ភ្នំពេញៈ ​សព​នាយទាហាន​មួកខៀវ​កម្ពុជា​ម្នាក់ គឺ​លោក ស សាវី នឹង​ស្ថិត​ក្នុងចំណោម​សព​កងកម្លាំង​ថែរក្សា​សន្តិភាព អង្គការ​សហប្រជាជាតិ (​អសប​) ជាង​ ១០០ ​នាក់​ដែល​នឹង​ទទួល​បាន​មេដាយ​កិត្តិយស Dag Hammarskjöld Medal នៅក្នុង​ទិវា​អន្តរជាតិ​នៃ​កងរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី​ ២៧ ខែឧសភា នេះ​។


មេដាយ Dag Hammarskjöld Medal ​គឺជា​មេដាយ​បន្ទាប់ពី​ទទួល​មរណភាព ដែល​ប្រគល់​ដោយ អសប ទៅដល់​កងកម្លាំង​យោធា ប៉ូលិស ឬ​កងកម្លាំង​ស៊ីវិល ដែល​បាន​បាត់បង់​ជីវិត ខណៈ​ពេល​កំពុង​បម្រើ​ការងារ​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់ អសប​។

អគ្គលេខាធិការ អសប លោក AntionioGuterres នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​មេដាយ Dag Hammarskjöld Medal ជូន​ដល់​កងកម្លាំង យោធា ប៉ូលិស និង​កងកម្លាំង​រក្សា​សន្តិភាព​ស៊ីវិល​ចំនួន​ ១២៩ នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្រោម​ឆត្រ​របស់ អសប កាលពី​ឆ្នាំមុន​ និង​ក្នុង​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។


លោក António នឹងដាក់​កម្រងផ្កា ដើម្បី​ឧទ្ទិស​ផ្តល់​កិត្តិយស​នៃ​កង​ថែរក្សា​សន្តិភាព​របស់ អសប ជាង ៤ ០០០ នាក់​ ដែល​បាន​បាត់បង់​ជីវិត​តាំងពី​ឆ្នាំ​ ១៩៤៨​។

អសប បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ថា​៖ «​ក្នុងចំណោម​កង​ថែរក្សា​សន្តិភាព​ដែល​នឹងត្រូវ​បានផ្តល់​កិត្តិយស​នោះ​គឺ​លោក​វរសេនីយ៍ឯក ស សាវី ដែល​បាន​បម្រើការ​ជាមួយ​បេសកកម្ម ស្ថិរភាព​ពហុភាគី របស់ អសប នៅ​ប្រទេស​ម៉ាលី (MINUSMA)»​។


លោក ស សាវី បាន​ស្លាប់​ដោយសារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​អាយុ ៦៣ ​ឆ្នាំ នៅពេល​បំពេញ​បេសកកម្ម​ក្នុងប្រទេស​ម៉ាលី​កាលពី​ខែឧសភា ឆ្នាំ​ ២០២០ ខណៈ​កងទ័ព​មួកខៀវ​កម្ពុជា​ចំនួន ៥ ​នាក់​ផ្សេងទៀត ដែល​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​នោះ​បាន​ជាសះស្បើយ​។

លោក ស សាវី បាន​ដឹកនាំ​កងអនុសេនាធំ កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ២៣១ ទៅ​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី កាលពី​អំឡុង​ខែមេសា​ឆ្នាំ ២០១៩ ហើយ​ត្រូវ​បញ្ចប់​បេសកកម្ម​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​នៅក្នុង​ខែមេសា ឆ្នាំ ២០២០​។ ប៉ុន្តែ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​ពិភពលោក​ទើប​ធ្វើឱ្យ​ការវិល​ត្រឡប់​ត្រូវ​ពន្យារពេល​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា កងទ័ព​មួកខៀវ​​កម្ពុជា​សរុប​ចំនួន ២៧ នាក់ ​បាន​បាត់បង់​អាយុជីវិត​ ខណៈ​ពេល​កំពុង​បម្រើ​ការងារ​ក្នុង​ការថែរក្សា​សន្តិភាព អសប អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា​៖ «​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​រួមចំណែក​ដ៏ធំ​បំផុត​ទី​ ២៧ ក្នុងការ​បញ្ជូន​កងទ័ព​សម្រាប់​ថែរក្សា​សន្តិភាព​របស់ អសប​»​។

បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​បាន​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព​ចំនួន ៧៦៧ នាក់​ក្នុង​ប្រតិបត្តិការ​សន្តិភាព​របស់ អសប នៅ​តំបន់ Abyei (​តំបន់​ព្រំដែន​រវាង​ស៊ូដង់ និង​ស៊ូដង់​ខាង​ត្យូង​) សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ូដង់ និង​ស៊ូដង់​ខាងត្បូង​។

លោក António ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការបំពេញ​បេសកកម្ម និង​ការលះបង់​របស់​កងកម្លាំង​ថែរក្សា​សន្តិភាព​ដែល​បាត់បង់​ជីវិត​នឹង​មិន​ត្រូវបាន​គេ​បំភ្លេច​ឡើយ​។ លោក​បន្តថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំង​ប៉ូលិស​យោធា និង​កងកម្លាំង​ស៊ីវិល​ចំនួន ៨៥ ០០០ នាក់​ ដែល​បាន​ដាក់​ពង្រាយ​នៅក្នុង​ចំណុចក្តៅ​ប្រឈម​បំផុត​របស់​ពិភពលោក​ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ​ និង​ជួយ​កសាង​សន្តិភាព​»​។

លោក António បញ្ជាក់ថា ទោះបី​មាន​ការរឹតត្បិត ដោយ​ជំងឺ​រាតត្បាត​ក៏ដូចជា​ហានិភ័យ​នៃ​ការឆ្លង​ក៏ដោយ ក៏​កងកម្លាំង​ទាំង​បុរស និង​ស្ត្រី​ទាំងនេះ​បាន​បន្ត​បេសកកម្ម​របស់​ពួកគេ​ហើយ​ក៏​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ ​ផងដែរ​។ លោក​បន្តថា​៖ «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដោយស្មោះ​ចំពោះ​ក្រុមគ្រួសារ​កងកម្លាំង​ថែរក្សា​សន្តិភាព​ដែល​បាន​រងគ្រោះ​ដោយសារ​ជំងឺ​ដ៏សាហាវ​នេះ​»​។

លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​ការងារ និង​បាន​បង្វែរ​សំណួរ​ទៅកាន់​អ្នកនាង កុសល ម៉ាលីនដា អ្នកនាំពាក្យ​ស្ថាប័ន​នេះ ដែល​មិនអាច​ទាក់ទង​បាន នៅ​ថ្ងៃទី​ ២៦ ខែឧសភា​។

ទិវា​អន្តរជាតិ​នៃ​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ត្រូវ​បាន​បង្កើតឡើង ដោយ​មហាសន្និបាត អសប ក្នុង​ឆ្នាំ​ ២០០២ ដើម្បី​ឧទ្ទិស​កុសល​ទៅ​ដល់​កងកម្លាំង​បុរស​ និង​ស្ត្រី​ទាំងអស់ ដែល​បម្រើ​បេសកកម្ម​ក្នុង​ការថែរក្សា​សន្តិភាព​ និង​ដើម្បី​គោរព និង​ផ្តល់​កិត្តិយស​ដល់​ការចងចាំ​របស់​កងកម្លាំង​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ថែរក្សា​សន្តិភាព​៕