ភ្នំពេញៈ សមាគម​អ្នកនិពន្ធ​ខ្មែរ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ​តែងនិពន្ធ​រឿង​ខ្លី «​ពានរង្វាន់​អក្សរសិល្ប៍​ស្លឹករឹត​» លើក​ទី​ ១ ឆ្នាំ ២០២០ ក្រោម​ប្រធានបទ​ «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ប៉ុល ពត​» ​ដើម្បី​រួមចំណែក​ថែរក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​ប៉ុលពត​តាមរយៈ​ស្នាដៃ​តែង​និពន្ធ​។


សេចក្ដី​ជូនដំណឹង​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ស្ដីពី​ការប្រកួត​នេះ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បង្ហាញថា គោលបំណង​នៃ​ការប្រកួត​តែង​និពន្ធ​រឿង​ខ្លី​នេះ​ដើម្បី​រួមចំណែក​ថែរក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ប៉ុល ពត តាមរយៈ​ស្នាដៃ​តែង​និពន្ធ និង​ដើម្បី​លើកស្ទួយ​តម្លៃ​អក្សរសាស្ត្រ​ជាតិខ្មែរ​ផងដែរ​។

សមាគម​អ្នកនិពន្ធ​ខ្មែរ​បញ្ជាក់ថា​៖ «​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​វាយតម្លៃ ចំពោះ​រឿង​ខ្លី​ដែល​បេក្ខជន​ដាក់ចូល​រួម​ប្រកួត​រួមមាន ខ្លឹមសារ​រឿង​ខ្លី ជា​ស្នាដៃ​និពន្ធ​ថ្មី ត្រូវ​តែ​និយាយ​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ប៉ុន្តែ​មិន​សង្កត់​ទៅ​លើ​តែ​ប្រធានបទ​ឧក្រិដ្ឋកម្ម​យង់ឃ្នង កាប់សម្លាប់​នោះទេ​»​។


សមាគម​អ្នកនិពន្ធ​បាន​បង្ហាញ​ ៣ ​បែបបទ​សម្រាប់​បេក្ខជន​ចំពោះ​ការនិពន្ធ​រឿង​ខ្លី​នេះ​រួមមាន សាច់រឿង​ត្រូវ​សរសេរ​ក្នុង​ចំនួន​ពី​​ ៥ ​ដល់​ ១៥ ​ទំព័រ (​អត្ថបទ​វាយ​ដោយ​កុំព្យូទ័រ​ ឬ​សំណេរ​ដៃ​ពី​ ១០ ​ដល់​ ២០ ​ទំព័រ​)​។ ក្រដាស​តែង​និពន្ធ​ជា​ប្រភេទ អេ​ ៤ ពុម្ពអក្សរ​ត្រូវជា​ពុម្ពអក្សរ ខ្មែរ អូ.អេស សៀមរាប​ (Khmer OS Siemreap) ​ទំហំ​អក្សរ ១២ ​ដោយ​មិន​ដាក់​ក្បាល​ ឬ​ជើង​ទំព័រ​ឡើយ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​ថា បេក្ខជន​ដែល​អាច​ចូលរួម​ប្រកួត​បាន​គឺជា អ្នកនិពន្ធ និង​សាធារណជន​ទូទៅ​ជា​ជនជាតិខ្មែរ​ ឬ​បរទេស (​មាន​សមត្ថភាព​អក្សរសិល្ប៍​) ​អ្នក​រស់រាន​មាន​ជីវិត​ពី​សម័យ​ ប៉ុល ពត និង​ធ្លាប់មាន​រឿងរ៉ាវ​នៅក្នុង​សម័យ​នោះ​។ អ្នក​ឮ​រឿងរ៉ាវ​ពិត​ដែល​រៀបរាប់​ឡើងវិញ​ដោយ​អ្នក​រស់រាន​មាន​ជីវិត​ពី​សម័យ ប៉ុល ពត​។


សេចក្ដី​ជូនដំណឹង​នេះ​បន្ថែម​ថា​ស្នាដៃ​រឿង​ខ្លី​ចំនួន​ ១០​ រឿង​នឹង​ត្រូវ​ជ្រើសរើស​ផ្តល់​ពានរង្វាន់​រួមមាន​ពាន​កិត្តិយស វិញ្ញាបនបត្រ រួម​នឹង​ថវិកា​ផងដែរ​។ ស្នាដៃ​ដែល​បាន​ជ្រើសរើស​នឹងត្រូវ​បោះពុម្ព​ និង​ពិចារណា​ផលិត​ជា​ភាពយន្ត​ខ្លី ឬ​ចម្រៀង​។ ក្នុង​នោះ​អ្នក​ដែល​មាន​បំណង​ចូលរួម​ប្រកួត​អាច​ផ្ញើ​ស្នាដៃ​មកកាន់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ចាប់ពី​ថ្ងៃ​​ ១ ខែ​តុលា​ដល់​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ជា​កំណត់​។

លោក សោម ប៊ុនថន និពន្ធ​នាយក​ទស្សនាវដ្ដី​ស្វែងរក​ការពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បញ្ជាក់​បន្ថែម​ជុំវិញ​ការប្រកួត​តែង​និពន្ធ​នេះ​កាលពី​ម្សិលមិញ​ថា ការប្រកួត​តែង​និពន្ធ​ឆ្នាំនេះ​ដោយ​លើកយក​ប្រធានបទ​អំពី «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​» ក៏​ដើម្បី​វាស់​ស្ទង់​កម្រិត​យល់​ដឹង​របស់​យុវជន​ជំនាន់​ក្រោយ​អំពី​ប្រវត្ដិសាស្ដ្រ​ខ្មែរក្រហម ប៉ុល ពត រួម​នឹង​ការចែករំលែក​អំពី​បទពិសោធ​របស់​មនុស្ស​ជំនាន់​មុនៗ​មក​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ក៏មាន​រឿង​ផ្សេងៗ​ទៀត​ក្នុង​របប​ខ្មែរក្រហម ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ឲ្យ​ពួកគាត់​បាន​ធូរស្បើយ​ដែរ​។ មានដូចជា​សាច់រឿង​ដែល​ពលរដ្ឋ​ចងចាំ​ដោយ​មិន​ផ្ដោត​សំខាន់​តែ​លើ​អំពើ​ឃោរឃៅ​នោះទេ ហើយ​សាច់រឿង​ទាំងនោះ​យើង​នឹងមាន​ការលើក​ទឹកចិត្ត​ដល់​ការផ្សះផ្សា​ដល់​ប្រជាជន​កម្ពុជា​នៅក្នុង​សង្គម​ដែល​ធ្លាប់បាន​បែកបាក់​គ្នា​ដោយសារ​សង្គ្រាម​»៕