ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវបាន​ឆ្លើយ​តប​ទៅ​លោក David Kaye អ្នក​រាយការណ៍​ពិសេស​ ស្ដី​ពី​សេរី​ភាព​ នៃ​ការ​បញ្ចេញ​មតិ​ ពាក់​ព័ន្ធ​​នឹង​ជំងឺ​កូវីដ ១៩ ដោយ​ថ្លែង​ថា វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ ពុំ​មែន​ជា​ការ​រឹត​ត្បិត​សេរីភាព​នោះ​ទេ។


​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំអង្គការ​សហ​ប្រជា​ជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ​ កាល​ពី​ថ្ងៃ​​ទី ​១០ ខែ​កក្កដា ថា លោក David Kaye អ្នក​រាយការណ៍​ពិសេស​ ស្ដី​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​បាន​ធ្វើ​សេចក្ដី​សន្ឋិដ្ឋាន​មិនត្រឹម​ត្រូវ​ និង​បង្ក​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​​​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លើយ​តប​របស់​កម្ពុជា​ ចំពោះ​មេរោគ​កូវីដ ១៩។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​​បញ្ជាក់​ថា​៖ «អ្នក​រាយការណ៍​ពិសេស​ ហាក់​​មិន​ត្រឹម​តែ​ពុំ​បាន​ថ្កោល​ទោស​ការ​ក្លែង​ព័ត៌មាន​ និង​ព័ត៌មាន​ក្លែង​ក្លាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​លើក​ទឹក​ចិត្ត​ ឲ្យ​បន្ត​មាន​លំហូរ​ព័ត៌មាន​ដោយ​សេរី​ ដែល​រួម​មាន​ទាំង​ព័ត៌មាន​គ្រោះ​ថ្នាក់ ឬ​អន្តរាយ​ទៀត​ផង។ វិធី​សាស្ត្រ​បែប​នេះ​ គឺ​ងាក​ចេញ​ពី​គន្លង ​នៃ​វិធី​សាស្ត្រ​របស់​ឯក​ឧត្តម​ Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ដែល​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ការ​ប្រើ​ប្រាស់​សារ​ស្អប់​ខ្ពើម»។


ការ​ឆ្លើយ​តប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Kaye អ្នក​រាយការណ៍​ពិសេស​ ស្ដី​ពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិកាល​ពី​ថ្ងៃ​សុក្រ បាន​ចេញ​ផ្សាយ​ព័ត៌មាន​ដោយ​លើក​ឡើង​ថា ការ​រាត​ត្បាត​សកលនៃ​ជំងឺ​កូវីដ ១៩ បង្ក​ការ​រឹត​ត្បឹត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ទូទាំង​ពិភព​លោក ដោយរាប់​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ​។

ក្នុង​ព័ត៌មាន​នោះ លោក Kaye បានថ្លែង​ថា៖ «ក្នុង​រយៈ​ពេល​ ៣​ ខែ​កន្លង​ទៅ រដ្ឋាភិបាល​ជា​ច្រើន​បាន​ប្រើប្រាស់​ការ​រាត​ត្បាត​សកល​នៃ​ជំងឺ​កូវីដ​នេះ​ ដើម្បី​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដោយ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ ក្រោម​ច្បាប់​សន្ធិ​មនុស្ស។ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ នៃ​ការ​រាត​ត្បាត​សកល ខ្ញុំ​បាន​លើក​ពី​កង្វល់​ អំពី​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​បង្កការ​ប៉ះ​ពាល់​ផ្ទាល់ ​ទៅ​លើ​ព័ត៌មាន​អំពី​សុខភាព​សាធារណៈ រួម​មាន​នៅប្រទេស​បេឡារុស កម្ពុជា ចិន អុីរ៉ង់ អេហ្ស៊ីប ឥណ្ឌា មីយ៉ាន់ម៉ា និង​តួកគី»។


អ្នក​រាយ​ការណ៍ពិសេស​រូប​នេះ ​លើក​ឡើង​ថា មាន​មនុស្ស​ស្លាប់​ដោយ​សារ​តែ​រដ្ឋាភិបាល​ជា​ច្រើនបាន​កុហក និង​លាក់​បាំង​ព័ត៌មាន​ ចាប់​ឃុំ​ឃាំង​អ្នក​រាយការណ៍​ព័ត៌មាន មិន​និយាយ​ដោយ​ស្មោះ​ត្រង់​ ជាមួយ​ពលរដ្ឋ​អំពី​ធាតុ​ពិត​នៃ​ការ​គំរាម​កំហែង និង​បាន​ប្រើ​ប្រាស់​បទ​ឧក្រិដ្ឋ​ចំពោះ​បុគ្គល​ ដោយ​ប្រើ​លេស​ថា​ បាន​ចែក​ចាយ​ព័ត៌មាន​មិន​ពិត។ មនុស្ស​ជា​ច្រើន​បាន​រង​ការ​ឈឺចាប់​ដោយ​សារ​តែ​រដ្ឋាភិបាល​ខ្លះ សុខចិត្ត​ការពារ​ខ្លួនពី​ការ​រិះ​គន់​ជា​ជាង​អនុញ្ញាត​ឲ្យ​មនុស្ស​ចែកចាយ​ព័ត៌មាន ដឹង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ និង​ដឹង​ថា មន្ត្រី​ការពារ ឬ​មិន​ការពារ​ពួក​គេ។

លោក Kaye បាន​ដាក់​បង្ហាញ​របាយការណ៍​របស់​លោក ​ស្ដី​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​រាត​ត្បាត​ជំងឺ​ ទៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។ លោក​បាន​លើក​ជា​អនុសាសន៍​ឲ្យ​មានការ​ដោះលែង​អ្នក​សារព័ត៌មានដែល​ត្រូវ​បាន​ចាប់​ខ្លួន បើកចំហ​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ បញ្ចប់​ការ​បិទ​អីុនធឺណិត និង​អនុសាសន៍មួយ​ចំ​នួន​ទៀត។

ទោះ​យ៉ាង​ណា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​ឆ្លើយ​​តប​​ថា ការ​ឆ្លើយ​តប​របស់​កម្ពុជា​ចំពោះ​វិបត្តិ​សុខភាព​នេះ​មាន​គោល​បំណង​ធានា​ថា ជីវិត​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន​ ជា​ពិសេស​ក្រុម​ងាយ​រង​គ្រោះ​បំផុត​ នឹង​មិន​ត្រូវ​បាន​បាត់​បង់​ដោយ​សារ​មេរោគ​កូវីដ ១៩​ នោះ​ឡើយ។ រាល់​វិធានការ​ដែល​បាន​ដាក់​ចេញ​កន្លង​មក ​បាន​គោរព​តាម​នីតិវិធី​ត្រឹម​ត្រូវ​និង​ប្រកាន់​ខ្ជាប់​ នូវ​គោលការណ៍​នីត្យានុកូលភាព​ ភាព​ចាំ​បាច់ ភាព​សមាមាត្រ និង​ពុំ​មាន​ការ​រើស​អើង។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជាថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​កម្ពុជា​​ តែង​តែ​គោរព ​ផ្ដល់​តម្លៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សារព័ត៌មាន​ស្រប​ច្បាប់ ហើយ​យល់​ដឹង​យ៉ាង​ច្បាស់​ថា ពហុយោបល់​ រួម​ទាំង​ទស្សនៈ​រិះ​គន់​ គឺ​មាន​សារៈ​សំខាន់​ចំពោះ​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជាបន្ត​ថា អ្នក​រាយការណ៍​ពិសេស ​ពុំ​ធ្លាប់​បាន​សង្កត់​ធ្ងន់​ពី​ការ​អនុវត្ត​សិទ្ធិ​ដោយ​ភ្ជាប់​ជាមួយ​ករណីយកិច្ច​ ការ​ទទួល​ខុស​ត្រូវ​ពិសេស​ និង​ដែន​កំណត់​ដោយច្បាប់​​ដូច​មាន​ចែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​អន្តរជាតិស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។ ការ​ចាត់​ទុក​​ការ​អនុវត្ត​ច្បាប់​ថា​ ជា​រឹត​ត្បិត​សិទ្ធិ​សេរីភាព គឺ​ជា​ការ​បន្ទាបតម្លៃ​នៃ​នីតិរដ្ឋ និង​គោល​ការណ៍​អនុវត្ត​ស្មើ​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអ​ស់។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ថា៖ «វា​ជា​ការ​ចាំ​បាច់​ណាស់​ ដែល​អ្នក​រាយការណ៍​ពិសេស ​មិន​ត្រូវ​អនុវត្ត​ការងារ​លើស​ព្រំដែន​ នៃ​អាណត្តិ​របស់​ខ្លួន ដោយ​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​នូវ​ក្រម​ប្រតិបត្តិ​និង​សៀវភៅ​ណែនាំ​ស្ដី​ពីនីតិវិធី​ពិសេស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស»៕