ភ្នំពេញៈ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​ប្រឆាំង​ថ្លែងថា ការរៀបចំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវ​រង់ចាំ​រហូតដល់​ក្រោយ​ថ្ងៃ​ ៤ ​មករា​ ជា​ថ្ងៃ​ដែល​ក្រុមមន្ត្រី​អតីត​បក្សប្រឆាំង ដឹកនាំ​ដោយ​លោកស្រី មូរ សុខហួរ ​ប្រកាស​ថា នឹង​ត្រឡប់មក​កម្ពុជា​វិញ​។


លោក អ៊ូ ច័ន្ទរ័ត្ន កាលពី​កន្លងទៅ​បានប្រកាស​ថា លោក​កំពុង​រៀបចំ​បង្កើត​គណ​បក្សនយោបាយ​ថ្មី​មួយ ព្រោះ​គ្មាន​ជំនឿ​ថា ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​មក​ដឹកនាំ​បក្ស​នេះ​ឡើងវិញ​ឡើយ​។ លោក​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​សប្ដាហ៍​មុន​ថា គំនិត​បង្កើត​បក្ស​ថ្មី​នេះ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ថ្ងៃទី​ ៤ មករា​ និង​ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​គណបក្ស​កាន់​អំណាច​អាច​មាន​យុទ្ធសាស្ត្រ​ដែល​ធ្វើឱ្យ​គណបក្ស​របស់លោក​មិនអាច​ទទួល​បាន​ការគាំទ្រ​។

លោក​ថ្លែងថា​៖ «​យើង​គិតថា អាច​នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ ២០២១ ​នេះ​ក្នុង​ខែ​ ១ តែ​ថ្ងៃ​កំណត់​យើង​មិនទាន់​បានកំណត់​ទេ​ដោយសារ​យើង​ចាំមើល​ការវិវឌ្ឍ​ថ្មី​ក្រោយ​ការវិល​ត្រឡប់​របស់​លោក​ជំទាវ មូរ សុខហួរ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើសិន​ជា​លោកជំទាវ មូរ សុខហួរ គាត់​អញ្ជើញ​មក ហើយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ ខ្ញុំ​សុខចិត្ត​គាំទ្រ​លោកជំទាវ បើទោះ​ជា​លោកជំទាវ​មិន​ត្រូវការ​ខ្ញុំ​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​របស់​លោកជំទាវ​ក៏ដោយ ខ្ញុំ​សុខចិត្ត​បោះឆ្នោត​ជូន​លោកជំទាវ​»​។


លោក​បញ្ជាក់ថា ប្រសិនបើ​លោកស្រី មូរ សុខហួរ ពិតជា​ត្រឡប់មក​មែន​នោះ លោក​សុខចិត្ត​លុបចោល​គម្រោង​បង្កើត​គណបក្សនយោបាយ​ថ្មី​។ ការបង្កើត​គណបក្ស​នយោបាយ​ថ្មី​របស់លោក​ក៏​អាស្រ័យ​ទៅ​លើ​ការវិវឌ្ឍ​សំណុំរឿង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​នីតិវិធី​ជំនុំជម្រះ​ក្ដី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​ក្បត់ជាតិ​ផងដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ចំណែក​ករណី​លោក​ប្រធាន កឹម សុខា ក៏​ដូចគ្នា​ដែរ ប្រសិនបើ​តុលាការ​ពន្លឿន​ការកាត់ទោស ឬ​មាន​ដំណោះស្រាយ​អ្វី​តាមរយៈ​សម្ពាធ​អន្តរជាតិ ឬ​តាមរយៈ​ការចរចា​ណាមួយ​ដើម្បី​ឱ្យ​មាន​ការដោះលែង​ ឬ​មាន​លទ្ធភាព​ឱ្យ​លោក​ប្រធាន កឹម សុខា ចេញមក​ដឹកនាំ​វិញ ខ្ញុំ​ក៏​ធ្វើ​ដូចគ្នា​ដែរ គឺ​ខ្ញុំ​មិន​បង្កើត​គណបក្ស​អី​ទេ គឺ​ខ្ញុំ​ចូលរួម​គាំទ្រ​លោក បើទោះ​ជា​លោក​មិន​ទទួល​ខ្ញុំ ឬ​ទទួល​ក៏ដោយ ជា​ស្មារតី​ខ្ញុំ​នឹង​គាំទ្រ និង​ចូលរួម​បោះឆ្នោត​ជូន​លោក​»​។


លោកស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ដឹកនាំ​មន្ត្រី​អតីតគណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដើម្បី​មក​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​។ សាលា​ដំបូង​រាជធានី​នឹង​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​ញុះញង់ និង​រួមគំនិត​ក្បត់ លើ​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​ជាង​ ១៣០ ​នាក់​ នៅ​ខែមករា និង​ខែមីនា ឆ្នាំ​ ២០២១​។

លោកស្រី មូរ សុខហួរ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៧ ខែ​ធ្នូ​ថា គម្រោង​វិល​ត្រឡប់​មក​ចូលរួម​សវនាការ​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ​។ លោកស្រី​ថ្លែង​ដូច្នេះ​ថា៖ «​យើង​រក្សា​គម្រោង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​ ៤ មករា ដដែល​។ យើង​បានដាក់​ពាក្យសុំ​ទិដ្ឋាការ​ខ្មែរ ដោយ​ប្រើប្រាស់​លិខិត​ឆ្លងដែន​អាមេរិកាំង និង​បារាំង​រួចហើយ​។ យើង​ត្រៀមខ្លួន​រួចរាល់​ទាំងស្រុង​ ដើម្បី​ឱ្យ​ចាប់ខ្លួន​នៅពេល​យើង​ទៅដល់ និង​ដាក់​ក្នុង​ឃុំ​រង់ចាំ​ការកាត់ទោស​។ អ្វីដែល​យើង​ស្នើសុំ​នោះ​គឺ​សិទ្ធិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការត្រឡប់​ទៅ​មាតុភូមិ និង​ចូលរួម​ជម្រះក្ដី​តាម​គោលការណ៍​នៃ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​»​។

ឆ្លើយតប​ទៅ​លោក អ៊ូ ច័ន្ទរ័ត្ន រឿង​បង្កើត​គណបក្ស​ថ្មី ដោយ​ប្រុងប្រយ័ត្ន​ខ្លាច​ចាញ់​យុទ្ធសាស្ត្រ​បក្ស​កាន់អំណាច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថ្លែងថា គណបក្ស​កាន់អំណាច មិនមាន​យុទ្ធសាស្ត្រ​អ្វី​លើ​គណបក្ស​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ​ទេ​។ បើ​គណបក្ស​លោក អ៊ូ ច័ន្ទរ័ត្ន មិន​ទទួល​បាន​ជោគជ័យ គឺ​ដោយសារ​គ្មាន​អ្នកគាំទ្រ​។

ចំពោះ​គម្រោង​វិលត្រឡប់​ក្រុម​អតីតមន្ត្រី​បក្សប្រឆាំង​វិញ​លោក សុខ ឥសាន គ្មាន​ជំនឿ​ថា ពួកគាត់​នឹង​ត្រឡប់​មកវិញ​ទេ ដោយសារ​តែ​ពួកគាត់​គ្មាន​ទិដ្ឋាការ​។ លោក​ជឿថា ​ទូត​ខ្មែរ​នឹង​មិនចេញ​ទិដ្ឋាការ​ឱ្យ​ទេ ព្រោះ​លិខិត​ឆ្លងដែន​របស់​ពួកគាត់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ធ្វើ​មោឃភាព​ហើយ​។

ចំណែក​អ្នក​ដែល​ប្រើ​លិខិត​ឆ្លងដែន​បរទេស ក៏​មិនអាច​ចូល​មក​បានដែរ ព្រោះ​ពួកគាត់​ជា​ក្រុម​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា ក្រុម​ឧទ្ទាម​។ លោក​ថ្លែងថា​៖ «​យ៉ាងច្រើន​បាន​ត្រឹម​ទៅ​ឈរ​មុខ​ស្ថានទូត និង​នៅ​ព្រលានយន្តហោះ ដើម្បី​សម្ដែង​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត​ថា អូ​! ពួកគាត់​បាន​ព្យាយាម​មក​ហើយ​តែ​មិនបាន​សម្រេច​ដោយសារ​គ្មាន​ទិដ្ឋាការ​»​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែងថា លោក អ៊ូ ច័ន្ទរ័ត្ន គួរតែបង្កើត​គណបក្ស​ថ្មី​ទៅ​ប្រសិន​ជា​លោក​ពិតជា​ចង់​បង្កើត​មែន​នោះ​ព្រោះ​ថ្ងៃ​ ៤ មករា គ្មាន​អតីតមន្ត្រី​បក្សប្រឆាំង​ណា​ត្រឡប់មក​ទេ​។ លោក​ថ្លែងថា​៖ «​ចំពោះ​អ្នកណា​ដែលថា​បង្កើត​គណបក្ស​នោះ​គួរតែ​ឆាប់​បង្កើត​ទៅ កុំ​រង់ចាំ​ថ្ងៃ​ ៤ ​មករា​អី ចាំ​កាត់ទោស កឹម សុខា អី ដូចជា​គ្មាន​អី​ប្រែប្រួល​ទេ​។ មូរ សុខហួរ បើ​មក​នោះ​អនុវត្ត​ច្បាប់​សិន​ទៅ​។ មុននឹង​អនុវត្ត​ច្បាប់​យ៉ាងហោចណាស់​ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​។ ក្រុម​គេ​ហ្នឹង​បើ​មក​ត្រូវធ្វើ​ចត្តាឡីស័ក​ហើយ បើ​មក​តាម​ថៃ​ធ្វើ​ចត្តាឡីស័ក​នៅ​ថៃ​»​។

លោក​បន្តថា​៖ «​ចំពោះ កឹម សុខា ដូច​សម្ដេច​តេ​ជោ​លោក​មានប្រសាសន៍​អ៊ីចឹង ចប់​នីតិវិធី​តុលាការ​សិន​ទើប​អាច​ស្ដារ​នីតិសម្បទា​ឡើងវិញ ហើយ​ចូលរួម​ធ្វើការ​បោះឆ្នោត​បាន​។ ចំពោះ​អ្នក​បាន​នីតិសម្បទា​ហើយ កុំ​រង់ចាំ​អី​ដូច​ អ៊ូ ច័ន្ទរ័ត្ន អី ថា​ចាំមើល​។ ទៅ​មិន​រួច​ទ​។ បើ​ចង់​ចូលរួម​បោះឆ្នោត​បង្កើត​ឱ្យ​ឆាប់ៗ​ទៅ​កុំ​ឱ្យ​ខកពេល​»៕