បាត់ដំបងៈ ប្រជា​ពលរដ្ឋ​ក្នុង​សហ​គមន៍​ល្អាង​ប្រចៀវ​ភ្នំ​សំពៅ ​បានអំពាវនាវ​សុំឲ្យ​អាជ្ញាធរ​ដែនដី ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​បាត់​ដំបង ​ជួយ​អន្តរាគមន៍​ការពារ​និង​ទប់ស្កាត់ ​ការចាប់​សត្វ​ប្រចៀវ ​និង​បំផ្លាញ​ទីជម្រក​របស់​វា។


លោក​ ដាំ ឆាង ​ប្រធាន​សហគមន៍​ល្អាង​ប្រចៀវ​ភ្នំ​សំពៅ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​សត្វ​ប្រចៀវ​ចូលចិត្ត​រស់​នៅ​ក្នុង​រូង​ឬ​ល្អាង​ភ្នំ ​និង​ចូលចិត្ត​ភាពស្ងប់​ស្ងាត់។ ពួក​វា​ចូលចិត្ត​ស៊ី​សត្វ​ល្អិត​ជាអាហារ ​និង ​ផឹក​ទឹកសន្សើម។ លោក​បន្តថា ​កាលពី​​ ២០ ឆ្នាំ​មុន​ នៅ​ស្រុក​បាណន់​ខេត្ត​បាត់​ដំបង​ មាន​ល្អាង​ភ្នំ​ចំនួន​ ៦ ​ក្នុង​នោះ​នៅ​ភ្នំ​បាណន់​មាន​ ១ ល្អាង ​ភ្នំ​សំពៅ​មាន​ ៣ ល្អាង​និងភ្នំ​ក្រពើ​មាន ​២ ល្អាង ​ដែល​ល្អាង​ទាំងនោះ​ជាកន្លែង​សត្វ​ប្រចៀវ​រស់​នៅ​និង​បន្ត​ពូជពង្ស​របស់​វា។

ប៉ុន្តែ​ក្រោយមក​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែលខ្វះ​ការយល់​ដឹង​អំពី​ផល​ប្រយោជន៍​នៃ​សត្វ​ប្រចៀវ ​បាននាំ​គ្នា​ចូល​ទៅ​ចាប់​ពួក​វា​យក​ធ្វើជា​ចំណី​អាហារ ​និងបានរំខាន​ទី​ជម្រក​ពួកវា ​ដោយយក​ភ្លើង​ទៅ​ដុត​ ឬគប់​ដុំ​ថ្ម ​បង្កជា​សំឡេង​ក្ដុងក្ដាំង​ ធ្វើឲ្យ​ពួក​វា​ទ្រាំ​ពុំបាន​ហើរ​ចេញ​ទៅ​បាត់​អស់។ បច្ចុប្បន្ន ​មានតែ​ល្អាង​ភ្នំ​សំពៅ​ចំនួន​ ២ កន្លែង​ប៉ុណ្ណោះ ​គឺមួយ​នៅ​ល្អាង​ខាង​កើត ​និងមួយ​ទៀត​នៅ​ល្អាង​ខាង​ជើង​ ដែលនៅ​មាន​សេសសល់​សត្វ​ប្រចៀវ​រស់នៅ។


លោក​បញ្ជាក់​ថា​៖ «បើ​គ្មាន​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ទេនោះ ​សត្វ​ប្រចៀវ​ទាំងនោះ​និង​ចល័ត​ចេញ​ពី​ល្អាង​ភ្នំ​ទាំង ២ ​នេះ​អស់​ទៀត​ជាមិន​ខាន។ នៅពេល​នោះ​មិន​ចំពោះ​តែ​ពលរដ្ឋ​នៅក្នុង​សហគមន៍​យើង​ខ្ញុំទេ ​ដែល​រងការ​ខាត​បង់​ប្រាក់​ចំណូល ​អាជ្ញាធរ​ពាក់​​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ក៏ត្រូវ​ខាតបង់​ផង​ដែរ​ ព្រោះ​បច្ចុប្បន្ន ​ល្អាង​ប្រចៀវ​ទាំង២​នេះ ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​ផងដែរ​សម្រាប់​ខេត្ត​បាត់ដំបង»។

បើតាម​ការអះអាង​របស់​លោក​ ឆាង ​រូង ​ឬ​ល្អាង​ប្រចៀវ​ទាំង ២ ​នោះ ​ដំបូង​ឡើយ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​និង​ថែរក្សា​ដោយ​ផ្ទាល់​ពី​ក្រុម​គ្រួសារ​របស់​គាត់។ បច្ចុប្បន្ន​ ដើម្បី​ការពារ​និង​អភិរក្ស​ហ្វូង​សត្វ​ប្រចៀវ​នៅក្នុង​ល្អាង​ភ្នំ​សំពៅ​ទាំង ២​ កន្លែង​នោះ​ ឲ្យ​នៅ​គង់វង្ស​សម្រាប់​ជាប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ ​បានដឹង​និង​សិក្សា​ឈ្វេងយល់​អំពី​ជីវសាស្ត្រ​របស់​វា ​លោក​ឆាង​ បានសម្រេច​ចងក្រង​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ​បង្កើត​ជាសហគមន៍​មួយ​ឈ្មោះ​ថា ​«សហគមន៍​ល្អាង​ប្រចៀវ​ភ្នំ​សំពៅ»។


លោក​ រឿត សាវន ​សមាជិក​ម្នាក់​នៃ​សហគមន៍ ​ដែលទើប​បានបង្កើត​ឡើងនេះ ​និយាយថា ​កាល​ពី​អំឡុង​ឆ្នាំ ១៩៩៩ ​សត្វ​ប្រចៀវ​មាន​ប្រមាណ​ពី ៥-៦ ​លាន​ក្បាល ​រស់​នៅ​ក្នុង​ល្អាង​ភ្នំ​ទាំង ៦ ​ទីតាំង​ ក្នុង​ស្រុក​បាណន់។ បន្ទាប់​មក​ចំនួន​របស់​វា​ ថយ​ចុះ​ជាបន្ត​បន្ទាប់ ​ក្រោយពី​អ្នក​ភូមិ​មួយ​ចំនួន​បានវាយ​ប្រហារ​លើ​ហ្វូង​និង​ទីជម្រក​របស់​វា។ បច្ចុប្បន្ន​ ចំនួន​​សត្វ​ប្រចៀវទាំងនោះ​នៅសេស​សល់​ប្រមាណ​ជិត ១ លាន​ក្បាល​ប៉ុណ្ណោះ។

លោក​និយាយថា​៖ «ក្រៅពី​ប្រមូល​យក​លាមក​របស់​វា​ពី​ក្នុង​ល្អាង​ភ្នំ​ទាំង ២ ​កន្លែង​មកធ្វើ​ជាជី ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បំផុស​ដី​និង​បំប៉ន​គុណភាព​ដំណាំ ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យើង​ ក៏អាច​រកប្រាក់​ចំណូល​ពីការ​លក់​ដូរ​វត្ថុ​អនុស្សាវ​រីយ៍ ​ឬនំ​ចំណី​ដល់​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​ដែលមក​ទស្សនា​កម្សាន្ត​ពីសកម្មភាព​នៃការ​ហោះ​ហើរ​របស់​ហ្វូង​សត្វ​ប្រចៀវ​ចេញ​ពី​រូង​ឬពី​ល្អាង​ភ្នំ​នាពេល​ថ្ងៃ​លិច​ផងដែរ»។

លោក​ សាវន ​បន្ថែមថា ​ដោយមាន​ភាព​ល្បីល្បាញ​តាំងពី​បុរាណថា ​ជី​អាចម៍​ប្រចៀវ ​គឺជា​ជី​ធម្មជាតិ​លេខ ១ ​មានប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការជួយ​បំប៉ន​ដំណាំ ​និង​រុក្ខជាតិ​ហូបផ្លែ​គ្រប់​ប្រភេទ​នោះ ​បច្ចុប្បន្ន​សហគមន៍​បាន​ប្រមូល​ជីអាចម៍​ប្រចៀវ​ពី​ក្នុង​ល្អាង​ភ្នំ​ទាំង ២​ ទីតាំង​នោះ​បាន​ចន្លោះ​ពី​ ២,៥​​ តោន​ទៅ ​៣ តោន​ក្នុង​ ១ ខែ ​ហើយ​លក់​ទៅឲ្យ​កសិករ​ក្នុង​ស្រុក​ក្នុង​តម្លៃ​ ១ ​ការុង​តូច​ទម្ងន់​ជាង​ ១០ គីឡូក្រាម ​២៥,០០០ រៀល។

ជុំវិញ​ករណីនេះ​ លោក​ អ៊ុច អ៊ុំភីនី ស្សារ៉ា ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់​ដំបង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ល្អាង​សត្វ​ប្រចៀវ​ភ្នំ​សំពៅ ​នាពេល​នេះ​បានក្លាយ​ជា​តំបន់​មុខ​ព្រួញ​ទេសចរណ៍​ដ៏ទាក់​ទាញ​មួយ​សម្រាប់​​ខេត្ត​បាត់ដំបង។

លោក​ថា​៖ «រៀង​រាល់​ល្ងាច​ខណៈ​ព្រះ​អាទិត្យ​កំពុង​រៀប​អស្ដង្គត ​ហ្វូង​សត្វ​ប្រចៀវ​រាប់​សែន​ក្បាល​បាននាំគ្នា​ហោះ​ប្រច្រៀត​ចេញ​ពី​ក្នុង​រូង​ក្នុង​សំឡេង​យ៉ាង​កង​រំពង​ដូចជា​ក្បួន​ទ័ព​ចេញ​ទៅ​ច្បាំង។ សកម្មភាព​នេះ​បានទាក់​ទាញភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ​មក​ទស្សនា​និង​ថត​យក​​រូប​ភាព​អនុវស្សាវរីយ៍​ដែល​ជា​មធ្យម​មាន​ចន្លោះ​ពី ២៥០ ទៅ​ ៣០០ នាក់​ក្នុង ​១ ថ្ងៃៗ»។

ជាមួយ​គ្នានេះ ​លោក​ ស្សារ៉ា ​ក៏បាន​អំពាវ​នាវដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ​ចូល​រួម​ការពារ​និង​អភិរក្ស​សត្វ​ប្រចៀវ​​ឲ្យ​បាន​ល្អ​ដោយ​បញ្ឈប់​ការវាយ​ប្រហារ​ដោយ​​គប់​នឹង​ដំបង​ ដុំ​ដី​ ដុំ​ថ្ម ​ទៅ​លើ​ហ្វូង​សត្វប្រចៀវ​នៅ​ពេល​ហោះ​ចេញ​ពីរូង​ ឬ​ល្អាងភ្នំ៕