ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០២០ អ្នកថែរក្សាសន្តិភាពកម្ពុជាជួបប្រទះ ដូចប្រជាជននៅជុំវិញពិភពលោកដែរ គឺមានច្រើនជាងពេលណាៗទាំងអស់ មិនត្រឹមតែត្រូវតស៊ូប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រ និងការពារប្រជាជននៅក្នុងប្រទេសដែលពួកគេបាននិងកំពុងបន្តប្រតិបត្តិការឱ្យអស់ពីសមត្ថភាព។
នេះជាការលើកឡើងរបស់លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្នុងទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ថ្ងៃ ២៩ ខែឧសភា ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង» ថាមពលយុវជនដើម្បីសន្តិភាព និងសន្តិសុខ។
លោកបានលើកឡើងក្នុងសារលិខិតថា ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិថ្ងៃទី ២៩ ខែឧសភា គឺដើម្បីឧទ្ទិសកុសលដល់ការចូលរួមចំណែកដ៏មានតម្លៃរបស់បុគ្គលិកក្នុងឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.ស.ប និងគោរពដល់កម្លាំងថែរក្សាសន្តិភាពប្រមាណជាង ៤ ០០០ នាក់ ដែលបានបាត់បង់ជីវិត ក្រោមទង់ អ.ស.ប តាំងពីឆ្នាំ ១៩៤៨។
លោកថា រយៈពេល ១ ឆ្នាំកន្លងមកនេះ អ្នកថែរក្សាសន្តិភាពរហូតចំនួន ១៣០ នាក់ បានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពនៅពាសពេញពិភពលោក។
លោក សែម សុវណ្ណនី បានឱ្យដឹងថា៖ «រយៈពេល ១៥ ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.ស.ប បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន ៧ ៥២៣ នាក់ ក្នុងនោះមាននារីចំនួន ៤៦៦ នាក់ ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន ៩ មាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយក្រឹស ម៉ាលី អាហ្វ្រិកកណ្តាល និងយ៉េមែន»។
គិតចាប់ពីឆ្នាំ ២០០៦ មកទល់នឹងបច្ចុប្បន្ន វីរយុទ្ធជនកម្ពុជាចំនួន ១០ រូប បានពលីជីវិតលើសមរភូមិនៃតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និងអាហ្វ្រិកកណ្តាល។
លោកបានថ្លែងថា៖ «កម្ពុជាសូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាព និងអតីតកងរក្សាសន្តិភាព ពិសេសកងទ័ពមួកខៀវកម្ពុជាដែលស្ម័គ្រចិត្តចូលរួមចំណែកក្នុងបេសកកម្ម ដែលបច្ចុប្បន្នប្រឈមនឹងភាពស្មុគស្មាញព្រមទាំងមានហានិភ័យខ្ពស់»។
អគ្គនាយកមជ្ឈមណ្ឌលជាតិរូបនេះថា ឆន្ទៈរបស់កម្ពុជាមិនរាថយក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ជាដាច់ខាត និងបន្តគាំទ្រនូវការ ដាក់ចេញសកម្មភាព ដើម្បីសន្តិភាពរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីប្រសិទ្ធភាពនៃការចូលរួមបេសកកម្ម និងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា៕