ភ្នំពេញៈ អង្គការ Wildlife Alliance កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន​រយៈពេល ៨ ឆ្នាំ​នៃ​ការអនុវត្ត​គម្រោង​ដោះលែង​សត្វព្រៃ​ចូលទៅក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ។


គម្រោង​នេះ​សហការ​អនុវត្ត​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ និង​អង្គការ Wildlife Alliance។

អង្គការ Wildlife Alliance បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា តាមរយៈ​កិច្ចសហការ​ចាប់តាំងពី​ឆ្នាំ ២០១៣ មក គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ក្នុង​ការដោះលែង​សត្វ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បាន​ជាច្រើន​ប្រភេទ​ដែលមាន​ចំនួន ៤០ ក្បាល​រួមទាំង​សត្វ​ដែល​រង​ការគំរាមកំហែង​ផងដែរ។


លោក Nick Marx នាយក​ផ្នែក​សង្គ្រោះ និង​ថែទាំ​សត្វព្រៃ​នៃ​អង្គការ Wildlife Alliance ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចំណីអាហារ​មិនមែន​ជា​រឿង​តែមួយគត់ ដែល​ធ្វើឱ្យ​ព្រៃ​នៃ​ឧទ្យាន​អង្គរ​ក្លាយ​ជា​ទីជម្រក​ដ៏ល្អ​សម្រាប់​សត្វព្រៃ​នោះទេ។

លោក​ថ្លែងថា៖ «ព្រៃ​ព័ទ្ធជុំវិញ​តំបន់​អង្គរ គឺជា​ជម្រក​ដ៏ល្អឥតខ្ចោះ និង​ផ្តល់នូវ​ជម្រក​សុវត្ថិភាព​ដែល​ត្រូវការ​ជា​ចាំបាច់ សម្រាប់​ប្រភេទ​សត្វ​ដែល​ត្រូវគេ​ធ្វើ​ទុក្ខបុកម្នេញ»។


សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា សត្វ​ទាំងអស់​ដែល​ត្រូវបាន​ដោះលែង នៅក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ​មាន​ឱកាស​ជា​លើក​ទី​ពីរ សម្រាប់​ជីវិត​ក្នុងព្រៃ ដែល​សត្វព្រៃ​ទាំងនោះ​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា បន្ទាប់ពី​ការស្តារ​នីតិសម្បទា​នៅ​មជ្ឈមណ្ឌល​ជួយសង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ភាគច្រើន​នៃ​សត្វព្រៃ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ត្រូវ​បាន​ដោះលែង​ជា​បន្តបន្ទាប់​ទៅក្នុង​ជម្រក​ដែលមាន​ការការពារ​ល្អ ដូចជា​ព្រៃ​នៃ​រមណីយដ្ឋាន​អង្គរ​ជាដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ឆ្នាំមុន​កត់សម្គាល់​ព្រឹត្តិការណ៍​សំខាន់​មួយទៀត សម្រាប់​គម្រោង​នេះ​ជាមួយ​នឹង​ការព្រលែង​សត្វ​ឆ្មាព្រៃ និង​ប្រភេទ​បក្សី​ព្រៃ​ជា​លើកទីមួយ។ សត្វ​កេងកង​តូច​មួយគូ​ឥឡូវនេះ បាន​ហើរ​នៅ​ជុំវិញ​ព្រៃ​នៃ​ឧទ្យាន​អង្គរ និង​មាន​គម្រោង​ព្រលែង​សត្វ​កេងកង​តូច​បន្ថែមទៀត។

អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ បាន​អំពាវនាវ​ដល់​សាធារណជន ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ ចៀសវាង​ពេល​ប្រទះឃើញ​មាន​បំណង​មិនល្អ និង​ចៀសវាង​ការផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ ដើម្បី​ឲ្យ​សត្វព្រៃ​ទាំងអស់​នោះ​បន្ត​វត្តមាន​នៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​និង​បង្កើន​ចំនួន​បន្ថែមទៀត។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២ ខែ​ឧសភា​នេះ​ថា គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ល្អប្រសើរ​ទៅ​លើ​កិច្ចការងារ​ដោះលែង​សត្វព្រៃ ហើយ​អ្វីៗ​ដែល​បានធ្វើ​រួមគ្នា​នេះ​បាន​ចូលរួម​ក្នុង​ការលើកកម្ពស់​ប្រភេទ​សត្វព្រៃ នៅក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ។

លោក​ថ្លែងថា៖ «យើង​នៅ​បន្ត​កិច្ចសហប្រតិបត្តិការ (គម្រោង​ព្រលែង​សត្វព្រៃ) ទៅតាម​លទ្ធភាព​ជាក់ស្តែង ហើយ​ទៅ​តាម​អ្វីដែល​យើង​គិតថា នឹង​អាច​ដំណើរការ​ទៅ​បាន ជាពិសេស​យើង​ត្រូវ​ពិនិត្យ​មើល​ជារួម ថា​តើ​សត្វព្រៃ​អ្វីដែល​នឹង​ត្រូវ​យកមក​ព្រលែង​បន្ថែម។ អ្វី​ដែល​យើង​នឹងត្រូវ​បន្ត​ចំពោះមុខ​ជាក់ស្តែង​គឺ​ការរៀបចំ (ព្រលែង) ទោច​ម្កុដ​ហ្នឹងឯង»៕