សៀមរាបៈ ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា អង្គការ​ភ្លែន​អន្តរជាតិ បាន​ផ្តួចផ្តើម​គម្រោង «​ក្មេងស្រី​ដឹកនាំ​» រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០-១៨-២០២៣ ​ដោយ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​ ៣ ​គឺ​សៀមរាប ស្ទឹងត្រែង និង​រតនគិរី​ខណៈ​ក្មេងស្រី​នៅ​តែ​ទទួល​បាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​តិច​ជាង​ក្មេងប្រុស​។


លោក យេន យេប ក្លែនរេនស៊ីង្គ (Jan Jaap Kleinrensink) នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា គម្រោង​ក្មេងស្រី​ដឹកនាំ​ដែល​ចាប់ផ្តើម​អនុវត្ត​នេះ​នឹង​បំផុស​ឲ្យ​មាន​ការ​អនុវត្ត​ដែល​ជំរុញ​ការចូលរួម​របស់​ក្មេងប្រុស និង​ក្មេងស្រី ស្ត្រី​វ័យក្មេង​ និង​បុរស​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​កម្រិត​ផ្សេងៗ​នៅ​កម្ពុជា​។

លោក​បន្ដ​ថា​៖ «​គម្រោង​ក្មេងស្រី​ដឹកនាំ​នេះ យើង​ត្រូវ​អនុវត្ត​រយៈពេល​ ៥ ​ឆ្នាំ​ចំណាយ​ថវិកា​ចំនួន ២,៥ ​លាន​អឺរ៉ូ​ដល់​កុមារ​ប្រមាណ​ ៤០០០ ​នាក់​ដោយ​បង្កើន​សមត្ថភាព និង​លទ្ធភាព​ក្មេងស្រី​ដើម្បី​សិក្សា ចែករំលែក​បង្កើត​ និង​ដឹកនាំ​»​។


តាមរយៈ​គម្រោង​នេះ​ក្មេងស្រី និង​ក្មេងប្រុស​ក្នុង​ក្លឹប​កុមារ​ចំនួន ៥២ ស្ថិត​នៅ​ខេត្ត​រតនគិរី ស្ទឹងត្រែង និង​សៀមរាប​នឹង​រៀនសូត្រ​តាមរយៈ​កម្មវិធី​ជើងឯក​សម្រាប់​កម្ពុជា​ចែករំលែក​ចំណេះដឹង​របស់​ខ្លួន​តាមរយៈ​កម្មវិធី​ស្នូរ​ជួង​បង្កើត​សកម្មភាព​ជា​សមូហភាព​តាមរយៈ​ជំនួយ​ថវិកា​ខ្នាត​តូច​សម្រាប់​សមភាព​យេនឌ័រ និង​ដឹកនាំ​តាមរយៈ​ការធ្វើ​ជា​គំរូ និង​ការតស៊ូ​មតិ​នៅ​ថ្នាក់ឃុំ ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការចាប់ផ្តើម​អនុវត្ត​គម្រោង​ក្មេងស្រី​ដឹកនាំ​នេះ​នឹង​ទទួល​បាន​ការគាំទ្រ ហើយ​ជាមួយ​គ្នា​នេះ​យើង​នឹង​សហការ​គ្នា​កាត់បន្ថយ​បញ្ហា​ពាក់ព័ន្ធ​នឹង​យេនឌ័រ និង​ផ្តល់​លទ្ធភាព​ឲ្យ​កុមារ ជាពិសេស​កុមារ​ដែល​មិន​ទទួល​បាន​ការយក​ចិត្ត​ទុកដាក់ និង​ក្មេងស្រី​ឲ្យ​សម្រេច​បាន​សក្តានុពល​របស់​ខ្លួន​យ៉ាង​ពេញលេញ​»​។


ប្រទេស​កម្ពុជា​បាន​និង​កំពុង​សម្រេច​បាន​វឌ្ឍនភាព​យ៉ាង​ច្រើន​ក្នុង​ការ​កាត់បន្ថយ​នូវ​គម្លាត​យេនឌ័រ​នៅក្នុង​វិស័យ​ផ្សេងៗ​ជាច្រើន ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា ជាពិសេស​ទាក់ទង​នឹង​តួនាទី និង​ផ្នត់​គំនិត​យេនឌ័រ​។

ឧទាហរណ៍​ក្មេងស្រី​ត្រូវ​ទទួល​បន្ទុក​កិច្ចការ​ផ្ទះ​ជា​រៀងរាល់​ថ្ងៃ​។ ការសិក្សា​ឆ្នាំ ២០១៦ របស់​អង្គការ​ភ្លែន​រកឃើញ​ថា ក្មេងស្រី ៩៨% បាន​ប្រឡូក​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​។ ដូចគ្នា​នេះ​ដែរ​មាន​ក្មេងស្រី​កាន់​តែ​តិច​ដែល​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តមសិក្សា ហើយ​នៅ​តែ​មាន​ការយល់​ឃើញ​បែប​អវិជ្ជមាន​ចំពោះ​ស្ត្រី និង​ក្មេងស្រី​នៅ​ក្នុង​តួនាទី​ដឹកនាំ​។

លោក យេន យេប ក្លែនរេនស៊ីង្គ ​ថា​៖ «​ការ​រៀបការ​វ័យក្មេង​នៅ​តែ​បន្ត​កើត​មាន​ឡើង ជាពិសេស​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ អំពើហិង្សា​ក្នុង​គ្រួសារ កង្វះ​លទ្ធភាព​ចិញ្ចឹម​បីបាច់​កូន សុខភាព​ទន់ខ្សោយ និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ទាំង​ម្តាយ និង​កុមារ​កើត​មាន​ជាទូទៅ​ក្នុង​ចំណោម​ប្តី​ប្រពន្ធ​វ័យក្មេង​»​។

បើ​តាម​លោក យេន យេប ក្លែនរេនស៊ីង្គ កាលពី ៤ ​ឆ្នាំ​មុន​ក្មេងស្រី ពិសី ដែល​មាន​អាយុ ១៤ ​ឆ្នាំ​រស់នៅ​ក្នុង​ស្រុក​តាវែង ខេត្ត​រតនគិរី​គ្មាន​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​ជាមួយ​សិស្ស​ប្រុសៗ​ក្នុង​ថ្នាក់​ឡើយ ក្រៅ​តែ​ពី​ការរៀន​ថ្នាក់​ជាមួយ​គ្នា និង​មាន​គ្រូបង្រៀន​តែ​មួយ​។

បច្ចុប្បន្ន ពិសី និង​មិត្តភក្តិ​ស្រីៗ​របស់​គាត់​ដូចជា គង្គា និង រ៉ុច បាន​ទទួល​ចំណេះដឹង​ស្តីពី​សិទ្ធិ​កុមារ និង​សមភាព​យេនឌ័រ​ព្រម​ទាំង​សហការ​យ៉ាង​សកម្ម​ជាមួយ​មិត្តភក្តិ​ប្រុសៗ​ក្នុង​វេទិកា​ក្លឹប​កុមារ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​ឱកាស​រៀនសូត្រ​ស្មើគ្នា​សម្រាប់​ក្មេងស្រី និង​ក្មេងប្រុស​ដែល​គាំទ្រ​ក្មេងស្រី​ឲ្យ​ទទួល​បាន​ឱកាស​រៀន​សូត្រ​បាន​យូរ​អង្វែង​។

យុវតី សារិទ្ធ តំណាង​ក្លឹប​កុមារី​អ្នក​ដឹកនាំ​នៅ​ខេត្ដ​សៀមរាប​បាន​ថ្លែង​ថា គម្រោង​នេះ​ពិតជា​ល្អ ព្រោះ​បាន​ផ្ដល់​ឱកាស​ដល់​កុមារី​ជាច្រើន និង​លើក​កម្ពស់​កុមារី​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​ដឹកនាំ​នៅក្នុង​សហគមន៍ និង​ប្រទេសជាតិ​។

យុវតី​វ័យ ១៧ ឆ្នាំ​រូប​នេះ​បាន​បន្ដ​ថា​៖ «​គម្រោង​នេះ​បាន​ជួយ​ឲ្យ​កុមារី​អាច​អភិវឌ្ឍ​ខ្លួនឯង​ធ្វើ​ឲ្យ​កុមារី​ដឹង​ថា ខ្លួនឯង​ខ្លាំង​មិន​ចាញ់​បុរស​នោះ​ទេ គឺ​មាន​សមត្ថភាព និង​សិទ្ធិ​ស្មើគ្នា​ជាមួយ​កុមារា​ដែរ​»​។

សារិទ្ធ បន្ថែម​ថា ឪពុកម្ដាយ​តែង​លើក​ឡើង​ថា​ស្ដ្រី​បង្វិល​ចង្ក្រាន​មិន​ជុំ កូនស្រី​កុំ​ប្រឹង​រៀន​ច្រើន​ពេក​រៀន​ច្រើន​នាំ​តែ​ចេះ សរសេរ​សំបុត្រ​ស្នេហា​ជាដើម​។ «​អ៊ីចឹង​តាមរយៈ​គម្រោង​នេះ​បាន​ធ្វើឲ្យ​កុមារី​មាន​ភាព​ក្លាហាន មិន​ឲ្យ​កុមារី​មាន​ភាព​ភ័យខ្លាច​ដូច​កាលពី​មុន និង​ធ្វើឲ្យ​កុមារី​ហ៊ាន​ចូលរួម​ចំពោះ​កិច្ចការងារ​ផ្សេងៗ​នៅក្នុង​សង្គម​ថែម​ទៀត​»៕