុងចូលរួមក្នុងពិធីអបអរសាទរថ្ងៃចូលឆ្នាំថ្មីឆ្នាំសកលដាច់ឆ្នាំ ២០១៨ ឈានចូលឆ្នាំ ២០១៩ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃទី ៣១ ខែធ្នូ ដែលជាថ្ងៃទី ៣ នៃពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដែលត្រូវបានរៀបចំដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសកម្ពុជា។
លោកបានលើកឡើងថានយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំប្រទេសកម្ពុជាឲ្យទទួលបានសុខសន្តិភាពពេញលេញ និងថា លោកនាយករដ្ឋមន្ត្រីជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាតិដែលធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
លោកបញ្ជាក់ថា៖ «សម្តេចតេជោនាយករដ្ឋមន្ត្រីជាកុលបុត្រដ៏ឆ្នើមមគ្គុទេ្ទសក៍ដ៏ឈ្លាសវៃ និងជានិមិត្តរូបនៃការឯកភាពជាតិ ការបង្រួបបង្រួមជាតិដែលធ្វើឲ្យមាតុភូមិអង្គរដ៏បវរនៃយើងទាំងអស់គ្នាមានអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ វិមានឈ្នះឈ្នះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រតំណាងឲ្យអត្តសញ្ញាណជាតិ និងបង្ហាញនូវតម្លៃវប្បធម៌ជាតិពិសេសការរួបរួមសាមគ្គី»។
លោក ទៀ បាញ់ បានលើកឡើងទៀតថាវិមានឈ្នះ ឈ្នះក៏ជាកន្លែងតម្កល់ឯកសារដែលបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលរំឭកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបុព្វហេតុសន្តិភាពផងដែរ។
លោកបានបញ្ជាក់ថា៖ «ប្រជាជនខ្មែរគ្រប់រូបចងចាំ និងដឹងគុណតម្លៃនៃការលះបង់ដ៏ធំធេងនេះ។ ជាក់ស្តែងការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាស្នាដៃឯករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី...»។
ទាក់ទងនឹងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះនេះអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងថានៅថ្ងៃទី ១ មានពលរដ្ឋប្រមាណ ១៥ ម៉ឺននាក់បានចូលរួម និងថ្ងៃទី ២ មានប្រមាណ ៣០ ម៉ឺននាក់ហើយនៅថ្ងៃចុងក្រោយមានរហូតដល់ប្រមាណ ១ លាន ១ សែននាក់មកពីបណ្ដាខេត្ត-ក្រុងរបស់កម្ពុជា ហើយនេះមកពីពលរដ្ឋចង់ឃើញពិធីប្រវត្តិសាស្ត្រ និងបង្ហាញពីការដឹងគុណដល់នយោបាយឈ្នះឈ្នះ។
លោកបញ្ជាក់ថា៖ «នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ យើងមិនដែលមានពិធីបែបនេះទេ។ វិមានអនុស្សាវរីយ៍ វិមានឈ្នះ-ឈ្នះជាតំណាងការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីឲ្យប្រទេសរបស់យើងមានសុខសន្តិភាពពេញលេញរយៈពេល ២០ ឆ្នាំមកហើយ...វាជាការដឹងគុណដែលប្រជាពលរដ្ឋរបស់យើងបានដឹងគុណអំពីនយោបាយដែលសម្តេចតេជោលោកបានដាក់ចេញ...»។
លោក ម៉ៃ ស្សឺឌី អាយុ ២៤ ឆ្នាំដែលបាននាំគ្រួសារទៅអបអរឆ្នាំថ្មីសកលនៅវិមានឈ្នះឈ្នះបានថ្លែងកាលពីម្សិលមិញថាលោក និងគ្រួសារមានការរីករាយដែលបានចូលរួមទស្សនាវិមានឈ្នះឈ្នះហើយថា ពលរដ្ឋចូលរួមច្រើនគឺបង្ហាញពីប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ហើយថា វិមានឈ្នះឈ្នះនេះជាកន្លែងស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា។
លោកបញ្ជាក់ថា៖ «យប់មិញនេះមានមនុស្សយ៉ាងច្រើន។ យើងទៅមើលដោយសារវិមានឈ្នះឈ្នះ ទើបតែបង្កើតថ្មី វាប្លែកភ្នែក និងស្រស់ស្អាត។ វាបានឆ្លុះបញ្ចាំងពីសន្តិភាព និងការរីកចម្រើនក្នុងប្រទេសបច្ចុប្បន្ន។
វាសំខាន់សម្រាប់ក្មេងៗជំនាន់ក្រោយសិក្សា និងបានយល់ដឹង។
សមទ្ធិផលនេះដោយសាររាជរដ្ឋាភិបាលបច្ចុប្បន្ន»។
វិមានឈ្នះ ឈ្នះនេះត្រូវបានសាងសង់ចាប់ពីថ្ងៃ ២៥ កុម្ភៈឆ្នាំ ២០១៦ លើផ្ទៃដី ៨ ហិកតាក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយចំណាយថវិកាជាង ១២ លានដុល្លារមានរាង ៤ ជ្រុងស្មើដោយជ្រុងនីមួយៗមានប្រវែង ១១៧ ម៉ែត្រ និងកម្ពស់ ៥៤ ម៉ែត្ររំលេចដោយរចនាប័ទ្មខែ្មរ និងសម័យទំនើបជាច្រើន។
តាមរបាយការណ៍របស់គណៈកម្មការសាងសង់ឲ្យដឹងថា កំពូលវិមានឈ្នះឈ្នះដែលមានជ្រុង ៣ តំណាងឲ្យនយោបាយសំខាន់ៗចំនួន ៣ ទី ១ ការធានារូបកាយ និងអាយុជីវិតទី ២ ធានាអាជីព និងមុខរបរ និងទី ៣ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ។ រីឯតួវិមានជ្រុង ៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID បំបែក ឯកោ បញ្ចប់ធ្វើសមាហរណកម្ម និងអភិវឌ្ឍដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម៕