លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្ក្រោះជាតិបានបរាជ័យក្នុងការជិះយន្តហោះមកប្រទេស ថៃ កាលពីថ្ងៃម្សិលមិញ មុនបន្តដំណើររបស់លោកមកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា។
លោកលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បដិសេធមិនឲ្យលោកជិះយន្តហោះនោះទេ ដោយសារមានបញ្ជាពីថ្នាក់ «ខ្ពស់មែនទែន»។
ក៏ប៉ុន្តែភ្នាក់ងារលក់សំបុត្រក្រុមហ៊ុន Thai Airways បានប្រាប់សារព័ត៌មាន ញូវយ៉កថាម៍ ថា លោក សម រង្ស៊ី មិនបានកក់សំបុត្រដែលធ្វើឲ្យមានសុពលភាពពេញលេញទេ ដោយសារកៅអីសម្រាប់ថ្ងៃទី ៧ វិច្ឆិកា នោះត្រូវបានគេកក់មុនពេញអស់ហើយ ហើយក្រុមហ៊ុនបានបង្វិលពេលធ្វើដំណើរទៅថ្ងៃសៅរ៍ទី ៩ វិញ។
ប៉ុន្តែលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃនេះថា ការដែលលោក សម រង្ស៊ី អះអាងថា មានការរារាំងដំណើររបស់លោកមិនឲ្យមកកម្ពុជាដោយក្រុមហ៊ុន Thai Airways នោះគ្រាន់តែជាការលាងខ្លួន ប៉ុណ្ណោះ។
លោកថា បើលោក សម រង្ស៊ី ពិតជាចង់ចូលមកមែន លោកអាចហោះចេញពីកូរ៉េខាងត្បូង ឬ ពីជប៉ុន ដោយហោះត្រង់មកតែម្ដង។
លោកថ្លែងយ៉ាងដូច្នេះថា៖ «នេះគាត់គ្រាន់តែចង់បង្ហាញថា គាត់ចង់មកដែរ តែមកមិនកើតដោយសារតែមានការហាមឃាត់ពីសំណាក់ប្រទេសសមាជិកអាស៊ាន ហើយម្យ៉ាងទៀតដោយសារតែរដ្ឋាភិបាលបានបិទក្រុមហ៊ុនអាកាសចរណ៍នានាមិនឲ្យដឹកគាត់។ អ៊ីចឹងហើយបានគាត់បានយកលេសនោះធំមែនទែន តាមពិតគាត់មិនមកទេ»។
លោក សុខ ទូច បានលើកជាឧទាហរណ៍ ករណីលោកស្រី មូរ សុខហួរ ដែលម៉ាឡេស៊ីបានចាប់ ដោយថ្លែងថា៖ «បើសិនគាត់ចិត្តសឿង ដូច មូរ សុខហួរ អី បើម៉ាឡេស៊ីចាប់ហើយ សុំឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនមកស្រុកខ្មែរវិញ កុំបញ្ជូនទៅអាមេរិក ដើម្បីបង្ហាញថាខ្លួនសុខចិត្តបាត់បង់សិទ្ធិសេរីភាព បាត់បង់អាយុជីវិត តបទៅតាមអ្វីដែលបាននិយាយ»។
លោកថ្លែងថា ម៉ាឡេស៊ី អាចបញ្ជូនលោកស្រី មូរ សុខហួរ មកស្រុកខ្មែរបាន សិនលោកស្រីស្នើសុំ ទោះបីជាគ្មាន អនុសារណ:យោគយល់គ្នារឿងបញ្ជូនអ្នកទោសនយោបាយក៏ដោយ។
អ្នកវិភាគបញ្ហាសង្គម លោក មាស នី យល់ថា លទ្ធភាពលោក សម រង្ស៊ី ចូលមកស្រុកខ្មែរមានតិចណាស់។
លោកថា បើមកបាន គឺមកត្រឹមប្រទេសជិតខាង តែទីបំផុត គេនឹងមិនអនុញ្ញាតឲ្យគាត់ចូលកម្ពុជាដដែល ព្រោះសមាជិកអាស៊ានរក្សាចង់បង្ហាញជំហរមិនជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ដែលស្ដែងឡើងតាមរយៈការមិនឲ្យលោក សម រង្ស៊ី ចូលនេះតែម្ដង។
លោកថ្លែងថា៖ «លោក សម រង្ស៊ី គិតថានេះមិនមែនជាជម្រើសទេ តែគាត់ត្រូវតែបង្ហាញការប្ដេជ្ញាចិត្តចូល រឿងចូលបានមិនបានគឺជាមូលហេតុសម្រាប់ប្រាប់អ្នកគាំទ្ររបស់គាត់»។
លោក មាស នី យល់ថា ការវិវត្តចុងក្រោយនេះ រដ្ឋាភិបាលបានយកប្រៀបគ្រប់គ្រាន់ខាងកម្លាំងសម្រាប់ត្រៀមក្នុងការវិលត្រឡប់វិញ តែបើប្រៀបក្នុងឆាកនយោបាយវិញ អតីតគណបក្សប្រឆាំងហាក់មានប្រៀបជាង ព្រោះអ្វីដែលលោក សម រង្ស៊ី ធ្វើនៅពេលនេះចំពេលដែលសហគមន៍អន្តរជាតិកំពុងតាមមើលលើវិបត្តិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នយោបាយស្រុកខ្មែរ ជាពិសេសដំណើរការ EBA។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ យល់ថារឿងលោកសម រង្ស៊ី បានកក់សំបុត្រយន្តហោះឬមិនបានកក់នោះ វាមិនសំខាន់ទេ អ្វីដែលជាបញ្ហាគឺការវិលត្រឡប់របស់លោកត្រូវបានរារាំងដោយ«ជញ្ជាំង»ផលប្រយោជន៍របស់ថៃ។
លោកថា៖ «ទោះយ៉ាងណា ជម្លោះរវាងលោក(សម រង្ស៊ី) និងលោកនាយករដ្ឋមន្ត្រី នៅតែមានតទៅទៀត ឥតឈប់»៕