ភ្នំពេញៈ​ សាលា​រាជ​ធានី​ភ្នំ​ពេញ​​ កាល​ពី​ថ្ងៃ​​ទី ១ ខែ​តុលា បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ​​ប្រារព្ធ ​«​ទិវា​​គ្រូ​បង្រៀន​ពិភព​លោក​»​ ​នៅ​ថ្ងៃ​ទី​ ៥ ខែ​តុលា ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​​ នៅ​តាម​​មាត់​ទន្លេ​សាប​ ដោយ​ច្រាន​ចោល​ទី​កន្លែង​ដែល​ស្នើ​សុំ​​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​​ ខណៈ​ដែល​រដ្ឋាភិបាល​ក៏​និង​ប្រារព្ធ​ទិវា​នះ​ផង​ដែរ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​​។


យោង​តាម​កំណត់​ហេតុ​កិច្ច​ប្រជុំ​​ពីរ​ទំព័រ​​ ដែល​ត្រូវ​បាន​ចេញ​នៅ​ថ្ងៃ​ទី ២​ខែ​តុលា​​ សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ បាន​ស្នើ​សុំ​រដ្ឋា​ភិបាល​​​​​រៀប​ចំ​ការ​ប្រារព្ធ​​ទិវា​នេះ ​ក្រោម​ប្រធាន​បទ​​«​សិទ្ធិ​ទទួល​បាន​ការ​អប់​រំ ​និង​សិទ្ធិ​​ទទួល​បាន​គ្រូ​បង្រៀន​ដែល​មាន​គុណ​វុឌ្ឍិ​»​ ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​​ ដែល​មាន​ទី​តាំង​​​​ជិត​វត្ត​​ភ្នំ​ ហើយ​បន្ទាប់​មក​គ្រោង​ហែរ​ក្បួន​ជា​មួយ​គ្រូ​បង្រៀន​ចំនួន​​ ៥០០ ​នាក់​ទៅ​ក្រសួង​អប់​រំ​​ និង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​។

សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ គ្រោង​ដាក់​សំណើ​មួយ​ ដែល​មាន​បួន​ចំណុច ​​ទៅ​រដ្ឋា​ភិបាល​​ក្នុង​ការ​កែ​លម្អ​​ស្ថាន​ភាព​របស់​គ្រូ​បង្រៀន​ រួម​ទាំង​ការ​​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​​ ដល់​ ២​ លាន​រៀល​ បង្កើត​យន្ត​ការ​​បង្ការ​និង​ស៊ើប​អង្កេត ​អំពើ​ពុក​រលួយ​​​ក្នុង​ស្ថាប័ន​អប់​រំ​ ​ផ្តល់​សម្ភារ​សិក្សា​ដល់​សាលា​ទាំង​អស់​ ​ផ្តល់​ប្រាក់​រង្វាន់​​ ១៥០០០០​រៀល​(ប្រហែល​ ៣៧,៥​ដុល្លារ​)​ដល់​គ្រូ​បង្រៀន​​សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​ និង​ចូល​ឆ្នាំ​ខ្មែរ​។


ប៉ុន្តែ​មន្រ្តី​ម្នាក់​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ បាន​ថ្លែង​ថា ក្រសួង​អប់​រំ​​​ បាន​​ដោះ​ស្រាយ​បញ្ហា​​ដែលសមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ​លើក​ឡើង​រួច​ហើយ​​។

សាលា​រាជ​ធានី​​ បាន​អនុញ្ញាត​​ឲ្យ​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ ​ប្រារព្ធ​ព្រឹត្តការណ៍​នេះ​ ពី​ម៉ោង ​៨​ ព្រឹក​ដល់​​ម៉ោង​៩​ព្រឹក​ ​ដោយ​ហាម​ប្រាម​​​​ការ​​ហែរ​ក្បួន​ ហើយ​ការ​ចូល​រួម​​របស់​គ្រូ​​បង្រៀន​ចំនួន​​ ៥០០​ នាក់​ត្រូវ​បាន​ហាម​ប្រាម​ ដោយ​លើក​ឡើង​​អំពី​ច្បាប់​​​ ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​​មិន​លើស​​​ពី ២០០ ​នាក់​។


អាជ្ញា​ធរ​​បាន​ថ្លែង​ថា ពួក​គេ​នឹង​ផ្តល់​សន្តិសុខ​​​នៅ​កន្លែង​នោះ ​ហើយ​នគរ​បាល​​ និង​​កង​រាជ​អាវុធ​ហត្ថ​​​ នឹង​ប្រចាំ​ការ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​​ ដើម្បី​​ការ​ពារ​មិន​ឲ្យ​មាន​​ការ​ប្រមូល​ផ្តុំ​ណា​មួយ​នៅ​ទីនោះ​។

កំណត់​ហេតុ​នេះ​បាន​​​និយាយ​ថា​៖ «​​រដ្ឋ​បាល​ខណ្ឌ​ដូន​ពេញ​ ​នគរ​បាល​​ និង​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំ​ពេញ​ ​ត្រូវ​តែ​រៀប​ចំ​​និង​បង្ការ​​មិន​ឲ្យ​មាន​ការ​ប្រមូល​​​ផ្តុំ​​ណា​មួយ​ នៅ​​សួន​ច្បារ​វត្ត​ភ្នំ​​ ឬ​នៅ​សួន​ច្បារ​​​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​»។

កំណត់​ហេតុ​នេះ​បន្ត​ទៀត​ថា​៖ «​​អ្នក​ស្នើ​សុំ​ត្រូវ​ធានា​ថា​ ​ពួក​គេ​នឹង​មិន​យក​ព្រឹត្តិការណ៍​នេះ​​វាយ​ប្រហារ​ព្រះ​មហាក្សត្រ​ ​រដ្ឋា​ភិបាល ប្រទេស​ជិត​ខាង ​ឬ​ឥស្សរជន​ណា​មួយ​​»។

លោក​ស្រី អ៊ុក ឆ័យ​​​យ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី ២​ខែ​តុលា​​ថា ​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ​​ តែង​តែ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ ​ប៉ុន្តែ​លោក​ស្រី​ខក​ចិត្ត​​ចំពោះ​សេចក្តី​សម្រេច​​របស់​សាលា​រាជធានី​​ភ្នំពេញ​។

លោក​ស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​​សាលា​រាជ​ធានី​​ បាន​និយាយ​ថា​ ប្រសិន​​បើ​យើង​ធ្វើ​ការ​ប្រារព្ធ​​​ទៅ​តាម​លក្ខខណ្ឌ​​អនុញ្ញាត​​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ​ពួក​គេ​នឹង​ផ្តល់​សន្តិសុខ​។ ប៉ុន្តែ​ប្រសិន​បើ​យើង​បំពាន​កិច្ច​ព្រម​ព្រៀង​ ​នឹង​មាន​បញ្ហា​ចំពោះ​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ។ វា​ដូច​ជា​ការ​គំរាម​កំហែង​ដល់​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯក​រាជ្យ​ ដើម្បី​ធ្វើ​ឲ្យ​សមាជិក​គ្រូ​បង្រៀន​របស់​យើង​​ និង​​អ្នក​ចូល​រួម​​មិន​ហ៊ាន​ចូល​រួម​»។

​លោក ហង់​ ជួន​ណា​​រ៉ុន​ ​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ យុវជន​និង​កីឡា ​ ​​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ២​ខែ​តុលា​​ថា ​រដ្ឋា​ភិបាល​ក៏​នឹង​ប្រារព្ធ​​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ​​នៅ​វិទ្យា​ស្ថានជាតិ​អប់​រំ​​ផង​ដែរ ក្រោម​​អធិបតី​​​ភាព​របស់​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​។

លោក​បាន​ថ្លែង​ថា​៖ «​​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គ្រូ​បង្រៀន​ ១០ ​នាក់​​នឹង​ទទួល​បាន​រង្វាន់​ ​​ហើយ​​​នាយក​សាលា​វិទ្យា​ល័យ​ ​ជា​មួយ​នឹង​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​ A ​​នឹង​ទទួល​បាន​​រង្វាន់​​ផង​ដែរ​»។

​អង្គការ​យូណេស្កូ​​ កាល​ពី​ថ្ងៃ​​ទី ២ ខែ​តុលា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​ផង​ដែរ​​​​ អំពី​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ ​ដោយ​ចូល​រួម​ជា​មួយ​រដ្ឋា​ភិបាល​រៀប​ចំ​​ព្រឹត្តិការណ៍​នេះ​ នៅ​ថ្ងៃ​ទី ​​៥ ខែ​តុលា ​ក្រោម​ប្រធាន​បទ​ «​​គ្រូ​បង្រៀន​​ដែល​មាន​គុណ​ភាព ​​គឺ​ជា​គុណ​ភាព​នៃ​ធន​ធាន​មនុស្ស ​​សម្រាប់​ការ​អភិវឌ្ឍ​​​ដោយ​ចីរភាព​»។

​អង្គការ​យូណេស្កូ​បាន​រំពឹង​ថា​ នឹង​មាន​អ្នក​ចូល​រួម​ចំនួន ​​១៣០០ ​នាក់​​ពី​ក្រសួង​អប់​រំ ​ក្រសួង​ពាក់​ព័ន្ធ​ ដៃ​គូ​អភិវឌ្ឍ អង្គការ​ក្រៅ​រដ្ឋា​ភិបាល ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​គ្រូ​បង្រៀន​៕ PS