ព្រះសីហនុ: អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​ (WCS) និង​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ឧទ្យាន​សត្វព្រៃ​សិង្ហបុរី ​(Wildlife Reserves Singapore-WRS) ​នៅ​ថ្ងៃទី​ ២៨ ​ខែ​មករា​ បាន​លែង​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​ចំនួន​ ១០ ​ក្បាល ​ដែល​ជិត​ផុត​ពូជ​ឱ្យចូល​ក្នុង​ព្រែក​ស្រែអំបិល​ក្នុង​ឃុំ​ចំការហ្លួង ស្រុក​កំពង់សិលា ។


លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​ក្រសួងកសិកម្ម​ថ្លែង​ពី​ម្សិលមិញ​ថា ការលែង​អណ្តើក​ហ្លួង​នេះ​គឺជា​លទ្ធផល​កិច្ចប្រឹងប្រែង​រយៈពេល​ជិត​ ២ ​ទសវត្សរ៍​ក្នុង​ការការពារ​សម្បុក​អណ្តើក ការយកចិត្ត​ទុកដាក់​មើលថែទាំ​កូនអណ្តើក​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​កោះកុង និង​ការការពារ​សត្វ​អណ្តើក​នៅក្នុង​សហគមន៍​តាម​ដងព្រែក​ស្រែអំបិល​ដែល​គាំទ្រ​ដោយ WRS និង​ដៃគូ​មួយ​ចំនួន​ទៀត​។

លោក​បន្តថា វា​ជា​ការដោះលែង​អណ្តើក​ហ្លួង​លើក​ទី​៥ ឱ្យ​ចូល​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​បន្ទាប់ពី​ការលែង​លើក​ទី​១ ក្នុង​ឆ្នាំ​ ២០១៥ លើក​ទី​២ ឆ្នាំ​ ២០១៧ លើក​ទី​៣ ឆ្នាំ​ ២០១៩ លើក​ទី​៤ ឆ្នាំ​ ២០២០ និង​លើក​ទី​៥ ឆ្នាំ​ ២០២១ ដែល​សរុប​ទាំង​ ៥ ​លើក​មាន​ចំនួន ៩៦ ​ក្បាល​។ លោក​បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចការ​ស្តារ​ប្រភេទ​អណ្តើក​នេះ ព្រមទាំង​ក្រើនរំឭក​ដល់​បុគ្គល​មួយចំនួន​ដែល​នៅតែ​បន្ត​ជួញដូរ​ប្រភេទ​សត្វ​នេះ​នឹងត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់​។


លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​រីករាយ​ចំពោះ​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន ជាពិសេស​អង្គការ WCS ដែល​បាននិង​កំពុង​ស្តារ​ប្រភេទ​សត្វ​អណ្តើក ដែល​កំពុង​រងគ្រោះ​នេះ​ឱ្យ​មាន​វត្តមាន​ក្នុង​ដែនទឹក​ធម្មជាតិ​នៅ​តំបន់​នេះ​ឡើងវិញ​»​។

លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​អណ្តើក​ហ្លួង​នៃ​អង្គការ WCS ថ្លែងថា អណ្តើក​ហ្លួង​ទាំង ១០ ​ក្បាល​ (​ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Southern River Terrapin ដែល​បាន​លែង​នេះ​ត្រូវ​បាន​ក្រុម​អភិរក្ស​ប្រមូលយក ក្រោយពី​វា​បាន​ញាស់​នៅក្នុង​សម្បុក​របស់​វា នៅ​តាម​ដងព្រែក​ស្រែអំបិល និង​ព្រែក​កំពង់លើ​ស្ថិត​ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ​ចន្លោះ​ពី​ឆ្នាំ​ ២០០៦ ដល់​ឆ្នាំ​ ២០១៥​។


បន្ទាប់មក​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​កោះកុង ដើម្បី​ចិញ្ចឹម​ថែទាំ​ឱ្យ​ធំ​លូតលាស់ មុនពេល​លែង​ឱ្យ​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។

លោក​បញ្ជាក់​ថា​៖ «​អណ្តើក​ប្រភេទ​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​អណ្តើក​ទឹកសាប និង​អណ្តើក​គោក​ចំនួន ២៥ ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ វា​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​បំផុត និង​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​ល្មូន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដែល​បាន​កំណត់​ក្នុង​ព្រះរាជក្រឹត្យ​ឆ្នាំ​ ២០០៥»​។

បើ​តាម​លោក សោម ស៊ីថា ដោយសារ​មានការ​នេសាទ​ខុសច្បាប់ ការធ្វើ​អាជីវកម្ម​ហួសហេតុ ការបាត់បង់​ទីជម្រក និង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៅក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទីជម្រក និង​ការបង្ក​កំណើត​របស់​សត្វ​អណ្តើក​ប្រភេទ​នេះ ដែល​គេ​រកឃើញ​មាន​វត្តមាន​តែ​នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ស្ថិត​នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថ្លែងថា សហភាព​អឺរ៉ុប បាននិង​កំពុង​ផ្តល់​មូលនិធិ​គាំទ្រ​គម្រោង​អភិរក្ស​សត្វព្រៃ ដើម្បី​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​ការពារ​សម្បុក​អណ្តើក​ហ្លួង និង​កន្ធាយ​ក្បាល​កង្កែប​តាមរយៈ​អង្គការ WCS ជា​អ្នកអនុវត្ត​គម្រោង សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សហគមន៍​មូលដ្ឋាន​។ «​យើង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ WCS ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ការពារ និង​អភិរក្ស​អណ្តើក​ហ្លួង ហើយ​វា​បាន​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់​នៃ​ការការពារ​ធនធាន​ជីវចម្រុះ​ដ៏សម្បូរបែប​របស់​កម្ពុជា​»​។

លោក Sonja Luz នាយក​ឧទ្យាន​សត្វព្រៃ​សិង្ហបុរី​ (Wildlife Reserves Singapore-WRS) ​ថ្លែងថា​នេះ​គឺជា​លទ្ធផល​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​រដ្ឋបាល​ជលផល និង​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ដែល​បាន​ប្រឹងប្រែង​ធ្វើការ​រួម​គ្នា​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ប្រភេទ​សត្វ​អណ្តើក​នេះ​កុំឱ្យ​វិនាស​ផុត​ពូជ​។

លោក​បន្តថា​៖ «​វា​ជា​ការលើក​ទឹកចិត្ត​ដ៏ធំ​មួយ​សម្រាប់​ពួកយើង ដោយ​ឃើញ​គម្រោង​នេះ​សម្រេចបាន​លទ្ធផល​ល្អ​ចាប់តាំងពី​ឆ្នាំ​ ២០១៥ រហូត​មក​ដល់​ពេលនេះ ជាក់ស្តែង​អណ្តើក​ហ្លួង​ជិត​ ១០០ ​ក្បាល ​ត្រូវបាន​លែង​ចូល​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​»៕