កណ្ដាល: អំពូល​ភ្លើង​ប្រើ​សូឡា​ចំនួន​ ១ ​ពាន់​គ្រឿង​ ត្រូវ​បាន​អភិបាល​ខេត្តកណ្តាល​ប្រកាស​ផ្ដល់ជូន​រដ្ឋបាល​នៅ​ក្រុង​តាខ្មៅ ​សម្រាប់​បំពាក់​បំភ្លឺ​ផ្លូវ​សំខាន់ៗ​​ដើម្បី​បម្រើ​ប្រយោជន៍​រួមទាំង​​ពង្រឹង​យន្តការ​សុវត្ថិភាព និង​ការអនុវត្ត​គោលនយោបាយ ​ភូមិ ឃុំ មាន​សុវត្ថិភាព ខណៈ​លោក​គ្រោង​ប្រគល់​អំពូល​បន្ថែមទៀត​ទៅឱ្យ​រដ្ឋបាល​ស្រុក​នានា​ក្នុង​ខេត្ត​នេះ​។


លោក​ គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការផ្តល់​អំពូល​ប្រើ​សូឡា​ ១ ​ពាន់​គ្រឿង រួមទាំង​បង្គោល​​អំពូល​ឱ្យ​រដ្ឋបាល​ក្រុង​តាខ្មៅ​នេះ​​គឺ​សម្រាប់​បំពាក់​បំភ្លឺ​ផ្លូវ​សំខាន់ៗ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ក៏ដូចជា ពង្រឹង​យន្តការ​សុវត្ថិភាព និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។

លោក​បន្តថា អំពូល​ប្រើ​សូឡា​ទាំង​ ១ ​ពាន់​គ្រឿង​នេះ ​គឺ​រដ្ឋបាល​ខេត្តកណ្ដាល​បានទទួល​ពី​សប្បុរសជន​នានា និង​ប្រើ​ថវិកា​រដ្ឋបាលខេត្ត​ខ្លះ ដើម្បី​ទិញ​មកប្រើប្រាស់​។ ​ក្រៅពី​ក្រុង​តាខ្មៅ រដ្ឋបាលខេត្ត​នឹង​ប្រគល់​ជូនទៅ​រដ្ឋបាល​ស្រុក​ផ្សេងៗ​ក្នុង​ខេត្ត​កណ្ដាល​ទាំងមូល​ផងដែរ ដើម្បី​ឱ្យ​អាជ្ញាធរ​បំពាក់​នៅតាម​ផ្លូវ​ថ្នល់​សំខាន់ៗ​ក្នុង​មូលដ្ឋាន​។


លោក គង់ សោភ័ណ្ឌ បាន​​បញ្ជាក់ថា​៖ «​ប្រសិនបើ​មាន​អំពូល​ភ្លឺ​គ្រប់គ្រាន់​ហើយ គឺ​យើង​នៅ​គិតគូរ​ដាក់​កាមេរ៉ា​សុវត្ថិភាព​​បន្ថែមទៀត​ដើម្បីឱ្យ​កាន់តែ​​មាន​សុវត្ថិភាព​។ លើស​ពី​នេះ​យើង​គិតគូរ​ដល់​សមត្ថកិច្ច​អាជ្ញាធរ​ដែល​គាត់​ដើរ​យាមកាម​ពេលយប់ បើ​យើង​មាន​អំពូល​បំភ្លឺ​គ្រប់គ្រាន់​ហើយ​យើង​មាន​កាមេរ៉ា​សុវត្ថិភាព​ទៀត​គឺ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នានា​នឹង​មិន​អាច​គេច​រួច​ពី​ច្បាប់​យើង​បានទេ​»​។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុង​តាខ្មៅ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បានទទួល​អំពូល​ប្រើ​សូឡា​ពី​រដ្ឋបាល​ខេត្តកណ្ដាល​មួយចំនួន​ហើយ ដោយ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​បំពាក់​តាម​ទីប្រជុំជន អាទិភាព​មុន​។ ប្រសិន​នៅ​សេសសល់​អំពូល​ច្រើន មន្ត្រី​នឹង​បំពាក់​តាមផ្លូវ​លំ​ដែល​មិនទាន់​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​។


លោក​បន្តថា បច្ចុប្បន្ន​ក្រុង​តាខ្មៅ​មាន​អំពូល​ស្រាប់​ហើយ ប៉ុន្ដែ​នៅ​កន្លែង​ខ្លះ​មិនសូវ​ភ្លឺ​ច្បាស់​ល្អ ទើប​រដ្ឋបាលខេត្ត​បាន​ប្រគល់ជូន​បន្ថែមទៀត​ដើម្បី​បំពាក់​នៅ​ទីតាំង​ខ្វះខាត​ទាំងនេះ​។ ​លោក​ថា​៖ «​កន្លងមក​យើង​មាន​អំពូល​ច្រើនតែ​អំពូល​កន្លែង​​ខ្លះ​មិនសូវ​ភ្លឺ​ច្បាស់ កន្លែង​ខ្លះ​អំពូល​ខូច អ៊ីចឹង​យើង​យក​វា​ទៅ​ដោះដូរ​ដាក់​ថ្មី​»​។

លោក ហេង សេងឡាយ អាយុ ២៥ ​ឆ្នាំ​ ជា​ពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ​បាន​និយាយ​ពី​ម្សិលមិញ​ថា លោក​បានឃើញ​អាជ្ញាធរ​ចុះ​ពិនិត្យមើល​អំពូល និង​បង្គោល​ភ្លើង​អម​តាម​ដងផ្លូវ​ដែរ ប៉ុន្ដែ​លោក​មិនទាន់​ដឹង​មន្ត្រី​ជំនាញ​យក​អំពូល​ថ្មី​មក​ដាក់​នៅពេលណា​ទេ​។ ប៉ុន្តែ​លោក​សង្ឃឹមថា អាជ្ញាធរ​នឹងដាក់​អំពូល​ថ្មី​ឆាប់ៗ​នេះ ព្រោះ​តំបន់​ដែល​លោក​កំពុង​រស់នៅ​មាន​​កន្លែង​ខ្លះ​ងងឹត​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ការសប្បាយ​រីករាយ នៅពេល​ដែល​​បានឮ​ដំណឹង​ថា​អាជ្ញាធរ​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ពេលយប់ ព្រោះ​តំបន់​ដែល​ខ្ញុំ​រស់នៅ​នេះ គឺ​កន្លែង​ខ្លះ​មាន​អំពូល ហើយ​កន្លែង​​ខ្លះទៀត​នៅ​ងងឹត​។ អ៊ីចឹង​បើ​អាជ្ញាធរ​គាត់​ដាក់​ភ្លើង​មក បាន​បំភ្លឺ​ផ្លូវ​ពេលយប់ ព្រោះ​ពលរដ្ឋ​យើង​ខ្លះ​គាត់​ធ្វើ​ការងារ​ចេញ​​មក​ផ្ទះ​នៅពេល​យប់ៗ​អី គឺ​បាន​ភ្លើង​ភ្លឺ​តាមផ្លូវ​»៕